កីឡាជាតិ
លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញ​ក្តីកង្វល់​ចំពោះ​គូប្រជែង​ក្រោយ​កូនក្រុម​កំពុង​រ៉ាំរ៉ៃ​ដោយ​របួស​
28, Dec 2016 , 7:39 am        
រូបភាព
ដោយ:
 
​ក្រុម​បឹងកេត​អង្គរ​ម្ចាស់​ជើងឯក​រង​ឆ្នាំ​២០១៥ បានបង្ហាញ​ក្តីកង្វល់​មុន​ជួប​គូប្រជែង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2016 នា​ថ្ងៃទី​៣១ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ   ក្រោយពី​កូនក្រុម​មួយចំនួន​កំពុង​រ៉ាំរ៉ៃ​ជាមួយ​របួស​។ ការបង្ហាញ​ក្តីកង្វល់​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​កា​ប៉ូ​ឌីយ៉ាណា កាលពី​ថ្ងៃទី​២៣ ខែធ្នូ​។​

 
​បញ្ហា​របួស​របស់​កីឡាករ​សំខាន់ៗ​របស់​បឹងកេត​អង្គរ​ដូចជា ចាន់ វឌ្ឍនាកា​, ស៊ូ យ៉ា​ទី​, Gbenga និង Muramatsu បានធ្វើ​ឲ្យ​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​របស់​ក្រុម​បឹងកេត​អង្គរ​បានបង្ហាញ​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​ជំនួប​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2016 នា​ថ្ងៃទី​៣១ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ព្រោះ​មកទល់ពេលនេះ​លោក​មិនទាន់​ប្រាកដថា កីឡាករ​ទាំង​៤​អាច​ចូលរួមបាន​១០០​ភាគរយ​នោះឡើយ ទោះបី​កីឡាករ Gbenga និង Muramatsu អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ក៏ដោយ ប៉ុន្តែ ចាន់ វឌ្ឍនាកា និង​ស៊ូ យ៉ា​ទី មិនទាន់​ចូល​ហ្វឹកហាត់​នោះទេ​។ 
 
​មកទល់ពេលនេះ លោក ប្រាក់ សុវណ្ណារ៉ា មិនទាន់​ដឹង​ច្បាស់​ពី​គូប្រជែង​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​លោក​គិតថា ក្រុម​ទាំង​៣​ដែល​ត្រូវ​ឡើង​មកជួប​បឹងកេត​អង្គរ​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង​ដែល​អាច​បង្កបញ្ហា​ដល់​បឹងកេត​ជានិច្ច​។ ប៉ុន្តែ​បើ​យោងតាម​លទ្ធផល​នៃ​ការប្រកួត​ជម្រុះ​ជាក់ស្តែង​បឹងកេត​អង្គរ​អាច​នឹង​ជួប​ជាមួយ​ក្រុម​តំណាង​ឲ្យ​មី​យ៉ាន់​ម៉ា ឬ​ក្រុម​តំណាង​ឲ្យ​ប្រទេស​ឡាវ​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី គ្រូបង្វឹក​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៥​រូបនេះ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​របស់​វិស័យ​កីឡាបាល់ទាត់​របស់​កម្ពុ​ជា ជាពិសេស​លោក​នឹង​ព្យាយាម​ធ្វើយ៉ាងណា​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​ខកចិត្ត​នោះឡើយ​។ លើសពីនេះ​លោក​ប្តេជ្ញា​ថា នឹង​ឡើងទៅ​ជួល​ជើងឯក​ឆ្នាំ​ចាស់ Buriram United FC នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទាល់តែ​បាន​។ 
 
​ចំណែក​ក្រុម SHB Da Nang របស់​វៀតណាម បាន​បាត់បង់​ឱកាស​ប្រជែង​បន្ត​ទៀតហើយ បន្ទាប់ពី​ពីរ​ប្រកួត​ក្រុម​នេះ​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម Yadanarbon របស់​មី​យ៉ាន់​ម៉ា និង​ចាញ់​ក្រុម Lanexang United របស់​ឡាវ ២-១​។ ក្រុម​ដែល​ត្រូវ​ឡើងមក​ជួយ​បឹងកេត​អង្គរ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ដូចជា Yadanarbon និង​ក្រុម Lanexang United ត្រូវ​ប្រកួតប្រជែង​គ្នា​នា​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៧ ខែធ្នូ នេះ​នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា​។  
 
