អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជា​រឿង​អាម៉ាស់ ឬ​ជា​រឿង​ដែល​គួរ​សរសើរ ដែល​អាស៊ាន មិន​និយាយ​អ្វី​សោះ​«​ពី​រឿង​សិទ្ធិមនុស្ស​ហ្វីលីពីន​»?
27, Dec 2016 , 8:19 am        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន(ខាងឆ្វេង) ទទួលញញួរជាប្រធានអាស៊ានពីលោកនាយករដ្ឋមន្ត្រីឡាវ (ខាងស្តាំ)
លោកប្រធានាធិបតីហ្វីលីពីន(ខាងឆ្វេង) ទទួលញញួរជាប្រធានអាស៊ានពីលោកនាយករដ្ឋមន្ត្រីឡាវ (ខាងស្តាំ)
ដោយ:
 
​របាយការណ៍​នៃ​ការសម្លាប់​ជនសង្ស័យ និង​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រោម​ប្រតិបត្តិការ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាននិងកំពុង​តែ​ធ្វើ​ឲ្យ​មានរឿង​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​រវាង​រដ្ឋបាល​ថ្មី​នេះ ជាមួយនឹង​ស្ថាប័ន​កំពូល​ពិភពលោក ដែល​រួមទាំង​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ជាដើម​នោះ​។ តែ​សម្រាប់​អាស៊ាន​ដែលមាន​ហ្វីលីពីន​ជា​សមាជិក​ខ្លួន​នោះ បាន​រក្សា​គោលជំហរ​របស់ខ្លួន​យ៉ាង​ល្អ ពោលគឺ អាស៊ាន មិន​និយាយ​អ្វី​សោះ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​បើទោះបី​ជាមាន​របាយការណ៍​ខ្លះ​បង្ហាញថា​មាន​អ្នកស្លាប់​រហូតដល់​ជិត​៦០០០​នាក់​ទៅហើយនោះ​។

 
​គួរតែ​ជា​រឿង​អាម៉ាស់ ឬ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្ញើ​ច​សរសើរ ដែល​បណ្តា​អង្គការ​ទាំង​ថ្នាក់​តំបន់ និង​អង្គការ​ពិភពលោក បាន​បន្ត​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់ និង​ណែនាំ​ឲ្យ​ហ្វីលីពីន គិតគូរ​ពី​រឿង​សិទ្ធិមនុស្ស​ព្រោះ​ចំនួន​អ្នកស្លាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវបាន​មើលឃើញថា​ក្រោម​ប្រតិបត្តិការ​ក្រៅ​ប្រព័ន្ធតុលាការ តែ​អាស៊ាន នៅ​ស្ងៀម​ទ្រឹង​នោះ​។ អាស៊ាន មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ដ្បិត អាស៊ាន ប្រកាន់​ខ្ចា​ប់​គោលការណ៍​មិន​ជ្រៀតជ្រែក លើ​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន ជាពិសេស​នោះ បញ្ហា​សិទ្ធិមនុស្ស​តែម្តង​។ 
 
​សូម​រម្លឹក​បន្តិច​ដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​ធ្លាប់​កាន់អំណាច​ជា​អភិបាលក្រុង​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ គោលការណ៍​អាទិភាព​របស់​រដ្ឋបាល​លោក​គឺ​បោសសម្អាត​បទល្មើស និង​ជាពិសេស​នោះ​បោសសម្អាត​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​។ តែ​អ្វី​ជា​ក្តីបារម្ភ​នោះ ជាការ​អនុវត្ត​នូវ​គោលការណ៍​នេះ លោក​ឌើ​ទើ​តេ បាន​ប្រើប្រាស់​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ដោយ​ថែមទាំង​ផ្តល់​លទ្ធភាព​ឲ្យ​ប៉ូលិស​អាច​សម្លាប់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​ដើម្បី​ការពារ​ខ្លួន​ទៀតផង​។ 
 
