កីឡាអន្តរជាតិ
អន្តរជាតិ
Okazaki ត្រូវបាន​អ្នកកាសែត​ជ្រើសរើស​សម្រាប់​ពាន Best Footballer in Asia
29, Dec 2016 , 8:19 am        
រូបភាព
ដោយ: រួបរួម
 
 
Shinji Okazaki ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ជប៉ុន និង​ក្លិប Leicester City នៃ​ក្របខណ្ឌ English Premier League ឈ្នះ​ពានរង្វាន់​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​នៅ​អាស៊ី (Best Footballer in Asia 2016) តាមរយៈ​ការបោះឆ្នោត​ពី​សំណាក់​អ្នកកាសែត​កីឡា​ចំនួន​៣៨​នាក់​នៅ​អាស៊ី​។​

 
Shinji Okazaki ទទួលបាន​១២៦​ពិន្ទុ ដោយ​លើស Omar Abdulrahman ខ្សែប្រយុទ្ធ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ក្លិប Al Ain តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។ Son Heung-min ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង និង​ក្លិប Tottenham Hotspurs ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ ដោយបាន​១០៩​ពិន្ទុ Sardar Azmoun ខ្សែប្រយុទ្ធ​អឺរ៉ុប និង​ក្លិប FC Rostov របស់​រុស្ស៊ី បាន​៤៦​ពិន្ទុ និង កីឡាករ​ប្រេ​ស៊ី​ល Leonardo ដែល​លេង​ឲ្យ​ក្លិប​កូរ៉េខាងត្បូង Jeonbuk Hyundai Motors បាន​៣៤​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ ។ ខ្សែប្រយុទ្ធ​ថៃ Chanathip Songkran ដែល​លេង​ឲ្យ​ក្លិប Muangthong United ស្ថិត​ចំណាត់ថ្នាក់​លេខ​១៥ ក្នុងចំណោម​កីឡាករ​២០​នាក់​។​
 
​ពានរង្វាន់ Best Footballer in Asia ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន​កីឡា​ចិន Titan Sports ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ ខ្សែបម្រើ​ជប៉ុន Keisuke Honda បានឈ្នះ​ពាន​ដំបូង ដែល​កាលណោះ គេ​លេង​ឲ្យ​ក្លិប CSKA Moscow របស់​រុស្ស៊ី ហើយ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Son Hueng-min បានឈ្នះ​២​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុងនាម​ជា​កីឡាករ​របស់ Bayer Leverkusen និង Tottenham Hotspur​។​
 
​ពានរង្វាន់​ដែល​យក​លំនាំ​តាម Ballon d’Or របស់​ទស្សនា​វ​ដ្តី​បារាំង France Football នេះ គឺ​សំដៅលើ​កីឡាករ​អាស៊ី​ដែល​ប្រកប​អាជីព​នៅ​ក្លិប​ក្នុង​តំបន់ និង​លើ​ពិភពលោក រួមទាំង​កីឡាករ​បរទេស​ដែល​ប្រកប​អាជីព​នៅ​ប្រទេស​ដែលជា​សមាជិក AFC​។​
 
​សម្រាប់​ឆ្នាំ​២០១៦ នេះ Shinji Okazaki គឺជា​កម្លាំង​ដ៏​សំខាន់​មួយ​ដែល​ជួយ​ឲ្យ Leicester City លើក​ពាន English Premier League ជា​ប្រវត្តិសាស្ត្រ​។ Okazaki បានបង្ហាញ​ខ្លួន​ចំនួន​៣៦​ប្រកួត​ក្នុងចំណោម​៣៨​ប្រកួត​។​
 
​គណៈវិនិច្ឆ័យ​ដែលជា​អ្នកសារព័ត៌មាន​ទាំង​៣៨​រូប​មាន​មកពី​អា​ហ្វ​ហ្គា​នី​ស្ថាន អូស្ត្រាលី បា​រ៉ែ​ន កម្ពុជា ចិន ឆាយ​នី​ស​-​តៃប៉ិ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន ហ្ស៊​ក​ដង់ កូរ៉េខាងត្បូង គូ​វែ​ត លី​បង់ ម៉ា​កាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា អូ​ម៉​ង់ ប៉ា​គី​ស្ថាន ប៉ា​ឡេ​ស្ទី​ន ហ្វីលីពីន កាតា អា​រ៉ា​ប៊ី​សា​អូឌីត សិង្ហ​បុរី ស៊ី​រី តា​ហ្ស៊ី​គី​ស្ថាន ថៃ តួ​កមេ​នី​ស្ថាន អារ៉ាប់​រួម​អេ​មី​រ៉េត អ៊ូ​បេ​គី​ស្ថាន វៀតណាម និង​សមាជិក​គណៈវិនិច្ឆ័យ​៥​រូប​ផ្សេងទៀត​ដែល​មិន​ស្ថិតក្រោម​ចំណុះ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC)៕
 

Tag:
 Shinji Okazaki
  Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com