ជាតិ
សេដ្ឋកិច្ច
កម្ពុ​ជាមាន​កំណើន​ម៉ូតូ​ចំនួន ៣០​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​
02, Jan 2017 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចំនួន​ទោចក្រយានយន្ត (​ម៉ូតូ​) សរុប​នៅ​កម្ពុ​ជាមាន​ប្រមាណ ៣​លាន​និង​២​សែន​គ្រឿង ខណៈ​ចំនួន​រថយន្ត​មាន​ជាង ៥០​ម៉ឺន​គ្រឿង នៅពេល​បច្ចុប្បន្ននេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៦ ។​



​លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា នៅពេល​បច្ចុប្បន្ន​កម្ពុជា​មាន​ម៉ូតូ​ចំនួន​ប្រមាណ ៣​លាន​និង​២​សែន​គ្រឿង ហើយ​មាន​កំណើន​ម៉ូតូ​ចំនួន ៣០​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំៗ ។​

​ជាមួយគ្នានេះដែរ លោក ស៊ុន ចាន់ថុល បានលើកឡើង​នៅក្នុង​សន្និបាត​ខាងលើ​ទៀតថា ក្រសួង​សាធារណការ​នឹង​ចាប់ផ្ដើម​អនុវត្ត​ប្រព័ន្ធ​ថ្មី ដែល​អាច​ឲ្យ​អ្នកទិញ​ធ្វើ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​នៅ​ហាង​លក់​ម៉ូតូ និង​រថយន្ត ចាប់ពី​ខែមករា​ឆ្នាំ​២០១៧ តទៅ​។​

​ចំពោះ​កំណើន​រថយន្ត​នៅ​កម្ពុជា​វិញ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដកស្រង់​សំដី​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៦  ថា កម្ពុជា​នាំចូល​រថយន្ត​ទាំង​ជជុះ និង​ថ្មី​ប្រមាណ ៥​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំៗ ដែល​ក្នុងនោះ​មានតែ​ជាង ១០​ភាគរយ​ប៉ុណ្ណោះ​ជា​រថយន្ត​ប្រភេទ​ថ្មី​៕


Tag:
 ស៊ុន ចាន់ថុល​
  ម៉ូតូ
© រក្សាសិទ្ធិដោយ thmeythmey.com