អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
២០១៦៖ ជំនួប​កំពូល​អាមេរិក​-​អាស៊ាន​រៀបចំឡើង​នៅ​ទឹកដី​អាមេរិក​ជា​ប្រវត្តិសាស្ត្រ​
30, Dec 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​ដែល​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៦​។​កិច្ចប្រជុំ​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​និង អាមេរិក​បន្ត ការពង្រឹង​ចំណង​ការទូត សេដ្ឋកិច្ច  នយោបាយ និង​សន្តិសុខ រួមទាំង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ផង​ក្នុង​ក្រម​ខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​។

 
​ឆ្នាំ ២០១៦ នេះ ទំនាក់ទំនង​អាស៊ាន​និង​អាមេរិក​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត ហើយ​ទំនាក់ទំនង​ប្រសើរឡើង​នេះ​ស្តែងឡើង​តាម​ការរៀបចំ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​អាស៊ាន​ទាំង ១០ នៅ​អាមេរិក​។ កិច្ចប្រជុំ​នោះ​ត្រូវបាន​រៀបចំឡើង​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នៅ​ទីក្រុង Racho Mirage នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ 
 
​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដោយសារ​វា​ជា​កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​បំផុត​នៅលើ​ទឹកដី​អាមេរិក ហើយ​វា​ក៏​ត្រូវបាន​រៀបចំឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​អាមេរិក​និង​អាស៊ាន​សម្រេច​លើក​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​កន្លងមក​នោះ​។ 
 
​ថ្វីបើ កិច្ចប្រជុំ​កំពូល​ប្រវត្តិសាស្ត្រ​នេះ និយាយ​ទៅ​មាន​លក្ខណៈ​មិន​ផ្លូវការ ហើយ​វា​ក៏​មិនសូវ​ជាពិសេស​ដូច​ឈ្មោះ​ក្តី វា​ជា​ឱកាស​ចុងក្រោយ​ដែល​លោក អូ​បា​ម៉ា ប្រើប្រាស់​ជា​សារ​ផ្ញើ​ទៅកាន់​ប្រជាជន​និង​អ្នកនយោបាយ​អាមេរិក​ឯទៀត​ថា  អាមេរិក​មិនអាច​ងាក​ចេញពី​អាស៊ាន​ឡើយ​។​
 
​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​គោលនយោបាយ​ឥត​ងាករេ​របស់​អាមេរិក​ចំពោះ​តំបន់​អាស៊ាន ក្រោម​គោលនយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​នៅក្នុង​តំបន់​អាស៊ី​នៃ​រដ្ឋបាល​លោក អូ​បា​ម៉ា នោះ​។ 
 
 បើ​និយាយ​ពី​សារសំខាន់​ផ្នែក​សេដ្ឋកិច្ច អាស៊ាន ជាទី​ផ្សារ​ធំ​សម្រាប់​ផលិត​អាមេរិក ព្រោះ​សហគមន៍​អាស៊ាន​មាន​ប្រជាជន​ប្រហែល ៦៦០ លាន​នាក់  ខណៈ​ទំហំ​សេដ្ឋកិច្ច​អាស៊ាន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ៧ លើ​ពិភពលោក​។  នេះ​មិន​រាប់ទាំង​ប្រយោជន៍ សន្តិសុខ និង​នយោបាយ​ឡើយ​។ ក្នុង​ក្រសែរ​ភ្នែក​ក្រុង​វ៉ាស៊ីនតោន តំបន់​អាស៊ាន​តំបន់​យុទ្ធសាស្ត្រ​និង​រឹងមាំ​ដែល​អាច​រក្សាបាន​សន្តិសុខ និង​ស្ថិរភាព​បានយូរ​អង្វែង ដែល​វា​ខុសប្លែក​ពី​តំបន់​ផ្សេងទៀត​ដួច​ជា​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ដែល​កំពុង​ហែកហួរ​គ្នា និង​ធ្លាក់ចុះ​ចូលក្នុង​ភ្លក់​ភ្លើងសង្គ្រាម​ផង​
 
