ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រជុំយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយធំ នៅរសៀលនេះ
×
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងប្រជុំពិនិត្យផែនការប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២ ខែមករានេះ ក្នុងទីស្តីការក្រសួងមហាផ្ទៃ ដើម្បីជំរុញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រយៈពេល៦ខែ ចាប់ពីខែមករា ឆ្នាំ២០១៧តទៅ។
សម្តេច ស ខេង ប្រធានដឹកនាំយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានប្រកាសថា សម្តេចនឹងពិនិត្យការងារប្រឆាំងគ្រឿងញៀនជាប្រចាំ ដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅកម្ពុជា។
ថ្លែងពីពិធីបូកសរុបលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃនេះ សម្តេច ស ខេង បញ្ជាក់ថា សម្តេចនឹងដឹកនាំការងារប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពពីពេលនេះតទៅ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញផែនប្រឆាំងគ្រឿងញៀនលើកទីមួយ ដោយសម្តេចសម្រេចឲ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានដឹកនាំផ្ទាល់និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន។ នេះបើតាមផែនការរដ្ឋាភិបាលចុះថ្ងៃទី១៣ ធ្នូនេះ ស្តីពី ការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទីមួយ ទូទាំងប្រទេស រយៈពេល៦ ខែ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ធ្លាប់បង្ហើបឲ្យដឹងក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៦កន្លងទៅថា សមត្ថកិច្ចត្រៀមចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង៥ពាន់នាក់ នៅទូទាំងប្រទេស ដើម្បីនាំខ្លួនពួកគេចូលមណ្ឌលកែប្រែបន្សាបសារធាតុញៀន។
ឱកាសនោះដែរ លោក កែ គឹមយ៉ាន បានប្រកាសថា លោកគ្រោងផ្ដល់សម្ភារត្រួតពិនិត្យទឹកនោមដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ត្រួតពិនិត្យសិស្សដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀន នៅតាមសាលារៀនទូទាំងប្រទេស។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀន ៤,១៩១ ករណី ក្នុងនោះបទល្មើសប្រើប្រាស់គ្រឿងញៀនជាង១ពាន់ករណី។ ចាប់ខ្លួនជនសង្ស័យសរុប៩,៨០២ នាក់ ក្នុងនោះអ្នកប្រើប្រាស់មានគ្រឿងញៀន ៣,៦១១នាក់ និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តួលេខនៃការសម្រង់អ្នកប្រើប្រាស់គ្រឿងញៀន មានចំនួន១៨,៥៥៤នាក់ កើនឡើង៤,២៤២នាក់ ស្មើនឹង២៩,៦៣ភាគរយ ធៀបនឹងពេលមុន៕
Tag:
ស ខេង
គ្រឿងញៀន
ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com