ជាតិ
សិល្បះ
លោក សុះ ម៉ាច​៖ ល្មម​ដល់ពេល​សិល្បករ ផលិតករ​បង្កើន​ស្នាដៃ​ដើម​និង​គុណភាព​សិល្បៈ​ខ្មែរ​ហើយ​
30, Dec 2016 , 5:59 pm        
រូបភាព
លោក សុះ ម៉ាច (ទីពីរឆ្វេង) រួម​ទាំងសិល្បករ-ការិនីផ្សេងទៀត។ រូបថត ហ្វេសប៊ុក
លោក សុះ ម៉ាច (ទីពីរឆ្វេង) រួម​ទាំងសិល្បករ-ការិនីផ្សេងទៀត។ រូបថត ហ្វេសប៊ុក
 
​ភ្នំពេញ​៖ វិស័យ​សិល្បៈ​នៅ​កម្ពុជា មាន​ការវិវត្ត​រីកចម្រើន ទាំង​ផ្នែក​ភាពយន្ត ចម្រៀង​បុរាណ និង​សម័យ ប៉ុន្តែ ផលិតករ អ្នកនិពន្ធ និង​អ្នកដឹកនាំ​រឿង រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យនេះ ត្រូវ​នាំគ្នា​ប្រឹង​ជំរុញ​ការបង្កើត​ស្នាដៃ​ដើម​របស់​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែមទៀត ជាជាង​ការលួចចម្លង​ពី​បរទេស ដើម្បី​លើក​តំកើង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងចំណោម​មហាជន​ក្នុងស្រុក​។​


​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក សុះ ម៉ាច បានធ្វើការ​អំពាវនាវ​បែបនេះ​ពេលដែល​គាត់​ធ្វើការ​ឆ្លុះបញ្ចាំង​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​មួយឆ្នាំ​កន្លងមកនេះ និង​បង្ហើប​ឲ្យ​ដឹង​អំពី​គោលដៅ​ដែល​សមាគម​របស់លោក​បានកំណត់​សម្រាប់​អនុវត្តន៍​និង​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧ ខាងមុខ​។ 
 
​លោក សុះ ម៉ាច និយាយថា​៖ «​ល្មម​ដល់​ពេលដែល​យើង​ត្រូវធ្វើ​ខ្លួនឯង​ហើយ ព្រោះ​កូន​ខ្មែរ​បច្ចុប្បន្ន​មាន​ស្នាដៃ និង ពូកែ​ច្រើនណាស់​។ អ្នក​ផលិត​រឿង គួរ​គិតពី​គុណភាព ជៀស​ជាង​គិតពី​បរិមាណ​»​។​
​ជាការ​កត់សម្គាល់​រួម លោក សុះ ម៉ាច និយាយថា​វិស័យ​សិល្បៈ​នៅ​កម្ពុជា​មានការ​កើនឡើង និង​រីកដុះដាល​ជាង​ឆ្នាំ កន្លងទៅ ទាំង​ផ្នែក ភាពយន្ត ផ្នែក​ចម្រៀង​បុរាណ និង​សម័យ​។ ផ្នែក​ភាពយន្ត ចម្រៀង​បុរាណ និង​សម័យ​ក៏​ហាក់ មាន​សន្ទុះ​ងើបឡើង​ដែរ ហើយ​លោក​បាន​និយាយថា​នេះ​ក៏ដោយ​សារ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ទស្សនិកជន គ្រប់រូប និង​ការជួយ​ជ្រំ​ជ្រែង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាដើម​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ទស្សនិកជន​បាន​ងាក​មក​ស្រលាញ់​វប្បធម៌​ខ្មែរ​ច្រើនជាង​មុន ជាពិសេស​រួមគ្នា អភិរក្ស​សិល្បៈ​បុរាណ​ខ្មែរ  ដូចជា ល្ខោនខោល និង​ចាប៉ីដងវែង​ជាដើម​។ លោក បន្ដថា នៅតាម​ស្ថានីយ៍ទូរទស្សន៍ មួយចំនួន ក៏បាន​ចាកផ្សាយ​ពី​សិល្បៈ​បុរាណ​ខ្មែរ ដែល​បង្ហាញ​ការយល់ដឹង​ដល់​កូន​ខ្មែរ​គ្រប់រូប​ផងដែរ​។ 
 
​ក្រៅពី​ភាព​រីកចម្រើន​ច្រើន ទាំង​ផ្នែក​បច្ចេកទេស និង​គុណ​ភាពល្អ​ដែល​ជម្រុញ​ឲ្យ​មានការ​ប្រកួត ប្រជែង​គ្នា​យ៉ាង ខ្លាំង​ក្នុងចំណោម​ផលិតករ លោក​សុះ ម៉ាច និយាយថា ប្រការ​គួ​ឲ្យ​លើកទឹកចិត្ត​ដល់​ពួកគេ​មួយទៀត​នោះ​គឺ​ការផ្តល់​ម៉ោង​មាស (​ចាប់ពី​ម៉ោង​៧ ដល់​៩ យប់​) ពី​សំណាក់​ស្ថានីយ៍​ភាពយន្ត​សម្រាប់​បញ្ចាំងភាពយន្ត​ខ្មែរ​។ លោក​សង្ឃឹម​ជឿជាក់ថា ៥​ឆ្នាំ​ខាងមុខ វិស័យ​ភាពយន្ត និង​ចម្រៀង​នៅ​កម្ពុជា មានការ​រីកចម្រើន ខ្លាំង​ថែមទៀត​។​
 
​ក្រៅពី​គោលដៅ​បង្កើន​ការពង្រឹង​គុណភាព​សិល្បៈ លោក សុះ ម៉ាច និយាយថា​សមាគម ក្នុង​ឆ្នាំ​២០១៧ ក៏​នឹង​ប្រឹង​ផ្តោត​ការយកចិត្តទុកដាក់​ជួយ​ដល់​សិល្ប​ករចាស់ៗ​ផងដែរ​។​
​លោក សុះ ម៉ាច និយាយថា​៖ « សមាគម​សិល្បៈ​ខ្មែរ មិន​ទុក​ពួកគាត់​ចោល​នោះទេ​។ ពួកយើង​តែងតែ​ជួយ ផ្សព្វផ្សាយ និង​រក​សប្បុរសជន​ជួយ​ដល់​ពួកគាត់ ដែលមាន​វ័យចាស់ និង​មាន​ជំងឺ​ជាដើម​»​។  លោក​និយាយថា សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខនេះ សមាគម មាន​គម្រោង​រៀបចំ​តន្ត្រី​សប្បុរសធម៌ ជួយ​ដល់​សិល្ប​ករចាស់ៗ ដែល​ជួប​ទុក លំបាក​ក្នុង​ជីវភាព​រស់នៅ​៕ 
 
 

Tag:
 សិល្បៈ​
  សុះ ម៉ាច​
  សមាគម​សិល្បករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com