ជាតិ
សេដ្ឋកិច្ច
តើ​ប្រាក់បៀវត្ស​ប៉ុន្មាន ត្រូវ​ជាប់ពន្ធ​ប៉ុន្មាន​ភាគរយ ហើយ​អ្នកមាន​បន្ទុកគ្រួសារ​ទ​ទួល​ការអនុគ្រោះ​កម្រិតណា​?
04, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែលមាន​ប្រាក់បៀវត្ស​ចាប់ពី ១​លាន និង​១​រៀល​ឡើងទៅ ត្រូវ​ជាប់​ពន្ធលើប្រាក់បៀវត្ស ដែល​ត្រូវអនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ​២០១៧ នេះ​តទៅ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៦ ។​


​អ្នកទទួល​ប្រាក់បៀវត្ស​ចាប់ពី ១​លាន​និង​១​រៀល ដល់ ១,៥​លាន ត្រូវ​ជាប់ពន្ធ ៥​ភាគរយ ខណៈ​អ្នកមាន​បៀវត្ស​លើសពី ១,៥​លាន​រៀល ដល់ ៨,៥​លាន​រៀល ត្រូវ​បង់ពន្ធ ១០​ភាគរយ​។ ចំណែក​ប្រាក់បៀវត្ស​លើសពី ៨,៥​លាន​រៀល ដល់ ១២,៥​លាន​រៀល ត្រូវ​ជាប់ពន្ធ ១៥​ភាគរយ ហើយ​លើសពី ១២,៥​លាន​រៀល​ត្រូវ​បង់ពន្ធ ២០​ភាគរយ​។​
 
​ប៉ុន្តែ​ដើម្បី​សម្រួល​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្មករនិយោជិត ដែលមាន​បន្ទុក​ចិញ្ចឹម​កូន ប្ដី​ឬ​ប្រពន្ធ រដ្ឋាភិបាល​បានសម្រេច​ដំឡើង​កម្រិត​កាត់បន្ថយ​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស ដោយ​កូន​ក្នុងបន្ទុក និង​សហព័ន្ធ​ជា​មេផ្ទះ ក្នុង​ម្នាក់ៗ ១៥​ម៉ឺន​រៀល (​ដែល​ពីមុន ៧,៥​ម៉ឺន​រៀល​)​។ ដូច្នេះ​បុគ្គលិក​រដ្ឋ និង​ឯកជន ដែល​បាន​រៀបរាប់​ខាងលើ ដែលមាន​ប្រាប់​បៀវត្ស​លើសពី ១​លាន​រៀល​មួយចំនួន នឹងត្រូវ​រួចផុត​ពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​។​
 
​ជាមួយគ្នានេះដែរ បើតាម​សេចក្ដីណែនាំ​ខាងលើ គ្រប់​សហគ្រាស​ដែល​ប្រកប​អាជីវកម្ម ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែលមាន​កាតព្វកិច្ច​កា​ត់​ទុក​និង​បង់​ពន្ធលើប្រាក់បៀវត្ស ត្រូវ​ចាប់​អនុវត្ត​ការគិត​ពន្ធលើប្រាក់បៀវត្ស​ថ្មី​នេះ ចាប់ពី​ខែមករា​ឆ្នាំ​២០១៧ តទៅ​។ សហគ្រាស​ដែល​បើកប្រាក់​បៀវត្ស​ជូន​និយោជិត​ក្នុង​ខែមករា​ឆ្នាំនេះ ត្រូវដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីណែនាំ​ខាងលើ​។​
 
​គួរ​បញ្ជាក់ថា ការកែប្រែ​ពន្ធលើប្រាក់បៀវត្ស​នេះ គឺ​បន្ទាប់ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សារពើពន្ធ​។ 
​យោងតាម​មាត្រា​៤២​ថ្មី​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ពាក្យ​«​បៀវត្ស​» សំដៅ​ដល់​បៀវត្ស លាព​ការ ប្រាក់​បំណាច់ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថប្រយោជន៍​បន្ថែម ដែល​បាន​ទូទាត់​ឲ្យ​ដល់​និយោជិត ឬ​ដែល​បាន​ទូទាត់​ដើម្បី​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត ចំពោះ​ការបំពេញ​សកម្មភាព​បម្រើ​ការងារ​។​
 
​បើតាម​សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ខែតុលា​ឆ្នាំ​២០១៦  ប្រាក់​ឧបត្ថម​មួយចំនួន​របស់​កម្មក​រ និយោជិត​នៃ​រោងចក្រ សហគ្រាស ត្រូវ​រួច​ផុតពី​ការយក​ពន្ធលើប្រាក់បៀវត្ស និង​មិនមែនជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​។ ប្រាក់​ឧបត្ថម​ទាំងនោះ រួមមាន​៖ សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ​, ប្រាក់​ថ្លៃ​បាយ​, មូលនិធិ​បេឡា​សន្តិសុខ​សង្គម ឬ​មូលនិធិ​សុខមាលភាព​សង្គម​, ប្រាក់​ធានារ៉ាប់រង​សុខភាព ឬ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត ឬ​សុខភាព​, ប្រាក់​ឧ​ត្ថ​ម​ទារក ឬ​ចំណាយ​ទារកដ្ឋាន និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ឬ​ប្រាក់​បំណាច់​បញ្ឈប់​លែង​ឲ្យ​ធ្វើការ​៕

Tag:
 ពន្ធលើប្រាក់បៀវត្ស​
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com