​ដោយឡែក​នៅ​ចុងបញ្ចប់​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​និង​អាមេរិក​ក៏បាន​ដាក់ចេញ​សេចក្តីថ្លែងការណ៍​ឬ គោលការណ៍ Sunnylands ដើម្បី​កំណត់​ចង្អុល​ផ្លូវ​ដើរ​ទៅមុខ​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​រួមគ្នា​នេះ​។  សេចក្តីថ្លែងការណ៍​រួម​នេះ​មាន ១៧ ចំណុច ហើយ​វា​បញ្ជាក់​ច្បាស់​ពី​ការប្រឹងប្រែង​និង​ប្តេជ្ញាចិត្ត​របស់​ប្រទេស​អាស៊ាន​ទាំង ១០ និង​អាមេរិក​ក្នុងការ​ពង្រឹង​ចំណង​ការទូត សេដ្ឋកិច្ច  នយោបាយ និង​សន្តិសុខ រួមទាំង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ផង​ក្នុង​ក្របខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​។ 
 
 
​សូមបញ្ជាក់ថា អាស៊ាន​និង​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ត​ទំនាក់ទំនង​រួមគ្នា​តាំងពី​ឆ្នាំ ១៩៧៧ មកម្ល៉េះ ដោយ​សហរដ្ឋអាមេរិក​ស្ថិតនៅ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ ចាប់តាំងពី​ពេលនោះ​មក​អាមេរិក​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ដោយ​បង្កើតឡើង​កិច្ចប្រជុំ​និង​ពិភាក្សា​ច្រើន​កម្រិត​ដើម្បី​ផ្លាស់ប្តូរ​មតិយោបល់​ជុំវិញ​បញ្ហានយោបាយ​និង​សន្តិសុខ​ជាដើម​។ រហូតដល់​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០ ភាគី​ទាំងពីរ​បានផ្តល់​អាទិភាព​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខ​ស្បៀង ក៏ដូចជា​ជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​ផង​។​
 
​ក្នុង​ឆ្នាំ ២០០៥ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​អាស៊ាន​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង ញូវយ៉ក ដោយ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែលជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ព​ង្រឹ​ក​ភាពជា​ដៃគូ​រួមគ្នា​។ គេ​ឃើញ​មាន​ឯកសារ​សំខាន់​ចំនួន​ពីរ​ត្រូវបាន​អាមេរិក​និង​អាស៊ាន​អនុម័ត​រួមគ្នា ក្នុងនោះ​មាន​ផែនការ​សកម្មភាព​សម្រាប់​លើកកម្ពស់​ភាពជា​ដៃគូ​អាស៊ាន​អាមេរិក​ឆ្នាំ ២០០៦  និង​ការកែសម្រួល​ឡើងវិញ​នូវ​ចំណុច​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្រោម​ភាពជា​ដៃគូ​អាស៊ាន​និង​អាមេរិក​ឆ្នាំ ២០០៩​នោះ​។ ពីរ​ឆ្នាំ​ក្រោយមក សេចក្តីថ្លែងការណ៍​រួម​មួយទៀត​ស្តីពី​« ការពង្រីក​ភាពជា​ដៃគូ​អាមេរិក​-​អាស៊ាន​ដើម្បី​រក្សា​សន្តិភាព​និង​វិបុលភាព​» ត្រូវបាន​ភាគី​ទាំងពីរ​អនុម័ត​ឡើង​។​
 
​ជា​លទ្ធផល នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាមេរិក  និង​អាស៊ាន​នៅ​ទីក្រុង Bali ប្រទេស​ឥណ្ឌូនេស៊ី  ផែនការ​សកម្មភាព​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ សម្តៅ​ជំនួយ​ដល់​ការអនុវត្ត​សេចក្តីថ្លែងការណ៍​ខាងលើ​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​។ ផែនការ​សកម្មភាព​នេះ​មានកំណត់​ច្បាស់​ពី​វិធាន​ការសំខាន់​និង​ចំណុច​អាទិភាព​មួយចំនួន​ដែល​អាច​ពង្រឹង​ភាពជា​ដៃគូ​អា​ស៊ា​និង​អាមេរិក​បាន​ក្នុង​សរសរ​ស្តម្ភ​ទាំង​៤ មាន​ទាំង​នយោបាយ​សន្តិសុខ​,​សេដ្ឋកិច្ច​, សង្គម វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ផងដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com