អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឆ្លង​ឆ្នាំ​នៅ​តួ​ក​គី​៖យ៉ាងហោច ៣៥​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​មួយ​នៅ​មណ្ឌល​កម្សាន្តរាត្រី
01, Jan 2017 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់​ស្លាប់​និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រាត្រី​មួយ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ក្នុងឱកាស​ឆ្នាំ ២០១៦​ចូលឆ្នាំ ២០១៧​។ អាជ្ញាធរ​មូលដ្ឋាន​ចាត់ទុក​ករណី​បាញ់ប្រហារ​នេះ​ការវាយប្រហារ​ភេរវកម្ម​។​

​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​លោក Vasip Sahin បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​មានការ​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​ក្លិប​កម្សាន្ត​មួយកន្លែង​ក្នុង​ទីក្រុង​របស់លោក​។ មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់​ស្លាប់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​មន្ត្រីប៉ូលិស​ផង​។ ហើយ​មនុស្ស​ប្រហែលជា ៤០​នាក់​ផ្សេងទៀត​រងរបួស​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Sahin បាន​បញ្ជាក់ថា​៖ «​គួរ​ឲ្យ​សោកស្តាយ​ណាស់ មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់​បាន​ស្លាប់ ហើយ​ម្នាក់​ក្នុងចំណោម​អ្នកស្លាប់​ជា​មន្ត្រីប៉ូលិស​ផង​»​។​នេះ​ជាការ​បញ្ជាក់​របស់​អភិបាលក្រុង​។
 
​មនុស្ស​ប្រហែល​ពី ៥០០ ទៅ ៦០០​នាក់​ស្ថិតនៅក្នុង​ក្លិប​នៅពេល​ដែលមាន​ការបាញ់​ប្រហារ​នោះ​។ អ្នកខ្លះ​បាន​ហក់លោត​ចូលក្នុង​ទឹក​ដើម្បី​គេច​ឲ្យ​ផុតពី​ការបាញ់រះ​របស់​ខ្មាន់កាំភ្លើង ហើយ​ក្រោយមក​ត្រូវ​ប៉ូលិស​ជួយសង្គ្រោះ​ទាន់ពេល​។​
 
​ជាបឋម បើតាម​ការរាយការណ៍​ពី​សារព័ត៌មាន​ក្នុង​តំបន់ ករណី​បាញ់ប្រហារ​នេះ​បង្កដោយ​ខ្មាន់កាំភ្លើង​ពីរ​នាក់​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​អះអាងថា វា​មាន​ខ្មាន់កាំភ្លើង​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​គេ​ចាត់ទុក​វា​ជាការ​វាយប្រហារ​ភេរវកម្ម​ផងដែរ​។ ចំណែក​ខាង CNN តួ​ក​គី ផ្សាយ​ថា ខ្មាន់កាំភ្លើង​មាន​ម្នាក់ ហើយ​ជន​នោះបាន​ស្លៀកពាក់​ជា តា Santa claus ហើយ​ដើរចូល​ទៅក្នុង​ក្លិប​កម្សាន្ត​។ បន្ទាប់មក​គេ​ចាប់ផ្តើម​បាញ់រះ​លើ​មនុស្សម្នា​នៅក្នុង​ក្លិប​តែម្តង​។
 
​តាមពិតទៅ​ការវាយប្រហារ​នេះ​កើតឡើង​មិន​ដល់​មួយខែ​ឡើយ​បន្ទាប់ពី ក្រុង​អ៊ី​ស្តង់​ប៊ុល​នេះ​រង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ពីរដង​ផ្ទួនគ្នា​។ ការវាយប្រហារ​ដោយ​គ្រាប់បែក​នេះ​កើតឡើង​នៅក្រៅ​ពហុកីឡាដ្ឋាន​របស់​ក្រុម Besiktas ដោយ​បណ្តាល​ឲ្យ​មនុស្ស ៤៤​នាក់​ស្លាប់ ។ ក្រោយ​ការវាយប្រហារ​ក្រុម​ឧទ្ទាម​ឃឺ​ត​បានចេញ​អះអាងថា ខ្លួន​ជា​អ្នកបង្ក​៕

© រក្សាសិទ្ធិដោយ thmeythmey.com