​បើតាម​របាយការណ៍​ប​ច្ចុ​ប្បន្ន​ភាព​ចុងក្រោយ​របស់​ប៉ូលិស​ហ្វីលីពីន ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Aljazeera នៅ​ថ្ងៃទី​១៣ ធ្នូ​កន្លងទៅ មាន​មនុស្ស​៥៨៨២​នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​។ ចំនួន​អ្នកស្លាប់​ទាំងនេះ រាប់បញ្ចូល​ទាំង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ផង ក្រោម​ប្រតិបត្តិការ​ស្វ័យការពារ​ផង និង​កិច្ចសហការ​ជាមួយនឹង​ប្រជាជន​ផងដែរ​។ 
 
​នៅ​ខែកញ្ញា​កន្លងទៅ សហភាព​អឺរ៉ុប បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​សម្តែង​ការព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ក្រោម​ប្រតិបត្តិការ​ប៉ូលិស​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ដើម្បី​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន និង​ថែម​ទទូច​ឲ្យ​ហ្វីលីពីន បញ្ចប់​សកម្មភាព​នៃ​ការកាត់ទោស និង​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន​ទៀត​ផង​។ 
 
​រឿង​សិទ្ធិមនុស្ស​នេះដែរ ក៏បាន​លឺ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលជា​ប្រភេទ​តុលាការ ដែលមាន​យុត្តាធិការ​ក្នុងការ​កាត់ទោស​លើ​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ធ្ងន់ធ្ងរ​នោះ​។ នៅ​ថ្ងៃទី​១៣ ខែតុលា រដ្ឋអាជ្ញា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC លោកស្រី Fatou Bensouda បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បា​មរ​ម្ភ​ពី​ស្ថានភាព​ហ្វីលីពីន​ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​រាប់ពាន់នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿង​ញឿ​ន​។ លោកស្រី​រដ្ឋអាជ្ញា បាន​អះអាងថា តុលាការ បាន​ដឹងលឺ​ពី​របាយការណ៍​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នោះ និង​ថែមទាំង​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​ជាន់ខ្ពស់​ហ្វីលីពីន ដែល​ហាក់ដូចជា​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនោះ​។ ជាងនេះទៅទៀត លោកស្រី ក៏​ព្រមាន​ថា​អាច​នឹង​ចាត់ការ​ទៅលើ​សំណុំ​រឿងនេះ​ទៀតផង​។ 
 
​ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ថែម​ពី​ការ​ថ្លែងការណ៍​ទទូច​ឲ្យ​គោរព​សិទ្ធិមនុស្ស ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្មី​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស ដោយមាន​ទាំង​ការទទូច​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម ដែល​ប្រ​ព្រឹ​តិ្ត​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ តែ​ម្តងនោះ​។ 
 
​ជាការ​ឆ្លើយតប​នឹង​ការរិះគន់​ពី​ស្ថាប័ន​ទាំងបី​ខាងលើ សូម្បីតែ​ពាក្យ​ថា​«​អាច​នឹង​ពិចារណា​»​ក៏​លោក​ប្រធានាធិបតី​មិន​និយាយ​ផង​។ អ្វីដែល​ជាការ​ឆ្លើយតប​របស់លោក​នោះ​គឺ មានតែ​ពាក្យ​ជេរប្រមាថ និង​អសុរោះ​ទៅវិញ​នោះទេ​។ សហភាព​អឺរ៉ុប បាន​ពាក្យ «Fuck you» ជាការ​ត្រលប់​ទៅវិញ​ពី​លោក ឌើ​ទើ​តេ ខណៈ ICC រង​ការ​គម្រាម​ពី​ការ​ដើរចេញ​របស់​ហ្វីលីពីន ស្របពេល​សមាជិក​រប​ស់​ខ្លួន​កំពុងតែ​រង្គោះរង្គើរ​ស្រាប់​នោះ​។ ដោយឡែក​សម្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ ក្រោយ​រិះគន់ លោក ឌើ​ទើ​តេ​ហើយ​នោះ លោក បាន​និយាយ​បែប​ចម្អក​ក្នុង​ភាសា​ធ្ងន់ៗ ដោយ​លោក អះអាងថា លោក នឹង​ដុត​ទី​ស្នាក់​អង្គការសហប្រជាជាតិ ប្រសិនបើ​លោក ទៅ​អាមេរិក​នោះ​។ 
 
