អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល​កំពុង​ចោទថា​រដ្ឋបាល​លោក អូ​បា​ម៉ា ក្បត់​ខ្លួន ?
26, Dec 2016 , 11:59 pm        
រូបភាព
​ការមិន​ប្រើប្រាស់​សិទ្ធិ​វេតូ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​រាប់សិប​ដង​មកហើយ​ដើម្បី​ការពារ​អ៊ីស្រាអែល​នោះ  បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ចោទ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា «​ក្បត់​អ៊ីស្រាអែល​»​។ អ៊ីស្រាអែល​ក៏​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ការទូត​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​គាំទ្រ​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។​



​អ៊ីស្រាអែល​បាន​កោះហៅ​មន្ត្រី​ទូត​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​​មកជួបនិងសួរនាំ​ផងដែរ ក្រោយ​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​សប្តាហ៍​មុន​។​

​គេ​ដឹង​ច្បាស់​ថា អ៊ីស្រាអែល​កោះហៅ​មក​ប្រាប់ថា​ខ្លួន​មិន​ពេញចិត្ត និង​ត្រៀមលក្ខណៈ​តបត​តាម​ដែល​អាចធ្វើ​បានដែរ​។ អ៊ីស្រាអែល​គំរាម​សងសឹក​ដោយ​ប្រើប្រាស់​វិធានការ​ការទូត​និង​សេដ្ឋកិច្ច​ដើម្បី​ប្រឆាំង​ប្រទេស​ណា​ដែល​គាំទ្រ​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​។ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ត្រូវបាន​នាយ​រដ្ឋមន្ត្រី ប៊ិន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ ប្រាប់​ឲ្យ​ត្រៀមលក្ខណៈ​កាត់បន្ថយ​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​ផងដែរ​។​

​បញ្ហា​នៅពេលនេះ​មិនមែនជា​ទំនាក់ទំនង​ជាមួយ​អាមេរិក ឬ​អង្គការសហប្រជាជាតិ​ទេ តែ​ជា​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​ជាមួយ​ពិភពលោក​ទាំងមូល​។ តើ​អ៊ីស្រាអែល​សុខចិត្ត​រស់នៅ​ម្នាក់ឯង ក្នុង​ភាព​ឯកោ​ហើយ​បន្តសកម្មភាព​សង់​លំនៅដ្ឋាន​ខុសច្បាប់​លើដី​ប៉ា​ឡេ​ស្ទី​ន ទាំង​ដែល​ពិភពលោក​ទាំងមូល​មើល​ឃើញថា​ខុស​ឬ​? តើ​សំណង់​ខុសច្បាប់​និង​ទន្ទ្រាន​លើទឹក​ដី​គេ​នោះ​ពិតជា​មានតម្លៃ​ខ្លាំង​ជាង​ទំនាក់ទំនង​ជាមួយ​ពិភពលោក​មែន​ទេ​?

-​រដ្ឋបាល​លោក អូ​បា​ម៉ា មាន​ចេតនា​អនុញ្ញាត​ឲ្យ​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ចេញ​បាន​
​សហរដ្ឋអាមេរិក​មិនបាន​ប្រើប្រាស់​បុព្វសិទ្ធិ​ការទូត​ខ្លួន​ការពារ​អ៊ីស្រាអែល​នោះបាន​ក្លាយជា​រឿងចម្រូងចម្រាស​ខ្លាំង​។ រដ្ឋាភិបាល​អ៊ីស្រាអែល​ខឹងសម្បារ​ក្រុង​វ៉ាស៊ីនតោន​ជាខ្លាំង ហើយ​ថែមទាំង​បាន​ទិតៀន​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឥតមាន​សំចៃមាត់​ឡើយ​។

​ជាការ​ពិត អាមេរិក​អាច​ប្រើប្រាស់​សិទ្ធិ​ជំទាស់​បាន​ដើម្បី​ទាត់ចោល​ដំណោះស្រាយ​ដែល​ទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការសង់​សំណង់​ដ្ឋា​ន​ខុសច្បាប់​លើទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​។ តែ​រដ្ឋបាល​លោក អូ​បា​ម៉ា មិន​ចង់​ប្រើប្រាស់​សិទ្ធិ​នេះឡើយ ព្រោះ​វា​មិន​សមរម្យ​ទាំង​គោលការណ៍​សីលធម៌​និង​ផ្លូវច្បាប់​។

