អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ​៖ ពី​អ្នកជំនួញ​ទៅជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​
30, Dec 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
 ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក និង​ជា​ក្តីបារម្ភ​ដ៏​ធំ​របស់​អ្នកប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៦​នេះ​។  «​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​» ជា​ពាក្យស្លោក​ដែល​លោក ដូ​ណា​ល់ ត្រាំ តែងតែ​លើកឡើង​ក្នុងការ​ឃោសនាបោះឆ្នោត​។ ក្រោយពេល​លោក​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី គោលនយោបាយ​សំខាន់ៗ​មួយចំនួន​ដែល​លោក​តែង​លើកឡើង​នឹងត្រូវ​អនុវត្ត ក្រោយពេល​ស្បថ​ចូលកាន់​តំណែង​។

 
​ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥  របស់​អ្នកជំនួញ​ប្រែក្លាយជា​អ្នកនយោបាយ ដូ​ណា​ល់ ត្រាំ ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦​នេះ​។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​រំពឹងថា​រឿង​បែបនេះ​កើ​ឡើង​ទេ ប៉ុន្តែ​អ្វីៗ​ផ្លាស់ប្តូរ ហើយ​រឿង​មិនគួរ​កើត​បែរជា​កើត​រួចទៅហើយ​ដែរ​។​
 
 គេ​រំពឹងថា គោ​លន​យោ​យ​ជាច្រើន​ដែល​លោក​នឹងត្រូវ​អនុវត្ត ក្រោយពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ចុង​ខែម​ករានោះ​។ 
 
​រឿង​ដំបូង​គេ​គឺ បណ្តេញ​រាល់​ជនអន្តោប្រវេសន៍​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ​ចេញពី​សហរដ្ឋអាមេរិក​។ លោក ដូ​ណា​ល់ ត្រាំ សន្យាថា នឹង​បណ្តេញ​រាល់​ជនអន្តោប្រវេសន៍​ដែល​ខុសច្បាប់​និង​មិនមាន​ឯកសារ​ត្រឹមត្រូវ​។  ប៉ុន្តែ​អ្នកវិភាគ​បាន​ព្រមាន​ជាមុន ថា​គោលនយោបាយ និង​ចំណាត់ការ លោក​ដូ​ណា​ល់ ត្រាំ នឹង​បង្ក​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច​អាមេរិក ព្រោះ​ទីផ្សារ​អាមេរិក​នឹង​បាត់បង់​កម្លាំង​ពលកម្ម​ច្រើនពេក​។​
 
​លោក ដូ​ណា​ល់ ត្រាំ ក៏​នឹង​ហាមឃាត់​រាល់​បណ្តា​ប្រជាជន​ម៉ូ​ស្លី​ម​មិន​ឲ្យ​ចូលមក​សហរដ្ឋអាមេរិក​ដែរ ក្រោម​ហេតុផល​សន្តិសុខ​។ វា​ជា​រឿងចម្រូងចម្រាស​បំផុត​មួយ ព្រោះ​វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សេរីភាព​សាសនា និង​ជាការ​រើសអើង​មួយ​ដ៏​ធ្ងន់ធ្ងរ​។​
 
​រឿង​មួយ​ដែល​សំខាន់​នោះ​លោក នឹង​ចាប់ផ្តើម​គម្រោង​សង់​ជញ្ជាំង​ហ៊ុមព័ទ្ធ​អាមេរិក និង​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ផងដែរ​នៅ​ព្រំដែន​ភាគខាងត្បូង​ប្រទេស​ដែល​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ ប៉ុន្តែ​វា​មិនអាច​កើតឡើង​ភ្លាមៗ​ឡើយ ព្រោះ​វា​ជា​រឿងចម្រូងចម្រាស​ខ្លាំង ហើយ​គេ​មិនដឹងថា ម៉ិ​ក​ស៊ិ​ក​នឹង​ព្រម​បង់លុយ​សម្រាប់​ការសាងសង់​ឬ​អត់​ឡើយ​។ 
 
​បញ្ហា​សុខាភិបាល លោក ដូ​ណា​ល់ ត្រាំ នឹង​លុបចោល​ឲ្យ​អស់​មរតក​នយោបាយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​វិស័យនេះ​។ បទបញ្ញត្តិ​គ្រប់គ្រង​សុខាភិបាល​« Obamacare» នឹងត្រូវ​ជំនួស​វិញ​ដោយ​គោលនយោបាយ​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​គេ​ស្គាល់​ថា «Health Savings Accounts»​។ 
 
