កីឡាជាតិ
គ្រូបង្វឹកក្រុមឡាវប្រើយុទ្ធសាស្ត្រលើកសរសើរក្រុមបឹងកេត តែទម្លាក់ក្រុមរបស់ខ្លួន
×
មុនជំនួបក្នុងវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship គ្រូបង្វឹកក្រុមជើងឯកលីកកំពូល Lanexang United FC របស់ឡាវបានប្រើយុទ្ធសាស្ត្រដោយលើកសរសើរក្រុមបឹងកេតអង្គរជាក្រុមខ្លាំងនៅកម្ពុជា។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគ្រូបង្វឹករូបនេះបែជាទម្លាក់ក្រុមរបស់ខ្លួនថាគ្មានកីឡាករល្អទៅវិញ។
លោក Leonardo Vitorino គ្រូបង្វឹក្រុម Lanexang United FC របស់ឡាវបានប្រើយុទ្ធសាស្ត្រដោយលើកសរសើរពីចំណុចល្អៗរបស់ក្រុមបឹងកេតអង្គរថា ជាក្រុមមួយដ៏ខ្លាំងនៅកម្ពុជាដែលមានទម្រង់លេងល្អទាំងតំបន់ការពារនិងតំបន់ប្រយុទ្ធ ជាពិសេសមានអ្នកចាំទី និងកីឡាករល្អៗ។ ប៉ុន្តែគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ ហាក់ទម្លាក់ក្រុមរបស់ខ្លួនទៅវិញ ដោយអះអាងថា ក្រុមរបស់ខ្លួនមិនមានកីឡាករ Super Star នោះទេ។
លោកបានបញ្ជាក់ថា៖«យើងបានដឹងហើយថា ក្រុមបឹងកេតអង្គរជាម្ចាស់ជើងឯកលីកកំពូលរបស់កម្ពុជា មានអ្នកចាំទីដ៏ល្អ គ្រូបង្វឹកល្អ មានខ្សែបម្រើស្លាបល្អ និងមានខ្សែការពារល្អ ខ្សែប្រយុទ្ធល្អ ដូចជា ឃួន ឡាបូរ៉ាវី ស៊ូ យ៉ាទី និងកីឡាករ Super Star ចាន់ វឌ្ឍនាកា។ ចំណែកក្រុមរបស់ខ្ញុំមិនមានកីឡាករ Super Star នោះទេ»។
ការលើកសរសើរពីដៃគូ និងទម្លាក់ក្រុមរបស់ខ្លួននេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី៣០ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ។ ការប្រើយុទ្ធសាស្ត្ររបស់គ្រូបង្វឹកក្រុមឡាវបែបនេះ ក្នុងគោលបំណងដើម្បីឲ្យបឹងកេតអង្គរមើលស្រាលលើក្រុមរបស់ខ្លួន។ ជាមួយគ្នានេះលោក ប្រាក់ សុវណ្ណារ៉ា និងកូនក្រុមរបស់ខ្លួនបានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងជំនួបមួយនេះ។
ក្រោយពីទម្លាក់ក្រុមរបស់ខ្លួនថា គ្មានកីឡាករ Super Star ប្រចាំក្រុមដូចបឹងកេត គ្រូបង្វឹកក្រុម Lanexang United FC របស់ឡាវរូបនេះបានបញ្ជក់ថា អ្វីដែលជា Super Star របស់ក្រុមលោកក្នុងការតទល់ជាមួយបឹងកេតអង្គរ គឺស្មារតីក្រុម មិត្តភាព និងការសហជាក្រុម។ ហើយលោកបានបញ្ជាក់ថា ក្រុមរបស់លោកមកទីនេះដើម្បីប្រកួតសម្រាប់អ្នកគាំទ្រក្រុមរបស់លោក ដូច្នេះអ្នកគាំទ្ររាប់ម៉ឺននាក់របស់កម្ពុជាមិនមែនជាឧបសគ្គនោះឡើយ។
គួរបញ្ជក់ថា ក្រុមបឹងកេតអង្គរត្រូវជួបប្រកួតជាមួយក្រុម Lanexang United FC របស់ឡាវក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះនឹងក្លាយជាការប្រកួតមួយដ៏ស្វិតស្វាញ និងជក់ចិត្តបំផុតព្រោះក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
Tag:
បាល់ទាត់
Toyota Mekong Club 2016
© រក្សាសិទ្ធិដោយ thmeythmey.com