អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ចំអកកូរ៉េខាងជើង​ថា គ្មាន​ថ្ងៃ​អាច​ផលិត​មី​ស៊ី​ល​នុយក្លេអ៊ែរ​បាញ់​ដល់​អាមេរិក​ឡើយ​
03, Jan 2017 , 9:40 am        
រូបភាព
 
 
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២ ខែមករា បាន​បង្ហោះ​សារ​ឡកឡាយ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​អះអាងថា កូរ៉េខាងជើង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ហើយ​។ មី​ស៊ី​ល​អន្តរទ្វីប​នេះ ត្រូវគេ​ជឿថា មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក តែ​លោក ដូ​ណា​ល់ ត្រាំ ចំអក​វិញ​ថា រឿងនេះ​នឹងមិន​អាច​កើតឡើង​នោះទេ​។

 
​ជា​លើកដំបូង​ចាប់តាំងពី​ទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី​អាមេរិក​មក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទៅដល់​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ តាមរយៈ​គណនី Twitter របស់ខ្លួន លោក ត្រាំ បាន​និយាយថា គ្មាន​ថ្ងៃ​ដែល​កូរ៉េខាងជើង​អាច​អភិវឌ្ឍ​មី​ស៊ី​ល​​បាញ់​ដល់​ទឹកដី​អាមេរិក​ឡើយ​។ មិន​ត្រឹមតែ​និយាយ​បង្អាប់​កូរ៉េខាងជើង​ឡើយ លោក​ក៏​រិះគន់​ចិន ដែល​មិន​ព្រម​ដាក់​សម្ពាធ​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ទៀតផង​។ 
 
 
​ប្រធានាធិបតី​ជាប់ឆ្នោត​រូបនេះ បានបញ្ជាក់​តាម Twitter របស់លោក​នៅ​ថ្ងៃទី​២ មករា ​ថា កូរ៉េខាងជើង ទើបតែ​ប្រកាសថា ខ្លួន​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​លអាច​បាញ់​គោលដៅ​នៅ​អាមេរិក​។ ប៉ុន្តែ​វា​នឹងមិន​កើតឡើង​ទេ​។ 
 
​ការចម្អកឡកឡាយរ​បស់​ប្រធានាធិបតី​អាមេរិក ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង និយាយថា កូរ៉េខាងជើង នឹង​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅពេល​ខាងមុខ​។ ក្នុង​សារ​អបអរ​ឆ្នាំ​ថ្មី លោក គីម ជុង​អ៊ុន អះអាងថា កូរ៉េខាងជើង បាន​មកដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការរៀបចំ​ការធ្វើ​តេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប (ICBM) ដែល​អាច​បំពាក់​គ្រាប់​នុយក្លេអ៊ែរ និង​មាន​សមត្ថភាព​បាញ់​ដល់​អាមេរិក​ឯណោះ​។  
 
​ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង គឺជា​ព្រមាន​ថ្មី​មួយទៀត​ទៅលើ​សន្តិសុខ និង​ស្ថិរភាព​តំបន់ ក៏ដូចជា​ពិភពលោក ហើយ​វា​ក៏​ជា​ការវិវឌ្ឍ​មួយ​ជំហាន​ទៀត​របស់​កូរ៉េខាងជើង ក្នុងការ​ពង្រឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ជាមួយ​នឹងការប្រកាស​នេះ ​មានន័យថា ក្រុង​ព្យុងយ៉ាង នឹងមិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ បើទោះជា​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ តាមរយៈ​ការដាក់ទណ្ឌកម្ម​ក៏ដោយចុះ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្រោយពី​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក ដូ​ណា​ល់ ត្រាំ ក៏​ឆ្លៀត​បង្ហោះ​សារ​មួយទៀត ដែល​បាន​រិះគន់​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង គឺ​ចិន​។ លោក​សរសេរថា ចិន​បាន​បឺត​ជញ្ជក់​ទឹកប្រាក់​ជា​ញើស​ឈាម​របស់​អាមេរិក​ជាច្រើន ប៉ុន្តែ​វា​នៅតែ​មិន​អាចជួយ​កូរ៉េខាងជើង​បាន​ដដែល​។ នេះ​ជា​លើក​ទី​ពីរ ដែល​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​រូបនេះ រិះគន់​ចិន​ចំៗ​ លើ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕  

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com