ជាតិ
ឆ្លង​ស្រឡាង ពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់ មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ឡើយ​
28, Dec 2016 , 3:41 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​នឹងដាក់​ឲ្យ​ប្រើប្រាស់​ស្រឡាង ដោយ​ឥត​យក​កម្រៃ អំឡុងពេល​ស្ពាន​ជ្រោយ​ច​ងា្វរ​ចាស់ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ត្រូវ​បិទ​បណ្ដោះអាសន្ន ដើម្បី​បើក​ការដ្ឋាន​ជួសជុល​កែលម្អ ចាប់ពី​ខែមករា​ឆ្នាំ​២០១៧ ។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។



​តាម​ផែនការ​ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​ត្រូវបាន​កសាង​ក្នុងសម័យ​សង្គមរាស្ត្រនិយម នឹងត្រូវ​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ នៅ​ខែមករា​ឆ្នាំ​២០១៧ ។ ក្រុមហ៊ុន​ជប៉ុន​នឹង​ចំណាយពេល​ប្រហែល ២២​ខែ​ដើម្បី​បញ្ចប់​ការជួសជុល​ស្ពាន​នេះ​។ នៅក្នុង​អំឡុងពេល​ដំណើរការ​ជួសជុល​ស្ពាន អាជ្ញាធរ​ចង់យក​ស្រឡាង​ពី​អ្នក​លឿង​មក​ចម្លង​អ្នកដំណើរ​ពី​ត្រើយ​ម្ខាង ទៅ​ត្រើ​យ​ម្ខាង​ទៀត​នៅ​ទីតាំង​នេះ​។

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៨​ខែធ្នូ​នេះ​ថា មុនដំបូង​ក្រសួង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ស្រឡាង​តែ​១ ប៉ុន្តែ​ឥឡូវ​ក្រសួង​កំពុង​ពិចារណា​ដាក់​ដំណើរការ​ស្រឡាង​ចំនួន​២ ដើម្បី​សម្រួលការ​ធ្វើដំណើរ​។ លោក​បញ្ជាក់ថា ការឆ្លង​ស្រឡាង​អំឡុងពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ នឹងមិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ​នោះទេ ដោយ​លោក​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ថា​យកលុយ​មិនកើត​ទេ ដោយសារ​ស្ពាន​ជ្រោយចង្វារ​ឆ្លង​អត់​យកលុយ បើ​យើង​ដាក់​ស្រឡាង​យកលុយ​គាត់ គឺ​វា​ខុស​ហើយ ដូច្នេះ​យើងខ្ញុំ​ថា​អត់​យកលុយ​ទេ​»​។​

​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ កាលពីពេល​កន្លងមក ម្ចាស់ជំនួយ​ជប៉ុន​ នឹងត្រូវ​ចំណាយ​ថវិកា​សម្រាប់​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ ប៉ុន្តែ​មន្ត្រី​ទាំងនេះ​មិនអាច​បញ្ជាក់បាន​ពី​ទំហំ​ទឹកប្រាក់​ក្នុងការ​ជួសជុល​នេះ​ទេ​៕


Tag:
 ស៊ុន ចាន់ថុល​
  ស្ពាន​ជ្រោយចង្វារ​
© រក្សាសិទ្ធិដោយ thmeythmey.com