អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុង​សាន ស៊ូ​ជី​៖ ពី​អ្នកទោសនយោបាយ​ទៅជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​? (​ភាគ​១)
30, Dec 2016 , 1:59 pm        
រូបភាព
 
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់​ដែល​តំណាងឱ្យ​ការតស៊ូ​អហិង្សា​ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ទម្រាំ​មាន​ឋានៈ​ទីប្រឹក្សា​រដ្ឋ​ដ៏​មានអំណាច​ដូច​សព្វថ្ងៃ​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បែប​យោធា​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ខណៈ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​នៅឡើយ​នោះ​។​

 
១. ជីវិត​នយោបាយ ដែល​ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​ជាច្រើនលើក​
​វា​ប្រហែល​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ពីព្រោះ​ឪពុក​របស់​លោកស្រី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង សាន ជា​វីរបុរស​ទាមទារ​ឯក​រាជ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ចក្រភព​អង់គ្លេស​។ ជា​អកុសល លោក អ៊ុង សាន ត្រូវគេ​លួច​ធ្វើឃាត​នៅពេល​លោកស្រី ស៊ូ​ជី មាន​អាយុ​២​ឆ្នាំ​។​
 
​ជីវិត​នយោបាយ​របស់​លោកស្រី ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩៨៨ ជា​ឆ្នាំ​លោកស្រី​វិល​ចូល​ស្រុក​វិញ​ក្រោយ​ចាកចេញ​អស់​ពេល​ជាច្រើន​ឆ្នាំ​។ ការមកដល់​របស់លោក​ស្រី គឺ​ចំពេល​នៃ​ការកើនឡើង​ចលាចល​នយោបាយ​ក្នុងប្រទេស​។ មនុស្ស​រាប់ពាន់នាក់​ភាគច្រើន​ជា​សិស្ស ព្រះសង្ឃ​និង​មានកម្ម​ករ​ផង​នោះ បានធ្វើ​បាតុកម្ម​ទាមទា​រ​ឱ្យមាន​កំណែទម្រង់​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ នេ វិ​ន​។​
 
​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៨ លោកស្រី ស៊ូ​ជី បានប្រកាស​ដឹកនាំ​នូវ​ចលនា​មួយ​ប្រឆាំងនឹង​ការដឹកនាំ​របស់​ក្រុម​យោធា​របស់លោក នេ​វិ​ន​។ លោកស្រី បាន​ដឹកនាំ​ការប្រមូលផ្ដុំ​មហាជន​និង​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន ដើម្បី​ទាមទារ​ឱ្យមាន​កំណែទម្រង់​ប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​ដោយ​សេរី​នៅក្នុង​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ការប្រមូលផ្ដុំ​ទាំងនោះ ត្រូវបាន​វាយ​បង្ក្រាប​យ៉ាង​សាហាវ​ពី​សំណាក់​កងទ័ព​។​
 
​ខណៈដែល​ស្ថានការណ៍​មិន​ស្រួល កងទ័ព​មី​យ៉ាន់​ម៉ា​ក៏បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៨៨​។ ហើយ​ឆ្នាំ​បន្ទាប់មក លោកស្រី ស៊ូ​ជី ក៏ត្រូវ​ជាប់ឃុំ​ខ្លូន​ក្នុងផ្ទះ​។ នៅ​ខែឧសភា ឆ្នាំ​១៩៩០ រដ្ឋាភិបាលយោធា​បានប្រកាស​ពី​ការបោះឆ្នោតជាតិ​។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ ប៉ុន្តែ​ក្រុម​យោធា​មិនបាន​ផ្ទេរអំណាច​ឡើយ​។ ក្រោយ​ស្ថិតក្រោម​ការឃុំខ្លួន​អស់​រយៈពេល​៦​ឆ្នាំ លោកស្រី ស៊ូ​ជី ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​១៩៩៥​។​
 
​បន្ទាប់ពី​នោះមក លោកស្រី តែង​ត្រូវបាន​របប​យោធា​ចាប់ឃុំខ្លួន​ជា​ញឹកញយ ហើយ​ការឃុំខ្លួន​ចុងក្រោយ​របស់លោក​ស្រី​បានបញ្ចប់​កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១០​។ បន្ទាប់មកទៀត លោកស្រី​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​សម្រាប់​បំពេញ​កៅអី​សមាជិកសភា​ដែល​នៅ​ទំនេរ​នៅ​ឆ្នាំ​២០១២​។ គណបក្ស​លោកស្រី​ទទួលបាន​កៅអី​៤៣​ក្នុងចំណោម​កៅអី​ប្រកួតប្រជែង​សរុប​៤៥​។ លោកស្រី​ក៏បាន​ក្លាយជា​សមាជិកសភា​ជា​លើកដំបូង​ក្នុង​ជីវិត​នយោបាយ​។   
 
