ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​បោះទុន ៦០​លាន​ដុល្លារ​សង់​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​
04, Jan 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​បោះទុន ៦០​លាន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់ នៅក្នុង​ទីតាំង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ។



​សេចក្ដីប្រកាស​ព័ត៌មាន​របស់ PPAP ដែល​ចុះ​ថ្ងៃទី​៣០​ខែធ្នូ​ឲ្យ​ដឹងថា PPAP និង​ក្រុមហ៊ុន​ចិន Yunnan Sengmao Investment (Cambodia) បាន​ចុះ​កិច្ចសន្យាជួល​ដី​ទំហំ ៩,៣​ហិកតា ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៤០​ឆ្នាំ (​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០៥៦)​។ ក្រុមហ៊ុន​នឹង​សាងសង់​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​នៅលើ​ដី​នេះ ដោយ​ក្រុមហ៊ុន​នឹង​បង្កើត​ស្ដង់​ប្រមាណ ៧០០​សម្រាប់​ជួល​ឲ្យ​អ្នកផ្គត់ផ្គង់​គ្រឿងសំណង់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

​លោក ហ៊ឺ បារី អគ្គនាយក PPAP ដែល​ថ្លែងប្រាប់​កាសែត Khmer Times បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​មួយ​នេះ​នឹង​បោះ​ពី ៥០​លាន ទៅ​៦០​លាន​ដុល្លារ​លើ​គម្រោង​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​នេះ ស្រប​ពេលដែល​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​យ៉ាង​លឿន និង​មាន​តម្រូវការ​ខ្ពស់​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ PPAP រំពឹងថា​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​ផែ​នឹងមាន​ប្រមាណ ២​ម៉ឺន TEU ក្នុង​មួយឆ្នាំៗ ដោយសារ​ក្រុមហ៊ុន​ចិន​នឹងត្រូវ​នាំចូល​គ្រឿងសំណង់​មកពី​ប្រទេស​ចិន​ដើម្បី​ផ្គត់ផ្គង់​នៅ​កម្ពុជា​។ សេចក្ដីប្រកាស​ដដែល​នេះ​បញ្ជាក់ទៀតថា គម្រោង​នេះ​នឹង​បង្កើត​ការងារ​បន្ថែម​ប្រមាណ ៥​ពាន់​ការងារ​។​

​បើតាម​របាយការណ៍រ​បស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ នៅក្នុង​រយៈពេល ១០​ខែ​ដើមឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ៧,៨​ពាន់​លាន​ដុល្លារ កើនឡើង​៣០០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៥ ។ ដោយឡែក​ការវិនិយោគ​ក្នុង​វិស័យនេះ​នៅក្នុង​ឆ្នាំ ២០១៥ មានតម្លៃ ៣,៣​ពាន់​លាន​ដុល្លារ កើនឡើង ៣៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៤ ៕


Tag:
 សំណង់​
  ហ៊ឺ បា​វី
© រក្សាសិទ្ធិដោយ thmeythmey.com