ជាតិ
សម្តេច ហ៊ុន សែន​៖ ព្រឹទ្ធាចារ្យ ឆេង ផុន រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​សង្គ្រោះ​សិល្បៈ​ខ្មែរ​ឲ្យ​រស់​ឡើងវិញ​
26, Dec 2016 , 9:53 pm        
រូបភាព
ដោយ: ថ្មីៗ
«​ខ្ញុំ​ និង​សហការី​ក្នុង​រាជរដ្ឋាភិបាល​មក​ជូន​ដំណើរ​បងប្រុស​ជា​លើកចុងក្រោយ ខ្ញុំ​នៅ​នឹកឃើញ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​បានរួម​ដំណើរ​ជាមួយគ្នា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​ សុំ​គោរព​ជូន​ដំណើរ​នឹង​លា​បង​ជា​រៀងរហូត​»​។ នេះ​ជា​ចំណារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ឧទ្ទិស​ដល់ ព្រឹទ្ធ​ចា​រ្យ ឆេង ផុន ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​អាយុ​៨៦​ឆ្នាំ​ដោយ​រោគាពាធ​។​



​បន្ថែម​ពីលើ​សារ​រំលែក​ទុក្ខ​ភ្លាមៗ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក​ព្រឹទ្ធាចារ្យ ឆេង ផុន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៦ ខែធ្នូ​នេះ​។ ព្រឹទ្ធាចារ្យ ឆេង ផុន ជា​អតីត​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ឃោសនាការ​ព័ត៌មាន​នៅ​ទសវត្សរ៍​ឆ្នាំ​៨០ និង​ធ្លាប់​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុងសម័យ​បោះឆ្នោត​ឆ្នាំ​១៩៩៧ ហើយ​លោក​ក៏​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​វប្បធម៌ និង​វិបស្សនា​ផងដែរ​។​



​សម្រាប់​សម្តេច ហ៊ុន សែន មរណភាព​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន គឺជា​ការបាត់បង់​បិតា ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ក៏​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេសជាតិ​។ សម្តេច​លើកឡើងថា ព្រឹទ្ធាចារ្យ ឆេង ផុន បាន​ចូលរួម​យ៉ាងសកម្ម​ផងដែរ​នៅក្នុង​ការអប់រំ​បណ្ដុះ​ឆន្ទៈ​សិល្បករ​ឲ្យ​ស្រឡាញ់​សិល្បៈ វប្បធម៌ ដែលជា​ដួងព្រលឹង​របស់​ខ្មែរ ព្រមទាំង​បាន​ជួយសង្គ្រោះ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ឲ្យ​រស់​ឡើងវិញ​នៅក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩៕





Tag:
 ឆេង ផុន
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com