​អំឡុងពេល​ដដែល​នេះ ក្រុម​យោធា​បាន​ដកខ្លួន​ចេញពី​ការគ្រប់គ្រង​ផ្ទាល់​លើ​នយោបាយ​មី​យ៉ាន់​ម៉ា និង​បានប្រគល់​តួនាទី​ឲ្យ​លោក ថេ​ន សេន ជា​ប្រធានាធិបតី​ទទួលបន្ទុក​ដឹកនាំ​វិញ​។ មី​យ៉ាន់​ម៉ា ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា បាន​ប្រែខ្លួន​បន្តិច​ម្ដងៗ​ទៅជា​របប​ដឹកនាំ​ពាក់កណ្ដាល​ស៊ីវិល​។ កំណែទម្រង់​រដ្ឋ​ជាច្រើន ត្រូវបាន​ដាក់ចេញ​ក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី ថេ​ន សេន ។​
 
​គុណសម្បត្តិ​ដ៏​ធំ​របស់លោក ថេ​ន សេន គឺ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា និង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៥ ។ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ទាំងអស់​សភា​គ្រប់​ថ្នាក់ ហើយ​ថែមទាំង​មាន​សំឡេង​លើសលប់​ក្នុងការ​ជ្រើសរើស​ប្រធានាធិបតី​ទៀតផង​។ លោក ថេ​ន សេន ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ប្រកាស​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ទៀតផង​។​
 
​គណបក្ស​លោកស្រី ស៊ូ​ជី ក៏បាន​រៀបចំ​រដ្ឋាភិបាល​ថ្មី​មួយ​ដើម្បី​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​៥​ឆ្នាំ ដែលមាន​លោក ធិ​ន ច ជា​ប្រធានាធិបតី​។ រដ្ឋាភិបាល​លោក ធិ​ន ច ជា​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​គេ​រប​ស់មី​យ៉ាន់​ម៉ា​ក្នុងពេល​កន្លះ​សតវត្សរ៍​មកនេះ ហើយ​ពន្លឺ​នៃ​ប្រជាធិបតេយ្យ ក៏​ចាប់ផ្ដើម​រះ​ឡើងលើ​ទឹកដី​ដែល​ធ្លាប់តែ​រងគ្រោះ​ដោយសារ​ការគាបសង្កត់ បំបិទ​សិទ្ធិសេរីភាព​ប្រជាជន​។​
  
២. បង្កើត​តំណែង​ទីប្រឹក្សា​រដ្ឋ អង្គុយ​ជំនួស​កៅអី​ប្រធានាធិបតី​
​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​ចងក្រង​ដោយ​ក្រុម​យោធា គឺជា​របាំង​រាំងខ្ទប់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បើទោះជា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក៏ដោយ​។ ក្រុម​យោធា​ដែល​សរសេរ​រដ្ឋធម្មនុញ្ញ​នេះ ទំនង​បាន​ប៉ាន់ស្មាន​មុន​ហើយ​ថា កូនស្រី​វីរបុរស​ឯករាជ្យ​ជាតិ នឹង​ឈានដល់​តំណែង​ខ្ពង់ខ្ពស់​ដឹកនាំ​ប្រទេស​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។​
 
​នៅក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយ​ឥស្សរជន​នយោបាយ​ស៊ីវិល និង​មេដឹកនាំ​យោធា​ជាច្រើនលើក​។ លោកស្រី បាន​ជួប​ជាមួយ​ប្រធានាធិបតី ថេ​ន សេន និង​អគ្គមេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង (Min Aung Hlaing)​។ មិនតែប៉ុណ្ណោះ លោកស្រី ក៏បាន​ជួបពិភាក្សា​ជាមួយ​ចៅប្រុស​អតីត​មេដឹកនាំ​ផ្ដាច់ការ ថា​ន់ ស្វេ ផងដែរ​។​
 
​គេ​មិនដឹង​ច្បាស់​ពី​របៀបវារៈ​សំខាន់​នៃ​ជំនួប​ទាំងនោះ ខណៈ​គេ​ត្រឹម​ដឹងថា វា​ជា​ជំនួប​បង្កើន​ភាពកក់ក្ដៅ ដើម្បី​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​ប៉ុណ្ណោះ​។ ប៉ុន្តែ​គេ​ជឿថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី ទំនង​រឿង​សំខាន់​ក្នុងជំនួប​ទាំងនោះ​។ ការចរចា​ក្រៅ​ឆាកនយោបាយ​ជាច្រើន​ដង​មក​នោះ មិនមាន​ការរីកចម្រើន​អ្វី​ឡើយ ដ្បិត​ក្រុម​យោធា ក៏​មិន​សុខចិត្ត​កែ​រដ្ឋធម្មនុញ្ញ​ដែរ​។​
 