«​ក្រុម​លី​ក​តំណាង​ឲ្យ​មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម ដែល​កំពុងធ្វើការ​ប្រកួត​ជម្រុះ សុទ្ធតែជា​ក្រុម​ខ្លាំង ទោះបីជា​យើង​ត្រូវ​ជួប​ក្រុម​ណាមួយ គឺ​វា​នៅតែ​ជាការ​លំបាក​ចំពោះ​បឹងកេត​។ ដំបូង​ឡើយ ខ្ញុំ​គិតថា ក្រុម​វៀតណាម​ខ្លាំង ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​បាន​ចាញ់​ក្រុម​ឡាវ​បាត់ទៅហើយ អ៊ីចឹង​ខ្ញុំ​អត់​ទាន់​ហ៊ាន​សន្និដ្ឋានថា ក្រុម​មួយណា​ខ្សោយ​នៅឡើយ​ទេ គឺ​ត្រូវ​ចាំ​តាមដាន​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ​។​
 
​ការ​គ្រង​ជើងឯក​រង​ពានរង្វាន់ Toyota Mekong Club 2015 និង​ការទទួលបាន​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​បឹងកេត​បានធ្វើ​ឲ្យ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា​ខេ​ម​បូ​ឌា​(Toyota)​ដែលជា​អ្នកបង្កើត​ពានរង្វាន់​នេះ​ឡើង និង​លោក ម៉ៃ តុលា អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ស្ងើចសរសើរ​យ៉ាងខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​បឹងកេត​អង្គរ​។ ជាមួយគ្នានេះ​លោក ម៉ៃ តុលា បាន​ចាត់​លទ្ធផល​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​បាល់ទាត់​កម្ពុជា​។ 
 
​ចំណែក លោក គង់ នួន បានចាត់ទុក​លទ្ធផល​នេះ​ថា​៖«​ឆ្នាំមុន​ក្រុម​បឹងកេត តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង​ទទួលបាន​ពាន​ជា​កីឡាករ​ល្អ ខណៈ​ក្រុម Buriram United FC របស់​ថៃ ក្លាយជា​ម្ចាស់​ជើងឯក​។ បើទោះបីជា​យើង មិន​ទទួលបាន​លេខ​១​កាលពី​ឆ្នាំមុន ប៉ុន្តែ​វា​ជា​លទ្ធផល​មួយ ដែល​ជំរុញ​ឲ្យ​កីឡាករ​កម្ពុជា​យើង​ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់​ស្វែងរក​ជ័យជម្នះ​នោះ​ឆ្នាំនេះ​»​។​
 
​គួរ​បញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៦ ប្រាក់រង្វាន់​លើក​ទឹក​មិន​ផ្លាស់ប្តូរ​នោះឡើយ គឺ​ក្រុម​ម្ចាស់​ជើងឯក​ទទួលបាន​ប្រាក់រង្វាន់ ៧៥,០០០​ដុល្លារ រីឯ​ម្ចាស់​ជើងឯក​រង ៥​ម៉ឺន​ដុល្លារ ខណៈ​ក្រុម​លេខ​៣​ទទួលបាន ៣​ម៉ឺន​ដុល្លារ និង​លេខ​៤ បាន ១៥,០០០​ដុល្លារ​។ ក្រៅពី​ប្រាក់រង្វាន់​នេះ​ក៏មាន​ការផ្តល់ជូន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ផ្សេងៗ​ទៀតផង​ដែរ​។​
 
​គួរ​រំឭក​ផងដែរ​ថា សម្រាប់​រដូវ​កាល​មុន​ក្រុម​បឹងកេត​អង្គរ​របស់​កម្ពុជា​ក្រោយ​ចាញ់ Buriram United FC របស់​ថៃ ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ ខណៈ Buriram United FC ទទួលបាន​៧៥,០០០​ដុល្លារ​។ ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា បាន​ជាប់​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់ Toyota Mekong Club Championship 2015​។ មុន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម​លី​ក​កំពូល​របស់​ឡាវ និង​មី​យ៉ាន់​ម៉ា រួច​បន្ត​យកឈ្នះ​ក្រុម​លី​ក​កំពូល​របស់​វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕ 

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com