​ដើមឡើយ អេ​ហ្ស៊ី​ប​ជា​អ្នក​ព្រាង​ដំណោះស្រាយ​នេះ ប៉ុន្តែ​រដ្ឋ​មួយ​នេះ​សុខចិត្ត​ដក​មកវិញ​ក្រោយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ទូរ​សព្ទ​ទៅ​សួរនាំ និង​ស្នើ​ឲ្យ​ដក​ដំណោះស្រាយ​នេះ​ចេញ​។ អេ​ហ្ស៊ី​ប​មិន​ខ្វល់​ពី​រដ្ឋបាល​អូ​បា​ម៉ា​ឡើយ ព្រោះ ដូ​ណា​ល់ ត្រាំ ឯណោះ​ទេ​នឹងត្រូវ​ដឹកនាំ​អាមេរិក​ក្នុង​រយៈពេល ៤​ឆ្នាំ​ទៅមុខ​យ៉ាងតិច​។ ហើយ​សម្រាប់​អេ​ហ្ស៊ី​ប ប៉ា​ឡេ​ស្ទី​ន​ក៏​មិនមាន​តម្លៃ​អ្វី​ច្រើន​ដូច​អ៊ីស្រាអែល​ដែរ​។ ដូច្នេះ ដក​ដំណោះស្រាយ​ចេញ​ដើម្បី​កុំ​ឲ្យ​មានរឿង​ហ្មងសៅ​ទៅ​ថ្ងៃមុខ​។​

​សូម​និយាយ​រឿង​ដំណោះស្រាយ​នេះ​បន្តទៀត​។ ក្រោយ​អេ​ហ្ស៊ី​ប​ដក​សេចក្តីព្រាង​ដំណោះស្រាយ​ហើយ ប្រទេស​ម៉ាឡេស៊ី សេ​ណេ​ហ្កា​ល់ ណូ​វែ​ល​សេ​ឡង់ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បានដាក់​សេចក្តីព្រាង​ដំណោះស្រាយ​របស់ខ្លួន​វិញ​ម្តង​ចូលក្នុង​របៀបវារៈ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាសន្តិសុខ​។ ក្នុងចំណោម​ប្រទេស​សមាជិក​ទាំង ១៥  ប្រទេស ១៤​រួមទាំង​សមាជិក​អចិន្ត្រៃយ៍ ៤​ផង​នោះបាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ ខណៈ​មន្ត្រី​ទូត​អាមេរិក​លោកស្រី Samantha Power សុខចិត្ត​មិន​លើកដៃ​បោះឆ្នោត​ប្រឆាំង​ដែល​មានន័យថា​អាមេរិក​បោះឆ្នោត​អនុប្បវាទ​។ 

-​រដ្ឋបាល​អូ​បា​ម៉ា ក្បត់ អ៊ីស្រាអែល​
​ក្រោយ​ការបោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ អ៊ីស្រាអែល​ក្តៅស្លឹកត្រចៀក​ខ្លាំង​ដែល​អាមេរិក​មិន​ស្តាប់បង្គាប់​ខ្លួន ហើយ​រដ្ឋាភិបាល​នេះ​ហ៊ាន​ចោទថា «​រដ្ឋបាល​លោក អូ​បា​ម៉ា កំពុង​ក្បត់​អ៊ីស្រាអែល​»​។ ប្រធានាធិបតី អូ​បា​ម៉ា ដែល​នៅសល់​ពេល​មិន​ដល់​មួយខែ​ស្រួលបួល​ក្នុង​តំណែង​នោះ មិនបាន​ឈឺក្បាល​វិលមុខ​អ្វី​ឡើយ​ព្រោះ​លោក​កំពុង​លំហែកាយ​នៅ​រដ្ឋ​ហា​វ៉ៃ​ឯណោះ​។ លោក​ដឹង​មុន​ថា អ៊ីស្រាអែល​ប្រាកដជា​ជេរប្រមាថ​លោក​ច្រាស​ឆ្អេះ តែ​លោក​មិន​ខ្វល់​ឡើយ​ព្រោះ​វា​ជា​សារ​ព្រមាន​សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​តែង​អាងខ្នង​អាមេរិក​។

