ជាតិ
អ្នកបើកបរ​គ្មាន​បណ្ណ​បើកបរ​ត្រូវ​ជាប់ពន្ធនាគារ​ពី ១​ខែ ដល់​៦​ខែ និង​ពិន័យ​ថវិកា​ពី ៨​សែន ដល់​៤​លាន​រៀល​
27, Dec 2016 , 11:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មាត្រា ៧៥​ថ្មី នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក បាន​ចែងថា ជន​ណា​បើកបរ​យានយន្ត គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើកបរ​ត្រូវបាន​ដកហូត ព្យួរទុក ឬ​ទុកជា​មោ​ឃៈ ត្រូវ​ពិន័យ​អន្តរកាល​តាម​ការកំណត់​ក្នុង​អនុក្រឹត្យ​។​



​អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(​មួយ​)​ខែ ដល់ ៦(​ប្រាំមួយ​)​ខែ និង​ពិន័យ ជា​ប្រាក់​ពី ៨០០ ០០០ (​ប្រាំបី​សែន​) រៀល ដល់ ៤ ០០០ ០០០ (​បួន​លាន​)​រៀល ក្នុងករណី ជនល្មើស​ដែល​ធ្លាប់​ទទួល​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទៀត អំឡុងពេល ៦ (​ប្រាំមួយ​) ខែ គិត​ចាប់ពី​ការពិន័យ​អន្តរការណ៍​លើក​មុន​។ មាត្រា ៧៥​ថ្មី ចែង បញ្ជាក់​។​

​ប៉ុន្តែ មាត្រា ៧៥​ថ្មី នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ចែង​បញ្ជាក់ថា បទ​ប្បញ្ញត្តិ​ខាងលើ ពុំ​ត្រូវ អនុវត្ត​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយាន យន្ត​ឡើយ​។​

​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ខាងលើ​ក្នុង​សំឡេង ៩៣/១០០ សំឡេង ក្នុងសម័យ​ប្រជុំ​សភា នៅ​ថ្ងៃទី​២៦ ខែធ្នូ នា​វិមាន​រដ្ឋសភា តាម​សេចក្តីព្រាង​របស់​រដ្ឋាភិបាល​។​

​រដ្ឋាភិបាល​បានធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​មាត្រា​ចំនួន ៩ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ក្រោយ​មាន​ការប្រទាំងប្រទើស​មួយចំនួន ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​រហូតមក​។​

​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ប្រកាស​ដោយ​ព្រះរាជក្រម កាល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ ៕


Tag:
 ច្បាប់​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com