អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តៃវ៉ាន់ ដាស់តឿន​ទាហាន​ខ្លួន​ឲ្យ​ត្រៀមខ្លួន​ជានិច្ច ក្រោយ​ចិន សម្ញែង​នាវា​ដឹកនាំ​យន្តហោះ​ក្បែរ​ខ្លួន​នោះ
28, Dec 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ហាក់ដូចជា​កំពុងតែ​បញ្ជា និង​ប្រុង​ការ​ខ្លាំង​ទៅកាន់​កងទ័ព​របស់ខ្លួន ក្រោយពី​ចិន បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​ក្បែរ​កោះ​វ៉ាន់​ផងដែរ​នោះ​។ ការ​រឹតបន្តឹង​សន្តិសុខ​ការពារ​នេះ ក៏​ធ្វើឡើង​ស្របពេល រដ្ឋាភិបាល​ទាំងពីរ បាននិងកំពុង​តែ​ប្រឈមមុខ​ការទូត​គ្នា​ខ្លាំង​ផងដែរ​។

 
«​ការគំរាមកំហែង​ពី​គូសត្រូវ​របស់​យើង កំពុងតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យើង គួរតែ​រក្សា​ការត្រៀមខ្លួន​ការប្រយុទ្ធ​គ្រប់ពេលវេលា​។ យើង ត្រូវតែ​ពង្រឹង​ការបណ្តុះបណ្តាល​យោធា​របស់​យើង ដូច្នេះ ពួកគេ​(​ទាហាន​) មិន​ត្រឹមតែ​អាច​រួច​ផុតពី​ការស្លាប់​នោះទេ ក៏ប៉ុន្តែ ក៏​អាច កម្ទេច​សត្រូវ និង​អាចបំពេញ​បេសកម្ម​ផងដែរ​»​។ នេះ​គឺ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់ Feng Shih-kuan នៅ​ថ្ងៃទី​២៦ ធ្នូ ជុំវិញ​បញ្ហា​សន្តិសុខ​ចុងក្រោយ ដែល​បាន​ដកស្រង់​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើទោះបីជា​តៃវ៉ាន់ បានចាត់ទុក​សកម្មភាព​ដឹកជញ្ជូន​យន្តហោះ​ចម្បាំង​របស់​ចិន ថា​ជាការ​គំរាមកំហែង​ក៏ដោយ ក្រសួងការពារជាតិ​ចិន បានចេញ​សេចក្តីប្រកាស​មួយ​ដោយ អះអាងថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ទីមួយ (Liaoning) របស់ខ្លួន​ទៅកាន់​តំបន់​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​នោះទេ​។  ក្រសួង ក៏បាន​បន្តទៀតថា សមយុទ្ធ​យោធា​នេះ ក៏​ជា​លំ​ហាត់​យោធា​ប្រចាំឆ្នាំ​ដែរ​។ 
 
​តែ​យ៉ាងណាក៏ដោយ ដំណើរ​នៃ​ការដឹកជញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​ចិន ហាក់ដូចជា​ចៃដន្យ​ពេក​។ ចៃដន្យ​នោះ​គឺ នាវា បាន​កាត់​ទាំង​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ជប៉ុន និង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​រដ្ឋ​អាស៊ាន​ពាក់ព័ន្ធ​ផងដែរ​នោះ​។ ទំនងជា​ចិន ចង់​សម្ញែង​សាច់ដុំ​យោធា​ដាក់​ប្រទេស​ទាំងនោះ​ហើយ​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ ថ្មីៗ​នេះ តៃវ៉ាន់ និង​ចិន ក៏មាន​បញ្ហា​ការទូត​ជាមួយគ្នា​ខ្លាំង​ណាស់ដែរ​។ បញ្ហា​នោះ ក៏​ពាក់ព័ន្ធ​ជាមួយ​ការ​លូកដៃ​របស់​អាមេរិក​ជាមួយនឹង​តៃវ៉ាន់ ដែល​ចិន តែងតែ​ប្រកាស​ក្តែ​ងៗ​ម្តង​ហើយ​ម្តង​ទៀតថា​ជា​ផ្នែក​មួយ​របស់ខ្លួន​នោះ​។ នៅ​សប្តាហ៍​មុន លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បានអនុម័ត​ច្បាប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០១៧​ថ្មី ដោយ​នៅតែ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយនឹង​តៃវ៉ាន់ ខណៈ លោក​ប្រធានាធិបតី​ត្រៀម​កាន់អំណាច​អាមេរិក ដូ​ណា​ល់​ត្រាំ អះអាងថា លោក មិនសូវ​ខ្វល់ខ្វាយ​ទៅនឹង​គោលនយោបាយ​ចិន​តែមួយ​នោះ​៕ 

Tag:
 តៃវ៉ាន់​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com