អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ញើ​សារ​ឆ្លង​ឆ្នាំ​ឌឺដង​ដាក់​សត្រូវ​របស់ខ្លួន
01, Jan 2017 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​ឆ្លង​ឆ្នាំ​២០១៦ ចូលឆ្នាំ ២០១៧ លោក​ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូន​ប្រជាជន​ពិភពលោក​រួមទាំង​សត្រូវ​និង​អ្នក​ដែល​តាម​ផ្ចាញ់ផ្ចាល​លោក​ផង​តាំងពី​លោក​ជាប់ឆ្នោត​។ ជា​លើកចុងក្រោយ​មុនចូលកាន់តំណែង លោក​ប្រហែលជា​ចង់​ឌឺដង​និងវាយប្រហារបណ្តា​អ្នកនយោបាយ​មួយចំនួន​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែល​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក​ឈ្នះឆ្នោត​។ 

«​សួស្តី​ឆ្នាំ​ថ្មី​អ្នក​ទាំងអស់គ្នា​រួមទាំង​សត្រូវ​ដ៏​ច្រើន​របស់ខ្ញុំ និង​អ្នក​ដែល​វាយប្រហារ​ខ្ញុំ តែ​បាន​ចាញ់​គួរ​ឲ្យ​អាម៉ាស​ហើយ​មិនដឹងថា​ត្រូវធ្វើ​ម៉េច​បន្តទៀត​។ ស្រលាញ់​អ្នក​ទាំងអស់គ្នា​»​។ នេះ​ជា​សំណេរ​របស់លោក ដូ​ណា​ល់ ត្រាំ​ដែល​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នៅ​ថ្ងៃ​សៅរ៍​មុន​ឆ្លង​ឆ្នាំ​។​

 
​គេ​ដឹង​ច្បាស់ ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​មិន​ចង់​ឲ្យ​ឆ្នាំ​ចាស់​កន្លងផុត​ទៅដោយ​មិនបាន​ឌឺដង​និង​វាយប្រហារ​សត្រូវ​របស់​លោក​ឡើយ​។ សត្រូវ​ជាច្រើន​ដែល​លោក​បានបញ្ជាក់​ក្នុង​សំណេរ​នេះ​គ្មាន​អ្នកណា​ក្រៅពី​ក្រុម​អ្នកប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នក​សាធារណរដ្ឋ​មួយចំនួន​ដែល​មិន​ចង់​ឲ្យ​លោក​ជាប់ឆ្នោត​ឡើយ​។​
 
​លោក ដូ​ណា​ល់ ត្រាំ កន្លងមក​បានបង្ហាញ​ការខកចិត្ត​ផង​និង​សោកស្តាយ​ផង ដោយ​អះ​អះអាងថា ក្រុម​អ្នកនយោបាយ​នៅ​អាមេរិក​មិន​ផ្តល់​តម្លៃ​លើ​ជ័យជម្នះ​របស់លោក​ឡើយ​។​
 
​ចាប់តាំងពី​លោក​ជាប់ឆ្នោត​ថ្ងៃ ៨​វិច្ឆិកា លោក ដូ​ណា​ល់ ត្រាំ ប្រឈមមុខ​ការប្រឆាំង​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ ហើយ​ខ្លះ​បានស្នើ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​ចោទថា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​និង​មិន​ប្រក្រតី​ទៀត​។ ចំណែក​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឯណោះ​វិញ ថែមទាំង​ចោទថា រុស្ស៊ី​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​អាមេរិក​និង​ជួយ​ឲ្យ​លោក​ដូ​ណា​ល់ ត្រាំ​ឈ្នះឆ្នោត​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com