២. ហេតុអ្វី​ក៏​អាស៊ាន​មិន​និយាយ​សោះ​អញ្ចឹង​? 
​ទោះ​រឿង​សិទ្ធិមនុស្ស​ហ្វីលីពីន ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​ថែមទាំង​មាន​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ពី​បណ្តា​អង្គការ​អន្តររដ្ឋាភិបាល​ធំៗ​ក៏ដោយ អាស៊ាន នៅតែ​មិនទាន់​និយាយ​អ្វី​សោះ​។ ហើយ​នោះ ក៏​ដោយសារតែ​គោលនយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន​នោះឯង​។ មាត្រា​២​នៃ​ធម្មនុញ្ញ​អាស៊ាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« អាស៊ាន និង​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវអនុវត្ត​ឲ្យ​ស្របតាម​គោលការណ៍​ដូចជា មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន និង​គោរព​សិទ្ធិ​របស់​រដ្ឋ​សមាជិក​អាស៊ាន​នី​យ​មួយៗ ក្នុងការ​ដឹកនាំ​អត្ថិភាព​របស់ខ្លួន ដោយ​ពុំមាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ ការធ្វើ​វិទ្ធង្សនា និង​ការបង្ខិតបង្ខំ​ជាដើម​»​។​
 
​ថ្មីៗ​នេះ ដោយ​គោរព​តាម​គោលការណ៍​មិន​ជ្រៀតជ្រែក មី​យ៉ាន់​ម៉ា បាន​កោះហៅ​សមាជិក​របស់​អាស៊ាន​ដើម្បី​ចូល​រូ​ម​កិច្ច​ក្រៅផ្លូវការ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស ការធ្វើ​ទុក​បុក​ម្នេញ​លើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។ អ្វី​គួរកត់សម្គាល់​នោះ ការប្រជុំ​នេះ ក៏​ធ្វើឡើង​ក្រោយពេល លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ចូលរួម​បាតុកម្ម​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា​គោរព​សិទ្ធិ​។ និយាយ​ឲ្យ​ខ្លី អាស៊ាន ឬ​សមាជិក​អាស៊ាន កុំ​ចង់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន​ឲ្យ​សោះ ជាពិសេស​នោះ បញ្ហា​សិ​ទិ្ធ​មនុស្ស​តែម្តង​។ 
 
​ជាមួយគ្នានេះ ក៏​កុំ​សង្ឃឹម​ផងដែរ​ថា បញ្ហា​សិទ្ធិមនុស្ស​ដែល​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន រួមមាន​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ត្រូវ​លេចមុខ​តាម​ទំព័រ​ព័ត៌មាន​ធំៗ​នោះ នឹងត្រូវ​លើក​ក្នុងពេល​ហ្វីលីពីន​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​ឲ្យ​សោះ​។ តាម​ការអះអាង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ជាមួយនឹង​អគ្គលេខាធិការ​អាស៊ាន​លោក លី ឡុង​មិញ បញ្ហា​អាទិភាព​ដែល​នឹង​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​អាស៊ាន រួមមាន​លើ​វិស័យ​សន្តិភាព សន្តិសុខ​ដែនសមុទ្រ និង​ការការពារ​ពលករ​ចំណាកស្រុក​ជាដើម ពោលគឺ មិនមាន​ឡើយ​បញ្ហា​សិទ្ធិមនុស្ស​៕ 
 
 

Tag:
 អាស៊ាន​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com