 «​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន យើង​មិនមាន​មន្ទិលសង្ស័យ​ទេ​ដែលថា​រដ្ឋបាល អូ​បា​ម៉ា ផ្តួចផ្តើមឡើង​។​នៅ​ពីក្រោយ ហើយក៏​សហការ​ជាមួយ​ក្រុម​ប្រទេស​ដទៃទៀត​ដើម្បី​រៀបចំ​ចងក្រង​ដំណោះស្រាយ​និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​វា​ត្រូវអនុម័ត​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​និង​ជា​រដ្ឋមន្ត្រី​កាបរទេស បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ (Bejamin Netanyahu) ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​របស់ខ្លួន​។ ជំហរ​រដ្ឋបាល​លោក អូ​បា​ម៉ា បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការប្រែប្រួល​នៃ​ទំនាក់​ទំនងជា​លក្ខណៈ​ប្រពៃណី​រវាង អ៊ីស្រាអែល​និង​អាមេរិក​។

​តាំងពី​អ៊ីស្រាអែល​ប្រកាស​ឯករាជ្យ អាមេរិក​ប្រឹង​ប្រែ​ការពារ​អ៊ីស្រាអែល​តាមផ្លូវ​ការទូត និង​ផ្តល់​លុយកាក់​និង​សព្វាវុធ​ផង​ដើម្បី​ជួយ​អ៊ីស្រាអែល​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​។ អ៊ីស្រាអែល​មាន​ឥទ្ធិពល​ខ្លាំង​លើ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក ដោយសារ​ប្រជាជន​ជ្វី​វ​កាន់កាប់​ស្ថាប័ន​នយោបាយ​តាំងពី​សភា ដល់​គណរដ្ឋមន្ត្រី និង​ខ្លះទៀត​កាន់កាប់​ជំនួញ​ធំៗ​រាប់មិនអស់​ផង​។ ដូច្នេះហើយ ចង់​មិន​ចង់​រាល់​ការសម្រេច​នានា​របស់​អាមេរិក​សុទ្ធតែ​រង​ឥទ្ធិពល​របស់​សហគម​ន​អ៊ីស្រាអែល​។​

 ដូច​ឃើញស្រាប់​កញ្ចប់​ជំនួយ​ការពារជាតិ​ដែលមាន​ទំហំ ៣៨ ពាន់​លាន​ដុល្លារ​ទើបត្រូវ​សភា​អាមេរិក​អនុម័ត​កាលពី​ខែកញ្ញា​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​អ៊ីស្រាអែល​លើ​វិស័យ​ការពារជាតិ​សម្រាប់​ពេល ១០​ឆ្នាំ​នោះ​។

​ថ្វីបើ​អ៊ី​ស្រា​អែក​មាន​ឥទ្ធិពល​លើ​នយោបាយ​អាមេរិក​ក៏ដោយ លោក នេ​តាន់​យ៉ា​ហ៊ូ  និង​លោក អូ​បា​ម៉ា មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយ​ឡើយ​។ អ្នក​ទាំងពីរ​បន្ត​ប្រឈមមុខ​ដាក់គ្នា​និង​ធ្លាប់​រិះគន់​គ្នា​ញឹកញយ​ដែរ​តាំងពី​លោក អូ​បា​ម៉ា ឡើងកាន់តំណែង​ម្ល៉េះ​។ សូម្បីតែ​ប្រមុខ​ការទូត​របស់​រដ្ឋបាល​លោក អូ​បា​ម៉ា លោក ច​ន ឃែ​រី ធ្លាប់​ហៅ​អ៊ីស្រាអែល​ថា​ជា «​រដ្ឋ Apartheid» ថែមទៀត​រហូត​ធ្វើ​ឲ្យ​អ៊ីស្រាអែល​កើតទុក្ខ​មិន​សុខចិត្ត​ហៅ​ឲ្យ ឃែ​រី សុំ​អភ័យទោស​ផង​។​

