អន្តរជាតិ
ពី​ឆ្នាំ​២០១៧​តទៅ ចិន ដំឡើង​ឧបករណ៍​តាមដាន​បញ្ហា​ប្រឈម​បរិស្ថាន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
02, Jan 2017 , 3:59 pm        
រូបភាព
ដោយ:
​ចាប់ពី​ដើមឆ្នាំ​២០១៧​តទៅ ចិន នឹងដាក់​ឧបករណ៍​ព្យាករណ៍​បរិស្ថាន​សមុទ្រ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​បី​នៃ​ប្រជុំ​កោះ Spratly (​ចិន​ហៅថា Nansha) នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ការណ៍​ដែល​ធ្វើបែបនេះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​បរិស្ថាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ទប់ស្កាត់​មហន្តរាយ​ដែនសមុទ្រ សុវត្ថិភាព​នាវាចរណ៍ និង​ការស្រាវជ្រាវ​។ នេះ​បើ​យោងតាម​រដ្ឋបាល​ដែនសមុទ្រ​ចិន (SOA)​។



​តាម​រដ្ឋបាល​ដែនសមុទ្រ​ចិន (SOA) ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន People’s Daily រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដំឡើង​គម្រោង​ចំនួន​ប្រាំ ដែល​រាប់បញ្ចូល​ទាំង​មជ្ឈមណ្ឌល​តាមដាន​ដែនសមុទ្រ និង​សំណង់​ផ្សេងៗ​ទៀត​ក្នុង​គោលដៅ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Yongshu, Zhubi និង Meiji នៃ​ប្រជុំ​កោះ​Spratly នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ចាប់ពី​ថ្ងៃទី​០១ មករា តទៅ ប្រព័ន្ធ​តាមដាន​ឧ​ត្តុ​និយម និង​ធារាសាស្ត្រ ក៏ដូចជា​ប្រព័ន្ធ​តាមដាន​បរិស្ថាន​ដែនសមុទ្រ ត្រូវ​ចាប់ផ្តើម​ដំណើរការ​តាម​ផែនការ​នៅក្នុង​ប្រជុំ​កោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​។ សម្រាប់​ព័ត៌មាន​ផ្សេងៗ​ដែល​ទទួលបាន​តាមរ​យៈ​ឧបករណ៍​ទាំងនេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ស្ថាប័ន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ដែនសមុទ្រ​ចិន​តាមរយៈ fax ឬ​សេវា​ផ្ញើ​សារ​ខ្លីៗ​។

​សូម​ជម្រាប​ផងដែរ សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​ជម្លោះ​រវាង​រដ្ឋ​អាស៊ាន​ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ចិន​។ ផ្នែក​ដែលជា​តំបន់​ចម្រូងចម្រាស​ខ្លាំង​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​គឺ ប្រជុំ​កោះ​ស្ព្រា​ត​លី (Spratly) និង ប្រជុំ​កោះ ប៉ា​រ៉ា​ស្សែ​ល (Paracel)​។

​ខណៈដែល​ជម្លោះ​នៃ​ការបែងចែក​ផលប្រយោជន៍​លើទឹក​ដី​ដ៏​មាន​សក្តានុពល​ធនធាន​ធម្មជាតិ​នោះ​មិនទាន់​បញ្ចប់ មាន​របាយការណ៍​ជាច្រើន បាន​បង្ហាញថា ចិន បាន​បន្តសកម្មភាព​វាទទី​ឥតឈប់ឈរ​នៅក្នុង​តំបន់​ជម្លោះ ដែល​រួមមាន​ទាំង​ការសាងសង់​កោះ​សិប្បនិម្មិត និង​សំណង់​យោធា​នៅក្នុង​តំបន់​ដែល​ខ្លួន​បាន​ចូលទៅ​គ្រប់គ្រង​ផងដែរ​។

​កន្លងមក​ដោយសារ មាន​ករណី​នៃ​ការ​ល្បាត​ទាំង​នាវាចម្បាំង និង​យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក​នៅក្បែរ​តំបន់​ចិន​គ្រប់គ្រង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ ចិន ក៏បាន​ដំឡើង ស្ថានីយ​បញ្ជា និង​គ្រប់គ្រង​នាវាចរណ៍​នៅលើ​ថ្ម​ប៉ប្រះ​ទឺ​ក Zhubi នៅ​ឆ្នាំ​២០១៦​ផងដែរ​៕


Tag:
 ​ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com