ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​យានយន្ត​គ្មាន​ស្លាក​លេខ​ត្រូវ​ជាប់ពន្ធនាគារ​ពី ៦​ថ្ងៃ ដល់​១​ខែ និង​ពិន័យ​ថវិកា​ពី ៤​សែន ដល់​១​លាន​រៀល​
02, Jan 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មាត្រា ៨២​ថ្មី នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក បាន​ចែងថា ជន​ណា​ប្រើប្រាស់​យានយន្ត​គ្មាន​បណ្ណ​សម្គាល់ ឬ​គ្មាន​ស្លាក​លេខ​សម្គាល់​យានយន្ត ត្រូវ​រង​ពិន័យ​អន្តរការណ៍ តាម​ការ កំណត់​ក្នុង​អនុក្រឹត្យ​។​


មាត្រា ៨២​ថ្មី ដែល​រដ្ឋសភា​ទើប​អនុម័ត​វិសោធនកម្ម នៅ​ថ្ងៃទី​២៦ ខែធ្នូ​នេះ បាន​បន្ត​ចែងថា អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​)​ថ្ងៃ ទៅ ១ (​មួយ​)​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៤០០ ០០០ (​បួន​សែន​)​រៀល ដល់ ១ ០០០ ០០០ (​មួយ​លាន​)​រៀល ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្តង​រួចហើយ តែ​គេ​នៅ​បន្ត​ប្រព្រឹត្តល្មើស​ទៀត អំឡុងពេល ៦ (​ប្រាំមួយ​) ខែ គិត​ចាប់ពី​ការពិន័យ​អន្តរការណ៍​លើក​មុន​។​

ប៉ុន្តែ មាត្រា​ដដែល បានចែង​បញ្ជាក់ថា បទ​ប្បញ្ញត្តិ​កថាខណ្ឌ​ខាងលើ មិនត្រូវ​អនុវត្ត​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ឡើយ​។​

រដ្ឋសភា​បានអនុម័ត​សេចក្តី​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​មាត្រា​ចំនួន ៩ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក លើ​សំឡេង ៩៣/១០០​សំឡេង ក្នុងសម័យ​ប្រជុំ​សភា នៅ​ថ្ងៃទី​២៦ ធ្នូ​នេះ នា​វិមាន​រដ្ឋសភា​។​
​រដ្ឋាភិបាល​បានធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ទាំង ៩​មាត្រា​នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ក្រោយ​មាន​ការប្រទាំងប្រទើស​មួយចំនួន ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​រហូតមក​។​

ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ប្រកាស​ដោយ​ព្រះរាជក្រម កាល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com