អន្តរជាតិ
សភា​គុយបា​អនុម័ត​ច្បាប់​ហាម​យកឈ្មោះ ហ្វី​ដែល​កា​ស្ត្រូ ប្រើ​នៅ​ទីសាធារណៈ​
28, Dec 2016 , 11:47 am        
រូបភាព
អតីតមេដឹកនាំបដិវត្តន៍គុយបា ហ្វីដែល កាស្រ្តូ (រូបភាព Xinhua)
អតីតមេដឹកនាំបដិវត្តន៍គុយបា ហ្វីដែល កាស្រ្តូ (រូបភាព Xinhua)
​សភាជាតិ​នៃ​រដ្ឋ​កុម្មុយនីស្ត​គុយបា បានសម្រេច​អនុម័ត​ច្បាប់​ដែល​សំដៅ​ហាមឃាត់​ការសាងសង់​រូបសំណាក​មេដឹកនាំ​បដិវត្តន៍ ហ្វី​ដែល កា​ស្ត្រូ (Fidel Castro) ឬក៏​ដាក់ឈ្មោះ​របស់លោក​សម្រាប់​ទី​សារ​ធាណៈ​នានា​។ ការអនុម័ត​ច្បាប់​នេះ ធ្វើឡើង​ស្របតាម​បំណងប្រាថ្នា​របស់លោក ហ្វី​ដែល កា​ស្ត្រូ ផ្ទាល់ ដែល​មិន​ចង់​ឲ្យ​មាន​វប្បធម៌​នៃ​គោរព​បុគ្គល​ណាមួយ​ខ្លាំង​ឡើយ​។​



​លោក ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី និង​ជា​មេដឹកនាំ​បដិវត្ត​កុំម្មុយនីស្ត​គុយបា បានទទួល​ទទួលមរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ កាល​លោក​នៅមាន​ជីវិត​នៅឡើយ​នោះ លោក​បាន​បន្សល់ទុក​ពាក្យ​បណ្ដាំ​មួយ គឺ​លោក​មិន​ចង់​ឲ្យ​មាន​ការប្រើ​ឈ្មោះ​របស់លោក​សម្រាប់​ដាក់​ឲ្យ​ទីតាំង​ណាមួយ ហើយ​លោក​ក៏​មិន​ត្រូវការ​ស្តូប​រម្លឹក​គុណ​អ្វី​ដែរ​។​

​សារព័ត៌មាន Daily Mail ផ្សាយ​ថា គោរព​តាម​ពាក្យ​បណ្ដាំ​នេះ សភា​គុយបា នៅ​ថ្ងៃទី​២៧ ខែធ្នូ បានសម្រេច​បង្កើត​ច្បាប់​ថ្មី​មួយ ហាមប្រាម​យកឈ្មោះ​របស់​អតីត​មេដឹកនាំ​បដិវត្តន៍ ហ្វី​ដែល កា​ស្ត្រូ ទៅប្រើ​នៅតាម​អាគារ​សាធារណៈ ឬក៏​ដាក់​ជា​ឈ្មោះ​ឲ្យ​សាលារៀន​ជាដើម​។ លោក ហ្វី​ដែល កា​ស្ត្រូ ធ្លាប់​អះអាងថា​៖ «​បុរស និង​ស្ត្រី ដែល​ដឹកនាំ​គុយបា គឺជា​មនុស្ស មិនមែន​ព្រះ​ឡើយ​»​។​

​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​ប្អូនប្រុស​បង្កើត​របស់លោក ហ្វី​ដែល កា​ស្ត្រូ បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា​ថា គំនិត​តស៊ូ​ប្ដូរផ្ដាច់​របស់​បងប្រុស​លោក នឹង​នៅតែមាន​ក្នុង​សតិសម្បជញ្ញៈ​នៃ​ជន​បដិវត្តន៍​គុយបា​ទាំង​ថ្ងៃនេះ ថ្ងៃស្អែក និង​ជា​រៀងរហូត​។ ដូច្នេះ​វិធី​សំខាន់បំផុត​ដើម្បី​គោរព «​មេបញ្ជាការ​របស់​យើង​» គឺ​ដើរ​តាម​គំនិត​បដិវត្តន៍​របស់​លោក​។​

​យ៉ាងណាក្ដី ចាប់តាំងពី​មរណភាព​កាលពី​មួយខែ​មុន គេ​សង្កេតឃើញ​រូបថត​ដ៍​ធំ​របស់លោក ហ្វី​ដែល កា​ស្ត្រូ ដាក់​តាំងនៅ​ទីលាន​បដិវត្តន៍​ក្នុង​ក្រុង​ឡា​ហាវ៉ាន​។ ច្បាប់​ថ្មី​នេះ មិនបាន​រារាំង​ការយក​ឈ្មោះ ឬក៏​អ្វី​ផ្សេង​ដែល​ជាប់ទាក់ទង​នឹង​លោក​ទៅប្រើ​ក្នុង​បទ​ចម្រៀង​, ក្នុង​អត្ថបទ​អក្សរសិល្ប៍ និង​រោងកុន​អ្វី​ដែរ​។ ម្យ៉ាងទៀត រូបថត​របស់ ហ្វី​ដែល កា​ស្ត្រូ ដែល​ត្រូវបាន​ព្យួរ​តាម​សាធារណៈ​, អាគារ​ស្ថាប័នរដ្ឋ នឹង​នៅតែ​រក្សា​ដដែល​៕


Tag:
 គុយបា​
  Fidel Castro
© រក្សាសិទ្ធិដោយ thmeythmey.com