អន្តរជាតិ
កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​នឹង​តម្កើង គីម ជុង​អ៊ុន ឲ្យ​មាន​ឋានៈ​ស្មើ​ជីតា​និង​ឪពុក​
27, Dec 2016 , 3:32 pm        
រូបភាព
​បើទោះជា​មាន​នាម​ជា​មេដឹកនាំ​កំពូល និង​កាន់អំណាច​ពេញដៃ​ក៏ដោយ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​មិនមាន​អានុភាព​ស្មើ​ជីតា និង​ឪពុក ដែលជា​មេដឹកនាំ​ជំនាន់​មុន​ឡើយ​។ ប៉ុន្តែ​កូរ៉េខាងត្បូង​បាន​ទស្សន៍ទាយ​ថា នៅ​ឆ្នាំ​២០១៧ ខាងមុខ កូរ៉េខាងជើង នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​លើកតម្កើង​លោក គីម ជុង​អ៊ុន ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង និង​ពង្រឹង​អំណាច​មេដឹកនាំ​វ័យក្មេង​រូបនេះ​។​



​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២៦ ខែធ្នូ បានចេញ​របាយការណ៍​វាយតម្លៃ​ស្ថានការណ៍​នៅ​កូរ៉េខាងជើង​ប្រចាំឆ្នាំ​២០១៧ ខាងមុខ​។ របាយការណ៍​នោះ​បង្ហាញថា កូរ៉េខាងជើង ទំនងជា​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ពង្រឹង​អំណាច​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ស្របពេល​ដែល​របប​ក្រុង​ព្យុងយ៉ាង កំពុង​ព្យាយាម​ប្រមូលផ្ដុំ​អំណាច​ក្រោម​ការដឹកនាំ​របស់លោក និង​ធ្វើ​ឲ្យ​យ៉ាងណា​ឲ្យ​មាន​ឋានៈ​ស្មើ​ជីតា និង​ឪពុក​របស់លោក​ដូច្នោះ​ដែរ​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េ ដែល​ទទួលបន្ទុក​លើរ​បាយ​ការណ៍​នេះ​បញ្ជាក់ថា ក្នុងពេល​មានកម្ម​វិធី​ធំៗ កូរ៉េខាងជើង​នឹង​ព្យាយាម​ប្រមូល​យោធា ជន​ស៊ីវិល និង​មន្ត្រី​ទាំងអស់ ដើម្បី​បង្ហាញ​ការគោរព​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​លោក គីម ជុង​អ៊ុន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap ។​

​ក្រ​សូង​ដដែល​នេះ​បន្តថា​៖ «​ចាប់តាំងពី​ការឡើង​ភ្នំ Baekdu ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កូរ៉េខាងជើង​មក​នោះ របប​កុម្មុយនីស្ត​មួយ​នេះ​នឹង​ដំឡើង​ឋានៈ គីម ជុង​អ៊ុន ឲ្យ​មាន​អានុភាព​ស្មើ​អតីត​មេដឹកនាំ​ជំនាន់​មុន គឺ​លោក គីម អ៊ី​ល​ស៊ុ​ង ជា​ជីតា​និង​លោក គីម ជុងអ៊ីល ជា​ឪពុក​។ ការដំឡើង​អំណាច​នេះ មាន​គោលដៅ​ពង្រឹង​អំណាច​របស់លោក គីម ជុង​អ៊ុន និង​ការរួបរួម​របស់រប​ប​កុម្មុយនីស្ត​ឯកោ​មួយ​នេះដែរ​។

​ក្នុង​ឆ្នាំ​២០១៧ ខាងមុខនេះ កូរ៉េខាងជើង នឹង​ប្រារព្ធ​កម្មវិធី​ធំៗ​ជាច្រើន ហើយ​ច្បាស់​ណាស់​ថា រដ្ឋបាល​ព្យុងយ៉ាង នឹង​ឆ្លៀតឱកាស​នេះ​បង្ហាញ​ឥទ្ធិពល​របស់​មេដឹកនាំ​វ័យក្មេង​នេះ​ព្រម​គ្នា​ដែរ​។ នៅ​ឆ្នាំ​ក្រោយនេះ កូរ៉េខាងជើង នឹង​រម្លឹក​ខួបកំណើត​ទី​១០៥​ឆ្នាំ របស់​អគ្គ​មគ្គុទេសក៍ គីម អ៊ី​ល​ស៊ុ​ង​, ខួប​ទី​៧៥​ឆ្នាំ នៃ​ថ្ងៃកំណើត​របស់​អតីត​មេដឹកនាំ​ជំនាន់​ទី​ពីរ គីម ជុង​អ៊ុ​ល​, ខួប​ទី​៨៥ នៃ​ថ្ងៃកំណើត​កងទ័ព​កូរ៉េ ក៏ដូចជា​ឆ្នាំ​ទី​៥ នៃ​ការឡើង​កាន់អំណាច​រប​ស់ គីម ជុង​អ៊ុន ដែរ​។​

​ក្នុង​ឆ្នាំ​២០១៧ ដដែល កូរ៉េខាងត្បូង​រំពឹង​ដែរ​ថា កូរ៉េខាងជើង​នឹង​បង្អួត​កម្លាំងយោធា​របស់​ខ្លួន​ក្រោម​ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ដែរ​។ កូរ៉េខាងជើង ក៏​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន តាម​ការចង់បាន​រប​ស់មេ​ដឹកនាំ​វ័យក្មេង​របស់​ប្រទេស​។ មួយវិញទៀត ក្រុង​ព្យុងយ៉ាង នឹង​សាកល្បង​សព្វាវុធ​របស់ខ្លួន​ជា​បន្តបន្ទាប់​ដូចជា មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​, មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ក៏ដូចជា​មី​ស៊ី​ល​ដែល​អាច​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ ពោល គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កូរ៉េខាងជើង ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ​៕ 


Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com