អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជា​កាដូ​ឆ្លង​ឆ្នាំ អូ​បា​ម៉ា ដាក់ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ដោយបណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ពី​អាមេរិក
30, Dec 2016 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំនងជា​ផ្តល់​កាដូ​ឆ្លង​ឆ្នាំ​ដល់​រុស្ស៊ី  រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​ក្នុងនោះ​មាន​ទាំង​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ជាង​៣០​នាក់​ចេញពី​អាមេរិក​និង​បិទ​មិន​ឲ្យ​ដំណើរការ​ទីតាំង​ដែល​កម្មសិទ្ធិ​រុស្ស៊ី​ពីរ​កន្លែង​ថែម​ទៀតផង​។ អាមេរិក​អះអាងថា​វា​ជា​វិធានការ​សងសឹក​រុស្ស៊ី​ដែល​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​អាមេរិក​កន្លងមក​។​

​តាម​ការសន្យា រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ប្រកាស​ផ្តល់​កាដូ​ឆ្លង​ឆ្នាំ ដល់​រុស្ស៊ី​ដោយ​ការដាក់ទណ្ឌកម្ម​ដើម្បី​ឆ្លើយតប​ការជ្រៀតជ្រែក​ចូលក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​អាមេរិក​។ វា​ជា​កាដូ​ធំ​បំផុត​មួយ​ដែល​អាមេរិក​មិនដែល​ធ្លាប់​ផ្តល់​ឲ្យ​ប្រទេស​ណា​ផ្សេង​ឡើយ​។​
 
​យោងតាម​សារព័ត៌មាន Washington Post មន្ត្រី​ក្រសួងការបរទេស​អាមេរិក បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែធ្នូ​ថា​ដើម្បី​ឆ្លើយតប​ការ​លូកលាន់​ក្នុងការ​បោះឆ្នោត អាមេរិក​សម្រេច​បណ្តេញ​មន្ត្រី​រុស្ស៊ី ៣៥ នាក់ ដែល​កំពុង​បំពេញការងារ​នៅ​អាមេរិក ហើយ​អាមេរិក​ក៏​ដាក់ទណ្ឌកម្ម​លើ​ភ្នាក់ងារ​ចារកម្ម​ធំៗ​របស់​រុស្សី​ចំនួន​២​កន្លែង​ដែរ​។ មន្ត្រី​ដែល​ត្រូវ​រុស្ស៊ី​បណ្តេញចេញ មាន​រយៈពេល ៣​ថ្ងៃ​ដើម្បី​រៀបចំខ្លួន​ចាកចេញ​ពី​អាមេរិក​។​
 
«​ថ្ងៃនេះ ក្រសួងការបរទេស​ស​ម្រេច​ប្រកាស​ដាក់​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ដែល​បំពេញការងារ​ក្នុង​ស្ថានទូត​រុស្ស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន និង​នៅ​ស្ថាន​កុងស៊ុល​នា​ក្រុង San Francisco ថា​ជា​ជន​មិនគួរ​ទទួល​ស្វាគមន៍​។ ពួកគេ​បានធ្វើ​សកម្ម​ភាពមិន​សមស្រប​តាម​ឋានៈ​របស់ខ្លួន​ជា​អ្នកការទូត​។ អ្នក​ទាំងអស់នេះ​និង​ក្រុមគ្រួសារ​មាន​ពេលវេលា ៧២​ម៉ោង ដើម្បី​រៀបចំខ្លួន​ចាក​ចេញពី​អាមេរិក​»​។​
 
​យ៉ាងណា​ក៏ដោយចុះ ក្រសួងការបរទេស​មិនបាន​បញ្ជាក់​ចំៗ​ថា​មន្ត្រី​ដែល​ត្រូវ​បណ្តេញចេញ​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​លួច​ចូល​លួច​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​គណកម្មការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ឡើយ​។ តែ​គេ​អះអាងថា វា​ជាការ​ឆ្លើយតប​ចំពោះ​សកម្ម​ភាពមិន​សមរម្យ​ដែល​រុស្ស៊ី​ធ្វើ​ដាក់​មន្ត្រី​ទូត​អាមេរិក​ដែល​កំពុង​បំពេញការងារ​នៅ​រុស្ស៊ី​ប៉ុណ្ណោះ​។​
 
​បន្ថែ​លើ​ការបណ្ត​ញ​មន្ត្រី​រុស្ស៊ី ក្រសួងការបរទេស​អា​មេ​រិ​ក​បានប្រកាស​បិទ​ទីតាំង​ដែលជា​អចលនទ្រព្យ​របស់​រុស្ស៊ី​ចំនួន ២​កន្លែង ដោយ​ក្នុងនោះ​មាន​មួយកន្លែង​នៅ Maryland និង​មួយកន្លែង​ទៀត​នៅ Glen Cove នៅ ញូវយ៉ក​។​អាមេរិក​ចោទប្រកាន់ថា ទីតាំង​ទាំងពីរ​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើ​ចារកម្ម ប៉ុន្តែ​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បដិសេធ​ឆ្លើយថា វា​ត្រូវបាន​រុស្ស៊ី​ប្រើប្រាស់​សម្រាប់​វាយប្រហារ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុងពេល​បោះឆ្នោត​កន្លងមក​ឬ​អត់​ឡើយ​។​
 
​ដោយឡែក ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ដូច​មិន​ពេញចិត្ត​សោះ​ចំពោះ​ការដាកទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បន្ថែម​ដោយ​ចោទថា​រុស្ស៊ី​លូកលាន់​ក្នុងការ​បោះឆ្នោត​អាមេរិក​នោះ​។ 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​ធ្នូ ម្សិលមិញ​នៅ​រដ្ឋ​Florida ពេល​អ្នកសារព័ត៌មាន​បាន​ឆ្លៀត​សួរ​លោក ថា «​តើ​អាមេរិក​គួរ​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ពាក់ព័ន្ធ​ការ​លួច​ចូល​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ដែរ​ឬ​អត់​?»  លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​យ៉ាងច្បាស់​ថា អាមេរិក​គួរ​ដើរទៅ​មុខ​ហើយ​អាមេរិក​មិនគួរ​ផ្តោតលើ​បញ្ហា​អតីតកាល​ទៀត​ទេ​។ 
 
​ប្រធានាធិបតី​រូបនេះ ចង់​មានន័យថា អាមេរិក​មិនគួរ​ប្រកាន់ទោស​អូស​ដំណើរ ដោយ​បន្ត​រករឿង​រុស្ស៊ី​ហើយ​ចោទប្រកាន់​មហាអំណាច​មួយ​នេះ​ថា​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ឡើយ ហើយ​ការដាក់ទណ្ឌកម្ម​ជា​រឿង​ចាស់គំរឹល​មួយ​។ បន្ថែម​ពី​ការប្រឆាំង​ការ​ទណ្ឌកម្ម លោក ដូ​ណា​ល់ ត្រាំ នៅតែ​មិន​ជឿជាក់ថា រុស្ស៊ី​នៅ​ពីក្រោយ​សកម្មភាព​លូកលាន់​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​ហើយ​ជួយ​ឲ្យ​លោក​ជាប់ឆ្នោត​នោះទេ​។ លោក​ពន្យល់ថា នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​ដូច​បច្ចុប្បន្ន គ្រប់យ៉ាង​វា​មាន​ភាពស្មុគស្មាញ​ដែល​វា​ពិបាក​សន្និដ្ឋានថា រុស្ស៊ី​ពិតជា​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពិតមែន​ឬ​អត់​នោះ​៕

Tag:
 បារ៉ាក់ អូបាម៉ា
  វ៉្លាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com