​យ៉ាងណាក៏ដោយ រឿង​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​និង​អាមេរិក​ប្រឈមមុខគ្នា​ខ្លាំង​ចុងក្រោយបង្អស់​គឺ​ការជួយជ្រោមជ្រែង​របស់​រដ្ឋបាល​លោក អូ​បា​ម៉ា ចំពោះ​ការបង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាលពី​ខែកក្កដា​ឆ្នាំមុន​។ រដ្ឋបាល​អ៊ីស្រាអែល​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ជា​គ្រោះថ្នាក់​បំផុត​សម្រាប់​ខ្លួន ហើយ​អ៊ីស្រាអែល​គំរាម​ប្រើប្រាស់​អន្តរាគមន៍​ឯកតោភាគី​ដើម្បី​វាយ​សំពោង​អ៊ីរ៉ង់​និង​បំផ្លាញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ក្នុងករណី​ចាំបាច់​ថែមទៀត​។​

​យ៉ាងណា​ក៏ដោយចុះ ក្រោយ ភ្លៀង មេឃ​ប្រាកដជា​ស្រឡះ​។ អ៊ីស្រាអែល​កំពុង​រង់​សហការ​ជាមួយ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ  ដើម្បី​ស្តារ​ទំនាក់ទំនង​ដែល​ល្អក់​ករក​និង​ភាព​ហ្មងសៅ​ដែលមាន​កន្លងមក​។ 
​យ៉ាងណា​កដោយ វា​ប្រហែល​លែង​ជា​បញ្ហា​នៅពេលដែល​អ្នកជំនួញ​ក្លាយជា​អ្នកនយោបាយ លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​ជា​ផ្លូវការ​។ អ៊ីស្រាអែល​មាន​ទឹកមាត់​លេប​វិញ​ពេលដែល​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី ហើយ​ដំណោះស្រាយ​ដែល​ប្រឆាំង​អ៊ីស្រាអែល​នឹង​ក៏​នឹងត្រូវ​អាមេរិក​ទាត់ចោល​ដែរ​។

​ដូ​ណា​ល់ ត្រាំ ក្លាយជា​អ្នកនយោបាយ​ដែលមាន​និន្នាការ​ទោរទន់​ទៅរក​អ៊ីស្រាអែល​។ តាំង​ពីមុន​ឈ្នះឆ្នោត​ម្ល៉េះ លោក​បាន​សន្យា​ប្តូរ​ស្ថានទូត​អាមេរិក​ពី Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដើម្បី​បង្ហាញ​ពី​ការទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការកាន់កាប់​ទឹកដី​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដោយ​អ៊ីស្រាអែល​តាំងពី​ឆ្នាំ ១៩៦៧​មក​នោះ​។ ប្រទេស​ជាច្រើន​លើ​ពិភពលោក​មិន​ហ៊ាន​ទទួលស្គាល់​ទេ​ព្រោះ​គេ​ដឹងថា​វា​ខុសច្បាប់ តែ​អាមេរិក​នឹង​ទទួលស្គាល់​។

​បើ​រឿង​បែបនេះ​កើតឡើង​មែន ទង្វើ​របស់​អាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ មិន​ត្រឹមតែ​មិន​ជួយ​ឲ្យ​មជ្ឈិមបូព៌ា​អាច​ស​ម្រេ​ន​បាន​នូវ​សុខសន្តិភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផ្លាញ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​រវាង​រដ្ឋ​ជ្វី​វ​អ៊ីស្រាអែល និង​រដ្ឋ​អារ៉ាប់​ប៉ា​ឡេ​ស្ទី​ន​ថែម​ទៀតផង​៕


Tag:
 អ៊ីស្រាអែល​
  បេន​ចា​មិន នេ​តាន់​យ៉ា​ហ៊ូ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com