​ចំណែក​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ពិភព​ខាងក្រៅ លោក ដូ​ណា​ល់ ត្រាំ នឹង​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ការពារ​និយម​និង​ជាតិនិយម​ខ្លាំង​។  លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើង​ជាច្រើន​ដង​ថា បើសិនជា​លោក​ជាប់ឆ្នោត លោក​នឹង​ចរចា​ឡើងវិញ ឬ​អាច​ទាត់ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​ផង​។​
 
 កិច្ចព្រមព្រៀង​ដែល​លោក​នឹង​ចរចា​ឡើងវិញ​មុនគេ​គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាមេរិក​ខាងជើង (North American Free Trade agreement) ។ ហើយ​បន្តម​កលោក​នឹង​អាច​ទាត់ចោល ឬ​ចរចា​ឡើងវិញ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ផងដែរ​។ ហើយ​លោក​ក៏​នឹង​ព្យាយាម​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ខាងក្រៅ រួមទាំង​ដំឡើង​ពន្ធ​ឲ្យ​ខ្ពស់​សម្រាប់​ផលិត​នាំចូល​ថែមទៀត​ផង​។ ដូច្នេះ​វា​ជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ចពិភពលោក​។ 
 
​បន្ថែម​ពី​នោះ គោលនយោបាយ​ការបរទេស​របស់លោក​វិញ គឺ​បន្ថយ​ការចំណាយ​និង​ការពារ​ក្រុម​ប្រទេស​ណា​តូ និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​។ លោក​ធ្លាប់​អះអាងថា ក្រុម​ប្រទេស​សមាជិក​ណា​តូ ត្រូវ​បង់​វិភាគទាន​ឲ្យ​គ្រប់គ្រាន់​តាម​ការកំណត់​នៅក្នុង​សន្ធិសញ្ញា បើសិនជា​ចង់​ឲ្យ​អាមេរិក​ការពារ​ពេល​មាន​បញ្ហា​សន្តិសុខ​។ ហើយ​លោក​ក៏​ប្រហែលជា​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​មាន​អាវុធ​នុយក្លេអ៊ែរ ទុក​ប្រើប្រាស់​ការពារ​ខ្លួន​ផងដែរ​។  
 
​មួយវិញទៀត លោក​នឹង​ចាប់ផ្តើម​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ដែល​ធ្លាក់ចុះ​។ លោក​លើកឡើង​ជាច្រើន​ដង​ថា លោក​ពិតជា​អាចធ្វើ​ការ​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​។  ដូច្នេះ វា​ជា​រឿង​ដែល​អាចទៅរួច​ដែល​ប្រទេស​ទាំងពីរ​នឹង​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ពិភពលោក​រួមគ្នា​ដែរ​។ 
 
​រឿង​សំខាន់​មួយទៀត គឺ​បរិស្ថាន និង​ថាមពល​។ ផ្ទុយស្រឡះ​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ លោក ដូ​ណា​ល់ ត្រាំ មិន​ដែរ​ជឿជាក់ថា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​កើតមានឡើង​ឡើយ​។ ជាការ​ពិត​ដែល​លោក​នឹង​ចាប់ផ្តើម​កាត់​កញ្ចប់​លុយរាប់​ពាន់​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំណាយ​លើ​កម្មវិធី​រដ្ឋ​ប្រែប្រួល​អាកាសធាតុ​កន្លងមក​នោះ​។​
 
​ជា​យ៉ាង​ដូច្នេះ​ក្តី កន្លងមក​លោក​បាន​ព្យាយាម​ក្រឡាស់សម្តី​បន្តិច​ម្តងៗ មុនពេល​ពិធី​ស្បថ​ចូលកាន់​តំណែង​មកដល់​។ គេ​មិនគួរ​រំពឹងថា អ្វីដែល​លោក​ដូ​ណា​ល់ ត្រាំ បាន​សន្យា​កន្លងមក​នឹងត្រូវ​អនុវត្ត ឬ​ក្លាយជា​ការពិត​ទាំងអស់​ឡើយ​។ អ្វីៗ​នឹង​ផ្លាស់ប្តូរ ហើយ​លោក​ក៏​មិន​អាចធ្វើ​គ្រប់យ៉ាង​បាន​តាមចិត្ត​ក្នុងនាម​ជា​ប្រធានាធិបតី​នោះដែរ​៕
 

Tag:
 ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com