អន្តរជាតិ
លោក ឃែរី រម្លឹកអ៊ីស្រាអែលថា«រដ្ឋបាលអូបាម៉ាជួយអ៊ីស្រាអែលច្រើនជាងអ្នកណាទាំងអស់» រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (រូបភាព Xinhua)
× ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចអាមេរិក និងអ៊ីស្រាអែល កំពុងជួបបញ្ហារកាំរកូសយ៉ាងខ្លាំង ក្រោយការបោះឆ្នោតថ្កោលទោសអ៊ីស្រាអែលនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទថា លោកបារ៉ាក់ អូបាម៉ា បានក្បត់ខ្លួន ប៉ុន្តែអាមេរិកក៏ឆ្លើយវិញថា ខ្លួនបោះឆ្នោតដើម្បីសន្តិភាព និងឆ្លៀតរម្លឹកអ៊ីស្រាអែលថា អាមេរិកបានជួយអ៊ីស្រាអែលច្រើនជាងអ្នកណាទាំងអស់។
«ធ្វើបុណ្យមួយរយសំពៅ ទោសមួយចូលទៅ រលាយបាត់អស់» អាចជាប្រយោគដែលអាចប្រើសម្រាប់ពន្យល់ស្ថានភាពនៃទំនាក់ទំនងរវាងអាមេរិក និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ សម្ព័ន្ធភាពអាមេរិក និងអ៊ីស្រាអែល ធ្លាក់យ៉ាងខ្លាំង ក្រោយអាមេរិកបោះឆ្នោតអនុបវាទលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ សំដៅថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលដែលបំពានទឹកដីប៉ាឡេស្ទីន។
បន្ទាប់ពីការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃែរី (John Kerry) បាននិយាយការពារការបោះឆ្នោតរបស់ខ្លួនថា ជាការរក្សាដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងដើម្បីរក្សាសន្តិភាពតំបន់ផងដែរ។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ មិនពេញចិត្តការបកស្រាយរបស់អាមេរិកទេ និងបានចាត់ទុកប្រមុខការទូតអាមេរិក «មិនមែនជាមិត្តរបស់អ៊ីស្រាអែល» ឡើយ ព្រោះមិត្តមិនអាចក្បត់មិត្តទេ។
យ៉ាងណាក្ដី ប្រមុខការទូតអាមេរិករូបនេះ ហាក់អន់ចិត្តនឹងពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលប្រតិកម្មធ្ងន់ៗដាក់អាមេរិកជុំវិញបញ្ហាលើកនេះ ដ្បិតតាំងពីដើមមកអាមេរិកមិនដែលបោះបង់អ៊ីស្រាអែលឡើយ។ ថ្លែងក្នុងកម្មវិធីមួយនៅក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២៨ ខែធ្នូ លោក ឃែរី បញ្ជាក់ថា នេះជារឿងខកចិត្តដែលមិត្តរបស់អាមេរិកខ្លះជឿថា ការបង្កើតមិត្តភាពជាមួយអាមេរិកគឺ តម្រូវឲ្យអាមេរិកគោរពនយោបាយរបស់ខ្លួន។
លោក សង្កត់ធ្ងន់ទៀតថា មិត្តភក្តិល្អត្រូវប្រាប់គ្នាពីការពិត បើទោះជាវាជារឿងពិបាកទទួលយកយ៉ាងណាក៏ដោយ ហើយមិត្តភក្តិល្អ ក៏ត្រូវគោរពគោរពផលប្រយោជន៍គ្នាទៅវិញទៅមកដែរ។ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានរម្លឹកអ៊ីស្រាអែល ពីការប្រឹងប្រែងរបស់អាមេរិកក្នុងការជួយរដ្ឋជ្វីហ្វមួយនេះនាពេលកន្លងមក។ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកាលពីសប្ដាហ៍មុន គឺជាដំណោះស្រាយកម្រប្រឆាំងអ៊ីស្រាអែល ដ្បិតអាមេរិកតែងបោះឆ្នោតវ៉េតូរហូតមក។
ជាការពិត នរណាក៏ដឹងដែរថា អាមេរិក តែងជួយអ៊ីស្រាអែលរហូតមក មិនថាការទូត ឬយោធាឡើយ។ លោក ឃែរី អះអាងថា រដ្ឋបាលលោកអូបាម៉ា គឺជាមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែលតាំងពីដើមទី ហើយអាមេរិកមិនដែលផ្លាស់ប្ដូរជំហររបស់ខ្លួនអ្វីឡើយ។ មកទល់ពេលនេះ គ្មានរដ្ឋបាលអាមេរិកណាមួយជួយទំនុកបម្រុងអ៊ីស្រាអែលច្រើនជាងរដ្ឋបាលលោកអូបាម៉ា ទេ ហើយដែលនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ផ្ទាល់ ក៏ទទួលស្គាល់ដែរ។
Tag:
អាមេរិក
អ៊ីស្រាអែល
John Kerry
© រក្សាសិទ្ធិដោយ thmeythmey.com