អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា​អួតថា​ខ្លួន​អាច​ឈ្នះឆ្នោត​បើ​ឈរឈ្មោះ​ម្តងទៀត តែ​ត្រាំ តប​វិញថា «​គ្មាន​ផ្លូវ​»​ទេ
27, Dec 2016 , 10:34 am        
រូបភាព
  
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អួតថា លោក​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​អាមេរិក បើ​រដ្ឋធម្មនុញ្ញ​មិនបាន​រារាំង​លោក​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣ ។ យ៉ាងណាក្ដី ប្រធានាធិបតី​ជាប់ឆ្នោត​មក​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​វិញ​ថា លោក​អូ​បា​ម៉ា គ្មាន​ផ្លូវ​ឈ្នះ​លោក​បានឡើយ​។​

 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣ ឡើយ​ដ្បិត​រដ្ឋធម្មនុញ្ញ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ម្នាក់​កាន់តំណែង​តែ​២​អាណត្តិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​អះអាងថា បើ​លោក​ពិតជា​អាច​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៦ បាន លោក​នឹង​ផ្ដួល​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ដើម្បី​បន្ត​កាន់​តំណង​ប្រធានាធិបតី​មិន​ខាន​។​
 
​ក្នុង​បទសម្ភាសន៍​មួយ​ផ្សាយ​នៅ​សារព័ត៌មាន CNN នៅ​ថ្ងៃទី​២៦ ខែធ្នូ ជាមួយ​លោក David Axelrod  លោក អូ​បា​ម៉ា បង្ហាញ​ការ​ជឿជាក់ថា ប្រជាជន​អាមេរិក​នឹង​នៅតែ​គាំទ្រ​ទស្សនវិស័យ​របស់លោក ហើយ​លោក​មាន​ទំនុកចិត្ត​ថា ប្រសិនបើ​ឈរឈ្មោះ​មួយ​អាណត្តិ​ទៀត លោក​ពិតជា​អាច​ទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​អាមេរិក​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា លោក​បានលើកឡើង​ពី​គោលការណ៍​របស់លោក អំឡុងពេល​ការបោះឆ្នោត​ឆ្នាំ​២០០៨ ដែល​ផ្ដោតលើ​ក្ដីសង្ឃឹម និង​ការផ្លាស់ប្ដូរ​។  
 
​ប្រតិកម្ម​តបត​នឹង​ការលើកឡើង​នេះ លោក ដូ​ណា​ល់ ត្រាំ ដែល​បានឈ្នះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្លាយជា​ប្រធានាធិបតី​អាមេរិក​នោះ បាន​ឆ្លើយតប​តាម​រយៈ​គ​ណ​នី​ Twitter ថា លោក​អូ​បា​ម៉ា គ្មាន​ផ្លូវ​ផ្ដួល​រូបលោក​បានទេ​។ ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ បានលើកឡើង​ពី​ចំណុចខ្សោយ​របស់លោក អូ​បា​ម៉ា រួម​មានការ​ងើបឡើង​ក្រុម​រដ្ឋ​ឥស្លាម​, ការបើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ទៅរក​ក្រៅប្រទេស ក៏ដូចជា​ច្បាប់​សុខាភិបាល​ផងដែរ​។ 
 
​សូម​រម្លឹកថា ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្ដួល​លោកស្រី គ្លី​ន​តុ​ន  ដោយ​លោក​ទទួលបាន​ចំនួន​ប្រតិភូ​តំណាង​ច្រើនជាង​២៧០ នៃ​ចំនួន​សរុប​៥៣៨ ។ វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ​។ ប៉ុន្តែ​បើ​គេ​រាប់​ចំនួន​អ្នកបោះឆ្នោត​ឲ្យ​បេក្ខជន​នីមួយៗ​នោះ លោកស្រី គ្លី​ន​តុ​ន ទទួលបាន​សំឡេងគាំទ្រ​លើស​លោក ត្រាំ ដល់​ទៅ​ជាង​២​លាន​សំឡេង​ឯណោះ​។​
 
​ជាមួយ​ជ័យជម្នះ​នេះ លោក ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក នឹង​ចូលកាន់​តំណែង​នៅ​សេត​វិមាន​ជំនួស​លោក អូ​បា​ម៉ា ក្រោយ​ការស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ។ ជ័យជម្នះ​របស់លោក ក៏​មិន​កើតឡើង​ដោយ​រលូន​ដែរ ប្រជាជន​អាមេរិក​ជាច្រើន បាន​ចេញមក​តវ៉ា​ជំទាស់​លទ្ធផល​បោះឆ្នោត​។ យ៉ាងណាក្ដី លទ្ធផល​មិនអាច​កែប្រែ​បានឡើយ ហើយ​លោក ត្រាំ នឹង​ក្លាយជា​ប្រធានាធិបតី​នាពេល​ខ្លី​ខាងមុខ ជាមួយនឹង​គោលនយោបាយ​ដ៏​ចម្រូងចម្រាស​៕

Tag:
 អាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com