ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ដូណាល់ ត្រាំ បានរិះគន់ក្រុងប៉េកាំងផ្ទួនៗ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក ត្រាំ រិះគន់ចិនត្រង់ថា ចិនមិនព្រមប្រើឥទ្ធិពលរបស់ខ្លួនដើម្បីបង្ខំកូរ៉េខាងជើងឲ្យបោះបង់នុយក្លេអ៊ែរ និងទុកឲ្យរដ្ឋកុម្មុយនីស្តមួយនេះ បន្តអភិវឌ្ឍអាវុធប្រល័យលោកបន្តទៀត។ ឯចិនវិញ ខឹងលោក ត្រាំ ព្រោះលោកចេះតែលូកដៃចូលកិច្ចការតៃវ៉ាន់ ដែលចិនចាត់ទុកជារឿងផ្ទៃក្នុងរបស់ខ្លួន និងថែមទាំងហាមអ្នកក្រៅប៉ះពាល់រឿងនេះទៀតផង។
បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងកោះតៃវ៉ាន់ កំពុងក្លាយជាប្រធានបទនៃការឆ្លើយឆ្លងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រធានាធិបតីជាប់ឆ្នោតក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ ។ លោក ដូណាល់ ត្រាំ ចោទចិនថា មិនព្រមជួយធ្វើអ្វីសោះ និងបណ្ដែតបណ្ដោយឲ្យកូរ៉េខាងជើងធ្វើអ្វីតាមទំនើងចិត្តរបស់ខ្លួនទៀត។ ប៉ុន្តែចិនអះអាងវិញថា ខ្លួនពិតជាជួយដោះស្រាយបញ្ហានុយក្លេអ៊ែរនេះ ក៏ដូចជាបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរទៀតផង។
ជាការពិតមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ចិន ហាក់ដកខ្លួនឆ្ងាយបន្តិចពីរបបកូរ៉េខាងជើង ហើយថែមទាំងបោះឆ្នោតបើកផ្លូវឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មធ្ងន់ៗលើកូរ៉េខាងជើងផងដែរ។ ពោល គឺខុសពីលើកមុនៗ ដែលចិន ព្យាយាមបង្អាក់វិធានការខ្លាំងៗរបស់សហគមន៍អន្តរជាតិដើម្បីដាក់បន្ទុកកូរ៉េខាងជើងនោះ។ មួយវិញទៀត ក្រុងប៉េកាំង ក៏បានអនុវត្តតាមសេចក្ដីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបានផ្អាកការនាំចូលធ្យូងថ្មពីកូរ៉េខាងជើងដែរ។
យ៉ាងណាមិញ ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលមិនសូវពេញចិត្តចិនស្រាប់ផងនោះ ចង់ឲ្យចិនមានចំណាត់ការខ្លាំងជាងនេះ មិនមែនត្រឹមតែឈប់នាំចូលធ្យូងថ្មប៉ុណ្ណឹងឡើយ។ ក្នុងគោលដៅដាក់សម្ពាធចិននោះ លោក ត្រាំ បានប្រើសន្លឹកបៀ «នយោបាយចិនតែមួយ»ដើម្បីធ្វើជាថ្នូរឲ្យចិនផ្ដល់សម្បទានត្រឡប់មកវិញ។ នៅថ្ងៃទី១១ ខែធ្នូ លោក ត្រាំ បានប្រាប់ចិនចំៗឲ្យផ្ដល់សម្បទានខ្លះមកអាមេរិក ជាថ្នូរនឹងការបន្តអនុវត្តនយោបាយចិនតែមួយ។
សម្បទានដែលលោកចង់បាន គឺទំនាក់ទំនងពាណិជ្ជកម្ម និងការជួយចូលរួមដោះស្រាយបញ្ហាផ្សេងៗរួមទាំងវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលកំពុងជាប់គាំងនេះតែម្ដង។ លោក ត្រាំ ទំនងជាគិតថា ក្រុងប៉េកាំងនៅតែមានជំហរការពារកូរ៉េខាងជើងលើសំណុំរឿងនុយក្លេអ៊ែរដដែល។ ប្រធានាធិបតីដែលមានសាវតារពីអ្នកជំនួញរូបនេះ បានបញ្ជាក់ថា ចិនពិតជាអាចជួយរកច្រកចេញបាន តែចិនមិនបានជួយរកច្រកចេញឡើយ។
ការលេងសន្លឹកបៀ «នយោបាយចិនតែមួយ» របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក មិនបានធ្វើឲ្យចិនពេញចិត្តនោះទេ។ ចិន តែងប្រតិកម្មខ្លាំងដាក់អ្នកណាដែលមិនគោរពនយោបាយចិនតែមួយ និងងាកទៅរកទំនាក់ទំនងជិតស្និទ្ធជាមួយកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាអាណាខេត្តមួយរហូតមក។ ក្នុងគោលបំណងបិទផ្លូវប្រទេសផ្សេងដែលចង់មានទំនាក់ទំនងជាតៃវ៉ាន់ ចិន ក៏ប្រកាសជាចំហដែរថា ការគោរពនយោបាយចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនៃការចងស្ពានមេត្រីជាមួយខ្លួន។
១. ចិនថា ខ្លួនប្រឹងប្រែងខ្លាំងក្នុងការលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ
កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងក្ដី បញ្ហាតៃវ៉ាន់ក្ដី សុទ្ធសឹងជាបញ្ហាប្រឈមរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក្នុងការរក្សាមិត្តភាពជាមួយចិន បន្ថែមពីលើបញ្ហាសេដ្ឋកិច្ចដែលជាបញ្ហាស្រាប់ហើយនោះ។ អំឡុងពេលអាណត្តិដឹកនាំរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្រុងវ៉ាស៊ីនតោន មិនសូវជានិយាយប៉ះពាល់ខ្លាំងរឿងកោះតៃវ៉ាន់ឡើយ ហើយជានិច្ចកាលនោះ ទាំងអាមេរិក និងចិន ហាក់មានជំហរស្របគ្នាលើការលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។
យ៉ាងណាក្ដី គ្រាន់តែឈ្នះឆ្នោត និងមិនទាន់កាន់អំណាចផងនោះ លោក ដូណាល់ ត្រាំ បានរិះគន់ចិនដែលមិនព្រមឈប់គាំទ្រកូរ៉េខាងជើង និងថែមទាំងហ៊ាននិយាយទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ ផ្គើនចិនទៀតផង។ ប៉ុន្តែក្រុងប៉េកាំង បាននិយាយការពារខ្លួនដែរថា ការប្រឹងប្រែងរបស់ខ្លួនដើម្បីធានាថា ឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ គឺជារឿងច្បាស់លាស់ណាស់ ហើយគេឯងក៏បានដឹងលឺពីចំណាត់ការផ្សេងៗរបស់ខ្លួនដែរ និងប្រាប់លោក ត្រាំ ឲ្យគោរពកិច្ចការផ្ទៃក្នុងខ្លួនផងដែរ។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី៣ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ ចិន តែងចូលរួមក្នុងកិច្ចពិភាក្សានានាស្ដីពីបញ្ហាកូរ៉េខាងជើង និងបានចូលរួមបោះឆ្នោតលើសេចក្ដីសម្រេចជាច្រើនទៀត។ សកម្មភាពទាំងនេះ បង្ហាញពីចរិតទទួលខុសត្រូវរបស់ចិនលើបញ្ហានៅឧបទ្វីបកូរ៉េ ហើយចិនក៏ស្នើឲ្យភាគីទាំងឡាយ ចៀសវាងចាក់សាំងលើភ្លើង និងងាកចូលតុចរចាឲ្យបានឆាប់បំផុត។
២. ចិន ប្រើបញ្ហាកូរ៉េខាងជើង ជាថ្នូរកុំឲ្យ ដូណាល់ ត្រាំ ប៉ះពាល់រឿងតៃវ៉ាន់
ជាមួយនឹងការឆ្លើយឆ្លងនេះ ចិន ដូចជាកំពុងប្រើសន្លឹកបៀកូរ៉េខាងជើង ធ្វើជាថ្នូរឲ្យប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ឈប់លូកលាន់បញ្ហាកោះតៃវ៉ាន់ទៀត។ ចិន ខឹងយ៉ាងខ្លាំងចំពោះសកម្មភាពរបស់លោក ត្រាំ ដែលមកកកូរកកាយរឿងក្នុងផ្ទះរបស់ខ្លួននោះ។ ចិន រឹតតែមិនសប្បាយចិត្តពេលលឺថា ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នឹងឈប់សំចតលើទឹកដីអាមេរិកក្នុងដំណើរទៅកាន់តំបន់អាមេរិកឡាទីននោះ។
មហាយក្សចិនដែលឈ្នះសង្គ្រាមជាមួយតៃវ៉ាន់ឆ្នាំ ១៩៤៩នោះ មានមន្ទិលសង្ស័យខ្លាំងថា រដ្ឋាភិបាលតៃវ៉ាន់នឹងចាប់ផ្តើមស្វះស្វែងរកការប្រកាសឯករាជ្យនៅពេលខាងមុខ ខណៈដែលរដ្ឋបាលថ្មីអាមេរិករបស់លោក ដូណាល់ ត្រាំ មានទំនោរគាំទ្រកោះតៃវ៉ាន់នេះទៀត។ កាន់តែធ្ងន់ធ្ងរនោះគឺ លោក ត្រាំ អាចជួបជាមួយប្រធានាធិបតីតៃវ៉ាន់ទល់មុខគ្នាពេលលោកស្រីចុះចតនៅក្រុងញូវយ៉កទៀតផង។ វាជាសកម្មភាពមួយដែលនឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទំនងរវាងចិន និងអាមេរិកជាក់ជាមិនខាន។
អាចនិយាយបានថា ចិន ហាក់ដូចជាយករឿងកូរ៉េខាងជើង ដែលជាប់ស្ញេញរកច្រកចេញមិនឃើញ ជាការដោះដូរសម្រាប់រឿងតៃវ៉ាន់តែម្ដង។ កន្លងមក ក្រសួងការបរទេសចិនបានទទូចសុំឲ្យក្រុងវ៉ាស៊ីនតោនបិទមិនឲ្យលោកស្រីប្រធានាធិបតីតៃវាន់ចូលទឹកដីអាមេរិកដែរ។ ចិន ក៏បានបន្ទន់ជំហរច្រើនលើការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលអាចចាត់ទុកជាសម្បទានទៅឲ្យអាមេរិក ហើយត្រឡប់មកវិញ រដ្ឋបាលថ្មីរបស់លោក ត្រាំ ទំនងជាធ្វើដូចរដ្ឋបាលអាមេរិកមុនៗ ដោយមិនប៉ះពាល់នយោបាយចិនតែមួយឡើយ៕