អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេស៖ ចិន នៅមិនទាន់ជាមហាអំណាចសេដ្ឋកិច្ចខ្លាំងបំផុតរបស់ពិភពលោកនោះទេ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying
×
គ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង សម្រេចបានជោគជ័យការទូតគួរកត់សម្គាល់ជាប់ៗគ្នា ដែលជោគជ័យទាំងនោះ រួមមានទាំងការផ្តើមការទូតឡើងវិញជាមួយនឹង ន័រវេស សៅតូមេ និងព្រីនស៊ីប (Sao Tome and Principe) និងការបញ្ឈប់ដំណើរទស្សនកិច្ចសម្តេចសង្ឃទីបេទៅកាន់ម៉ុងហ្គោលីជាដើមនោះ។ ជោគជ័យនេះ ក្រុងប៉េកាំង អះអាងថាមិនមែនមកពីអំណាចសេដ្ឋកិច្ចរបស់ខ្លួននោះទេ តែដោយសារគោលនយោបាយការទូតរឹងមាំ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី ២៧ ធ្នូ អ្នកសារព័ត៌មាន បានលើកឡើងថា៖«ការទូតរបស់ចិន ចុងក្រោយនេះ សម្រេចបានសមិទ្ធផលចម្បងច្រើន ដែលរួមមានការផ្តើមទំនាក់ទំនងធម្មតាឡើងវិញជាមួយនឹង ន័រវេស ការប្តេជ្ញាចិត្តរបស់ម៉ុងហ្គោលីមិនឲ្យមានដំណើរទស្សនកិច្ចសម្តេចទីបេ Dalai និងការផ្តាច់ចំណងការទូតរវាង សៅតូមេ និងព្រីនស៊ីបជាមួយនឹងតៃវ៉ាន់។ ហើយកាសែត Bloomberg ថែមទាំងពណ៌នា ជោគជ័យនេះថាជាជោគជ័យកាទូតបីជាប់ៗគ្នា និងកាសែតខ្លះទៀត ថាក៏ដោយតែអំណាចសេដ្ឋកិច្ច ដែលប្រៀបដូចអាវុធយុទ្ធសាស្ត្រនោះ»?
តបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានបញ្ជាក់តាមន័យសេដ្ឋកិច្ចថា ក្នុងនាមជាប្រទេសកំពុងតែអភិវឌ្ឍដែលធំជាងគេរបស់ពិភពលោក «ចិនមិនទាន់ក្លាយជាមហាអំណាចសេដ្ឋកិច្ចខ្លាំងក្លាបំផុត»នៅឡើយនោះទេ។ លោកស្រី បានពន្យល់ថាទំនាក់ទំនងការទូតរបស់ចិន ផ្តោតលើ ការគោរពគ្នាទៅវិញទៅមក ការគាំទ្រគ្នាប្រកបដោយសមភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលស្របតាមគោលការណ៍សហស្ថិរភាព។
សូមរម្លឹកផងដែរថា នៅថ្ងៃទី១៩ ធ្នូកន្លងទៅ រដ្ឋាភិបាលចិន និងរដ្ឋាភិបាលន័រវេស បានផ្តើមចំណងនយោបាយ និងដំណើរការការទូតធម្មតាឡើងវិញជាមួយនឹងគ្នា បន្ទាប់ពី មានរឿងរកាំរកុះនៅឆ្នាំ២០១០នោះ។ ស្របនឹងការដំណើរការការទូតនេះដែរ ភាគីទាំងពីរ បានផ្តើមកិច្ចចរចាសេដ្ឋកិច្ចកម្រិតកំពូលជាមួយគ្នា ដែលគេស្គាល់ថាជា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
បន្ថែមពីនេះ នៅថ្ងៃទី២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី Tsend Munkh-Orgil បានប្រកាសថា មេដឹកនាំនិរទេសទីបេសម្ដេចសង្ឃដាឡៃ ឡាម៉ា នឹងមិនត្រូវបានអនុញ្ញាតឲ្យឈានជើងចូលទឹកដីម៉ុងហ្គោលីទៀតឡើយ បើទោះជាក្នុងគោលដៅសាសនាក៏ដោយចុះ។ ការប្រកាសនេះ ក៏ធ្វើឡើងក្រោយពី ចិន បានផ្ដល់មេរៀនជូរចត់មួយដល់ម៉ុងហ្គោលី ដែលចង់ទទួលសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា ដោយបានបិទចំណុចឆ្លងព្រំដែនដ៏សំខាន់ជាមួយម៉ុងហ្គោលី ដែលធ្វើឲ្យឡានដឹកទំនិញរាប់ពាន់គ្រឿងមិនអាចចូលទឹកដីចិនបាន។
ហើយចុងក្រោយនេះ រដ្ឋាភិបាលចិន និងរដ្ឋាភិបាល Sao Tome and Principe នៅថ្ងៃទី២៦ ធ្នូ បានប្រកាសជាផ្លូវការក្នុងការបន្តទំនាក់ទំនងការទូតជាមួយនឹងគ្នាឡើងវិញ ក្រោយពីបានកាត់ផ្តាច់គ្នាអស់រយៈពេល១៩ឆ្នាំហើយនោះ។ ការបន្តចំណងការទូតនេះ ធ្វើឡើងក្រោយពី ប្រទេសតំបន់អាហ្វ្រិក Sao Tome and Principe បានប្រកាសផ្តាច់ចំណងការទូតជាមួយនឹងកោះតៃវ៉ាន់ ក្រោមហេតុផលថា ភ្ជាប់ទំនងទំនងជាមួយនឹងចិន អាចជួយស្រោចស្រង់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជនខ្លួនកាន់តែល្អប្រសើរជាងមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com