អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងត្បូង នឹងបង្កើតអង្គភាពទ័ពពិសេសដើម្បីកម្ទេចក្បាលម៉ាស៊ីនបញ្ជាកងទ័ពកូរ៉េខាងជើង ប្រមុខការពារជាតិកូរ៉េខាងត្បូង Han Min-koo
×
រយៈពេលចុងក្រោយនេះ ក្រុងសេអ៊ូល បានចាត់វិធានការជាច្រើនដើម្បីការពារខ្លួនពីការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើង។ ក្រុងសេអ៊ូល បានបង្កើនល្បឿនក្នុងការបង្កើតអង្គភាពទ័ពពិសេស ដែលមានគោលដៅកម្ទេចក្បាលម៉ាស៊ីនបញ្ជាកងទ័ពរបស់កូរ៉េខាងជើង ក្នុងករណីកូរ៉េទាំងពីរពិតជាចៀសមិនផុតពីការធ្វើសង្គ្រាមមែននោះ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Han Min-koo បានប្រកាសថា ក្នុងឆ្នាំ២០១៧ នេះខ្លួនរៀបចំទ័ពពិសេសមួយកងពល ដែលទទួលខុសត្រូវបង្អាក់ដំណើរការរបស់ក្បាលម៉ាស៊ីនយោធាក្រុងព្យុងយ៉ាង ក្នុងពេលមានសង្គ្រាមកើតឡើង។ នេះជាការពន្លឿនកិច្ចប្រឹងប្រែងការពារខ្លួនរបស់កូរ៉េខាងត្បូង ដែលរងការគំរាមពីសំណាក់កូរ៉េខាងជើងជាបងបង្អូន ខណៈគម្រោងបង្កើតទ័ពពិសេសនេះ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០១៩ ខាងមុខឯណោះទេ។
ថ្លែងទៅកាន់កិច្ចប្រជុំមួយនៅថ្ងៃទី៤ ខែមករា ដែលចូលរួមដោយប្រធានាធិបតីស្ដីទី Hwang Kyo-ahn ប្រមុខការពារជាតិកូរ៉េខាងត្បូង និយាយថា ការបង្កើនការការពារទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ជារឿងអាទិភាពរបស់យោធាកូរ៉េខាងត្បូង។ ពោល គឺសេអ៊ូល ប្រុងប្រៀបទប់ទល់ទាំងអស់សូម្បីតែការវាយប្រហារដោយនុយក្លេអ៊ែរ និងមីស៊ីលក៏ដោយ។
បើតាមសារព័ត៌មាន Yonhap លោក Han Min-koo សង្កត់ធ្ងន់ថា៖ «យើងកំពុងរៀបចំផែនការបង្កើតកងពលតូចពិសេស ដែលមានគោលដៅកម្ទេច ឬក៏យ៉ាងហោចណាស់បង្អាក់រចនាសម្ព័ន្ធបញ្ជាកងទ័ពរបស់កូរ៉េខាងជើង ក្នុងករណីមានការគំរាមពីក្រុងព្យុងយ៉ាងនោះ»។
ក្នុងប្រជុំដែលសំដៅសង្ខេបនយោបាយការពារជាតិប្រចាំឆ្នាំថ្មី រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងរូបនេះ ផ្ដល់ព័ត៌មានលម្អិតជាច្រើនជុំវិញបរិមាណនៃសារធាតុភ្លុយតូនីញ៉ូម និងអ៊ុយរ៉ានីញ៉ូម ដែលកូរ៉េខាងជើងមានក្នុងឃ្លាំងរបស់ខ្លួន។ វត្ថុធាតុគីមីទាំងពីរ ជាសារធាតុសំខាន់ក្នុងការបង្កើតនុយក្លេអ៊ែរ។ រដ្ឋបាលសេអ៊ូល ប៉ាន់ស្មានថា កូរ៉េខាងជើង មានសារធាតុភ្លុយតូនីញ៉ូមចំនួន៤០គីឡូក្រាម ដែលគ្រប់គ្រាន់សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរពី៤ ទៅ៨គ្រាប់។
ជាមួយគ្នានោះ កូរ៉េខាងត្បូង ក៏នឹងពន្លឿនផែនការពង្រាយអាវុធទំនើបៗដើម្បីការពារខ្លួននៅឆ្នាំខាងមុខ ដោយមិនចាំបាច់រង់ចាំដល់ផែនការដើមក្នុងពាក់កណ្ដាលឆ្នាំ២០២០ ឡើយ ដ្បិតការគំរាមពីសំណាក់កូរ៉េខាងជើង កើនឡើងខ្លាំងនាពេលចុងក្រោយនេះ។ ដោយឡែក ប្រព័ន្ធការពារមីស៊ីលអាកាស THAAD របស់អាមេរិក ក៏ត្រូវពង្រាយតាមផែនការដែរ សំដៅពង្រឹងប្រព័ន្ធការពារមីស៊ីលឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមពីលើប្រព័ន្ធការពារដែលអភិវឌ្ឍក្នុងស្រុកស្រាប់ហើយនោះ៕
Tag:
ឧបទ្វីបកូរ៉េ
Han Min-koo
© រក្សាសិទ្ធិដោយ thmeythmey.com