ជាតិ
បទវិភាគ
ចង់​ឲ្យ​កូនចៅ​ដឹងគុណ តើ​ឪពុកម្តាយ​គួរ​ធ្វើ​អ្វីខ្លះ​?
07, Jun 2020 , 6:29 am        
រូបភាព
​ភ្នំពេញ​៖ នៅក្នុង​ប្រទេស​ជឿនលឿន អាណាព្យាបាល​ហាក់បីដូចជា​មិនសូវ​សង្ឃឹមលើ​ការពឹង​ពាក់​កូនចៅ​ទេ ព្រោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ បាន​បង្កើត​ប្រព័ន្ធ​សុវត្ថិ​ភាពល្អ​មួយ​គួរសម​ដើម្បី​ជួយ​គាំពារ នៅពេលដែល​ពលរដ្ឋរ​បស់​ពួកគេ​មាន​វ័យ​ចំណាស់​។ នៅក្នុង​ប្រទេស​កម្ពុជា​វិញ ឪពុកម្តាយ​នៅ​បន្ត​ពឹង​ផ្អែកលើ​កូនចៅ​ច្រើន​ថែមទៀត​។ បើ​មិនមាន​កូនចៅ​ទេ អ្នកមាន​វ័យ​ចំណាស់ ត្រូវ​ទៅ​រស់នៅក្នុង​វត្ត​។



​នៅ​ទ្វីបអឺរ៉ុប ឬ​អាមេរិក យុវជន​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ ភាគច្រើន សម្រេចចិត្ត​រស់នៅ​ផ្សេង​ពី​គ្រួសារ​របស់​ពួកគេ​។ នៅក្នុង​ប្រទេស​កម្ពុជា​វិញ លុះ​ក្រោយ​ថ្ងៃ​រៀបការ​ទើប​ពួកគេ​មួយចំនួន​ចាក​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង​។ តែមួយ​ភាគ​ធំ បើទោះបីជា​រៀបការ​ហើយក៏​ដោយ ក៏​ពួកគេ​មួយចំនួនច្រើន​នៅ​បន្ត​រស់នៅ​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ​ធំ​ដដែល​។

​ការរស់នៅ​ជុំគ្នា​អាច​អនុញ្ញាត​ឲ្យ​ឪពុកម្តាយ​អាច​បន្ត​ជួយ​កូនចៅ ហើយ​កូនចៅ​វិញ​អាចមាន​ពេលវេលា​ថែទាំ ឬ​ថ្នាក់ថ្នម​ផ្លូវចិត្ត​ដល់​ឪពុកម្តាយ​វិញ​ដែរ​។ ការរស់នៅ​ជុំគ្នា បង្កបញ្ហា​ផ្នែក​អារម្មណ៍​ច្រើន តែ​វា​បង្កើន​ភាពស្និទ្ធស្នាល​កាន់តែច្រើន​នៅក្នុង​រង្វង់​គ្រួសារ​។ ការរស់នៅ​ផ្សេងគ្នា មិនសូវមាន​ជម្លោះ​មែន តែ​ខ្វះ​អារម្មណ៍​ស្និទ្ធស្នាល ឬ​ខ្វះ​ការបង្ហាញ​ការដឹងគុណ​ចំពោះ​ឪពុកម្តាយ​។ នៅក្នុង​សង្គម​ខ្មែរ និយាយ​ជារួម កូនចៅ​រៀបការ​ហើយក៏​ដោយ ក៏ត្រូវ​រស់នៅ​ជាមួយ​ឪពុកម្តាយ ហើយ​បន្ត​ជួយ​ថែទាំ​ពួកគេ​រហូតដល់​ថ្ងៃ​អស់​ជីវិត​។ នេះ គឺជា​ទ្រឹស្តី​រួម​នៃ​សង្គម​ខ្មែរ​។ តែ​ជាក់ស្តែង​វិញ គេ​សង្កេតឃើញថា កូនចៅ​ជាច្រើន មិនអាច​ផ្តល់​សេចក្តីសង្ឃឹម ឬ​សេចក្តីសុខ​ជូន​ឪពុកម្តាយ​ដូចដែល​បាន​រៀបរាប់​ខាងលើ​ឡើយ​។



​មាន​ហើយ​កូនចៅ​មួយចំនួន​ដែល​បានធ្វើ​ឲ្យ​អាណាព្យាបាល​មាន​ក្តីសង្ឃឹម​។ តែ​កូនចៅ​មួយចំនួនទៀត ប្រចាំ​គ្នា​ចិញ្ចឹម ឬ​ថែទាំ​ឪពុកម្តាយ​នៅពេលដែល​ពួកគេ​ចាស់ជរា​។ តើ​អាណាព្យាបាល​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​កូនចៅ​ចេះដឹង​គុណ​ដល់​អ្នក​?

​នេះ គឺជា​សំណួរ​ដែល​ពិបាក​រក​ចម្លើយ​មក​ប​ង្ហា​ញ​ឲ្យ​ឃើញ​ពិតប្រាកដ​ណាស់​។ តែ​ទស្សនៈ​មួយចំនួន​បានលើកឡើង​ថា បើ​អាណាព្យាបាល​ចង់​ឲ្យ​កូនចៅ​ដឹងគុណ​ដល់​អ្នក លុះត្រាតែ​អ្នក​បានធ្វើ​សកម្មភាព​ដឹងគុណ​ល្អៗ ជូន​ឪពុកម្តាយ​របស់​អ្នក​ជំនាន់​មុន​ដែរ​(​ដោយ​មិន​និយាយ​ពី​កាតព្វកិច្ច​របស់​ឪពុកម្តាយ​ក្នុងការ​បីបាច់​កូនចៅ​ឲ្យ​ល្អ​ឡើយ​)​។ សកម្មភាព​ដឹងគុណរ​បស់​អ្នក​ចំពោះ​ឪពុកម្តាយ​របស់​អ្នក នឹង​ជ្រាប​ចូលក្នុង​អារម្មណ៍​របស់​កូនចៅ​អ្នក​។ នេះហើយ គឺជា​សកម្មភាព​ដែល​អ្នក​គួរ​បង្ហាញ និង​ប្រតិបត្តិ​ដើម្បី​ទទួលបាន​ការដឹងគុណ​ត​ជំនាន់​នៅក្នុង​សង្គម​ខ្មែរ​។ បញ្ច្រាស​មកវិញ បើ​អ្នក​មិនបាន​ធ្វើ​គុណ​ចំពោះ​អ្នកមានគុណ​អ្នក​(​ឪពុកម្តាយ​) កូនចៅ​អ្នក ប្រហែលជា​អាច​ភ្លេច​ធ្វើ​គុណ​ចំពោះ​អ្នក​ដែរ​។​

​គ្រួសារ​ខ្មែរ​ត្រូវតែ​លះបង់​គំនិត កូន​៥​នាក់​មិនអាច​ចិញ្ចឹម​ឪពុកម្តាយ​ពីរ​នាក់​បាន ក្នុងខណៈ​ពេលដែល​ឪពុកម្តាយ​ពីរ​នាក់​អាច​ចិញ្ចឹម​កូន​បាន​៥​នាក់ ឬ​រហូតដល់​១០​នាក់​។ គុណ​ឪពុកម្តាយ មាន​ទំហំ​ធំ​មិនអាច​ពណ៌នា​បាន និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com