ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញ​៖​ហានិភ័យ​នៃ​វិស័យ​ឥណទាន​,ទីផ្សារ​កសិផល​,បោះឆ្នោត អាចជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​ឆ្នាំ ២០១៧
31, Dec 2016 , 1:49 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ បើតាម​ការ​ប្រ​មើ​មើល​របស់​អ្នកជំនាញ សេដ្ឋកិច្ចកម្ពុជា​ទំនង​ជាមាន​ភាពប្រសើរ​ឡើងលើ​វិស័យ​មួយចំនួន ប៉ុន្តែ​នៅ​ប្រឈម​ហានិភ័យ​លើ​ផ្នែក​ខ្លះ ទន្ទឹមនឹង​ត្រូវ​រង​ឥទ្ធិពល​ពី​កត្តា​ខាងក្រៅ​។ ហានិភ័យ​ក្នុង​វិស័យ​ឥណទាន​, ទីផ្សារ​កសិផល​, រដូវ​កាល​បោះឆ្នោត​,  និង​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ រួមទាំង​បរិយាកាស​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ ត្រូវបាន​អ្នកជំនាញ និង​ស្ថាប័ន​សេដ្ឋកិច្ច​មើលឃើញថា​នឹងមាន​ឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជា​នៅក្នុង​ឆ្នាំ​២០១៧ ។



​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) បាន​លើកឡើងថា វិស័យ​កាត់ដេរ​សំលៀកបំពាក់ វិស័យ​សំណង់ និង​សេវាកម្ម​មួយចំនួន​នៅ​ឆ្នាំ​២០១៧ នឹង​បន្ត​រីកចម្រើន​ដូច​ឆ្នាំ​២០១៦​។ ប៉ុន្តែ​សេវាកម្ម​ទេសចរណ៍​ទំនងជា​មិន​កើនឡើង​ច្រើន​ទេ​។​
 
​ចំពោះ​វិស័យ​កសិកម្ម លោក ច័ន្ទ សុផល បាន​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា បរិមាណ​ផលិតផល​កសិកម្ម​អាច​នឹង​កើនឡើង ប៉ុន្តែ​កសិករ​នៅ​ជួប​បញ្ហា​តម្លៃ​កសិផល​សំខាន់​មួយចំនួន​អាច​បន្ត​ធ្លាក់ចុះ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ផលិតផល​កសិកម្ម​ទំនងជា​កើន ប៉ុន្តែ​ថ្លៃ​ស្រូវ ដំឡូង និង​ម្រេច អាច​ធ្លាក់ចុះ​ជាង​ឆ្នាំ​២០១៦ ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ប្រជាកសិករ​។ ជា​កុសល​ល្អ ថ្លៃ​កៅស៊ូ​កំពុង​រើប​ឡើងវិញ​បណ្ដើរៗ​»​។​
 
​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​សង្កត់ធ្ងន់​ចំពោះ​វិស័យ​ឥណទាន និង​វិស័យ​អចលនទ្រព្យ ដោយ​លោក​បញ្ជាក់​យ៉ាងដូច​នេះ​ថា​៖«​ហានិភ័យ​នៅតែមាន​កម្រិត​គួរឱ្យកត់សម្គាល់​ចំពោះ​វិស័យ​ឥណទាន និង​វិស័យ​អចលនទ្រព្យ​»​។ 
 
​បើតាម​របាយការណ៍រ​បស់​ធនាគារជាតិ​កម្ពុ​ជា (NBC) ដែល​ចេញផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ កំណើន​ឥណទាន​បាន និង​កំពុង​ថមថយ ទន្ទឹមនឹង​មានការ​ព្រមាន​ពី​ស្ថាន​ប័ន​ធំៗ ដូចជា ADB, IMF ចំពោះ​កំណើន​ខ្ពស់​ក្នុង​វិស័យនេះ​។ របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ឥណទាន​ឆ្នាំ​២០០៧​មាន​កំណើន ៧៥% មក​នៅត្រឹម​៣១%​ឆ្នាំ​២០១៤ និង​២៣%​ឆ្នាំ​២០១៦​។ NBC ព្យាករ​ថា​នៅ​ឆ្នាំ​២០១៧​កំណើន​ឥណទាន​នឹង​ថយ​ចុះមក​នៅត្រឹម​២១% ។​
 
​ចំពោះ​សាស្ត្រាចារ្យ​សេដ្ឋកិច្ច លោក តេង ដឺ​លុច បានចាត់ទុក​ការ​ថមថយ​កំណើន​ឥណទាន​នេះ​ថា នឹង​បះ​ពាល់​ដល់​កំណើនសេដ្ឋកិច្ច​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ពលរដ្ឋ​ខ្ចីលុយ​យកទៅ​វិនិយោគ​តូច ធំ ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៧ ពលរដ្ឋ​ភាគច្រើន​ចាប់ផ្ដើម​កាត់បន្ថយ​ការចំណាយ ដើម្បី​សងបំណុល ដែល​នឹងធ្វើ​ឲ្យ​ធ្លាក់ចុះ​នូវ​សេដ្ឋកិច្ច​»​។ 
 
​ដោយសារ​ឆ្នាំ​២០១៧ កម្ពុជា​ត្រូវ​រៀបចំ​ការបោះ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​នៅ​កៀក​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ អ្នកជំនាញ​សេដ្ឋកិច្ច​ថា​បរិយាកាស​នេះ​នឹង​បង្កើត​ភាពស្ទាក់ស្ទើរ​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដែលជា​កង្វល់​មួយ​សម្រាប់​សេដ្ឋកិច្ច​។ 
 
​ក្រៅពី​បញ្ហា​ប្រឈម​ផ្ទៃក្នុង សេដ្ឋកិច្ចកម្ពុជា​ក៏ត្រូវ​រង​សម្ពាធ​បរិយាកាស​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ​ផងដែរ​។ លោក តេង ដឺ​លុច លើកឡើងថា​៖«​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០១៧ នៅ​រក្សា​កំណើន​ខ្ពស់ តែ​អាច​ធ្លាក់ចុះ​បន្តិច ឬ​ច្រើនជាង​នេះ អាស្រ័យ​កត្តា​ខាងក្រៅ​។ ការដោះដូរ​ពាណិជ្ជកម្ម​លើ​ពិភពលោក​ជាទូទៅ​កំពុង​ធ្លាក់ចុះ ដោយសារ​ការ​ប្រឈម​នានា ដូចជា ការឡើង​កាន់តំណែងរ​បស់​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​, គោលនយោបាយ​ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​អាមេរិក​, ការឡើង​កម្ដៅ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ដទៃទៀត ដែល​នឹងមាន​ឥទ្ធិពល​ដល់​សេដ្ឋកិច្ចកម្ពុជា​»​។​
 
​បើតាម​របាយការណ៍​ខាងលើ​របស់ NBC សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ប្រឈម​ហានិភ័យ​ពី​និន្នាការ​ឡើងថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ភាព​រឹត​ដ្បិត​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​អាច​កាត់បន្ថយ​លំហូរ​មូលធន​ក្នុង​តំបន់ និង​អាចមាន​ឥទ្ធិពល​មកលើ​កម្ពុជា តាមរយៈ​ការបន្ថយ​លំហូរ​វិនិយោគ និង​ដាក់​សម្ពាធ​លើ​អត្រា​ការប្រាក់​នៅ​កម្ពុជា​៕
 
 
 
 

Tag:
 សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០១៧
  ច័ន្ទ សុផល​
  តេង ដឺ​លុច​
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com