​ទីបំផុត ប្រធាន​បក្ស​កាន់អំណាច ក៏​ព្រម​បោះបង់​តំណែង​ប្រធានាធិបតី​ដែល​ប៉ង​ចង់បាន​តាំងពី​យូរ​មក និង​ប្រគល់​កៅអី​ប្រធានាធិបតី​នេះ​ឲ្យ​មនុស្ស​ជំនិត​លោកស្រី គឺ លោក ធិ​ន ច (Htin Kyaw) អង្គុយ​ជំនួស​វិញ​។ ជំនួស​មកវិញ រដ្ឋាភិបាល​ថ្មី ក៏​បង្កើត​តំណែង​ថ្មី​សម្រាប់​លោកស្រី គឺ «​ទីប្រឹក្សា​រដ្ឋ​»​។ តំណែង​ថ្មី​នេះ មិនមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេង តំណែង​នេះ​ស្មើនឹង​តំណែង​នាយករដ្ឋមន្ត្រី​។   
 
​តាមពិតទៅ ប្រធានាធិបតី ជា​តំណែង​រដ្ឋបាល​ខ្ពស់​ជាងគេ​នៅ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ប្រ​ធានា​ធីប​តី ធិ​ន ច ដែល​លោកស្រី ស៊ូ​ជី ជ្រើសរើស​ឲ​កាន់តំណែង​នេះ មិនមាន​អំណាច​អ្វី​ឡើយ ឬ​អាច​និយាយបានថា លោក មាន​តួនាទី​ត្រឹម​ជា​អាយ៉ង​ប៉ុណ្ណោះ​។ អំណាច​ពិតប្រាកដ ស្ថិតក្នុង​ដៃ​ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ដែលជា​ប្រធាន​បក្ស​កាន់អំណាច​។ ការងារ​ទាំង​អម្បាលម៉ាន ត្រូវបាន​អារកាត់​ដោយ​លោកស្រី មិន​ថា​ការងា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ឡើយ​។  
 
​បើ​និយាយ​ពី​ការងារ​ក្រៅ​ស្រុក​វិញ ទីប្រឹក្សា​រដ្ឋ ស៊ូ​ជី ដែលមាន​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ តែង​មានមុខ​ក្នុង​កិច្ចប្រជុំ​ធំៗ​ជា​ញឹកញាប់​។ លោកស្រី បានបង្ហាញ​វត្តមាន​ក្នុង​កិច្ចប្រជុំ​អាស៊ាន ជំនួស​ប្រធានាធិបតី ធិ​ន ច ដែលជា​ធម្មតា​កិច្ចប្រជុំ​នេះ​ត្រូវ​ចូលរួម​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​។ មិនតែប៉ុណ្ណោះ លោកស្រី  តែង​ត្រូវបាន​បណ្ដា​មេដឹកនាំ​ប្រទេស​ដទៃ​អញ្ជើញ​ឲ្យ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ជាច្រើនលើក ខណៈដែល​លោក ធិ​ន ច ជា​ប្រធានាធិបតី​នោះ មិន​ត្រូវបាន​អញ្ជើញ​ឡើយ​។​
 
​មកដល់​ត្រឹមនេះ គេ​អាច​យល់បាន ការដែល​លោកស្រី ស៊ូ​ជី អាច​អង្គុយ​កៅអី​ទីប្រឹក្សា​រដ្ឋ​បាន​នោះ ក៏ត្រូវ​មានការ​យល់ព្រម​ពី​ក្រុម​យោធា​ដ៏​មានអំណាច​ដែរ ហើយ​ការបង្កើត​តំណែង​ថ្មី​នេះ អាចជា​ផ្លែផ្កា​នៃ​ការចរចា​ក្រៅ​ឆាក​ជា​ច្រើនដង​មកនេះ​។ តាមពិត​បើ​គ្មាន​ការផ្ដល់​ភ្លើង​ខៀវ​ពី​យោធា​ទេ តំណែង​ថ្មី​នេះ​មិនអាច​កើតឡើង​បានឡើយ បើទោះជា​បក្ស​លោកស្រី មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​សភា​ដើម្បី​បង្កើត​តំណែង​នេះ​ក៏ដោយ​។  
 
​អាច​និយាយបានថា ថ្វីដ្បិតតែ​លោកស្រី ស៊ូ​ជី មិនបាន​ធ្វើជា​ប្រធានាធិបតី​ដោយសារ​រដ្ឋធម្មនុញ្ញ​រារាំង និង​មាន​តំណែង​ត្រឹម​ទីប្រឹក្សា​រដ្ឋ​មែនពិត តែ​លោកស្រី​ក្ដាប់​អំណាច​មូល​ក្នុង​ដៃ​។ លោកស្រី ថែមទាំង​ចេញមុខ​មាត់​ឆាក​អន្តរជាតិ និង​ត្រូវបាន​គេ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​មាន​កិត្តិយស​ទៀតផង​៕
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com