ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​គ្រោង​បោះទុន ៣​ពាន់​លាន​ដុល្លារ​សង់​សណ្ឋាគារ​ផ្កាយ ៦
05, Jan 2017 , 9:56 am        
រូបភាព
សម្ដេច ហ៊ុន សែន និង លោក Zhang Li ប្រធាន​ក្រុមហ៊ុន Guangzhou នាជំនួប​កាលពី​ថ្ងៃទី​៤​ខែមករា
សម្ដេច ហ៊ុន សែន និង លោក Zhang Li ប្រធាន​ក្រុមហ៊ុន Guangzhou នាជំនួប​កាលពី​ថ្ងៃទី​៤​ខែមករា
ដោយ:
ភ្នំពេញ​៖ ក្រុមហ៊ុន Guangzhou R&F គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ចិន គ្រោង​វិនិយោគ​រួមគ្នា​ជាមួយ​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group លើទឹក​ប្រាក់ ៣​ពាន់​លាន​ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ព័ត៌មាន​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​



​គម្រោង​វិនិយោគ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង លោក Zhang Li ប្រធាន​ក្រុមហ៊ុន Guangzhou R&F នៅ​ថ្ងៃទី​៤​ខែមករា​។ សម្ដេច​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ថ្មីៗ​នេះ លោក Zhang Li បាន​ជួប​លោក គិត ម៉េង រួចហើយ និង​បាន​ពិភាក្សា​ក្នុងការ​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​។ សម្ដេច​បញ្ជាក់ទៀតថា ជា​ជំ​ហ៊ាន​ដំបូង លោក Zhang Li មាន​ចំណាប់អារម្មណ៍​វិនិយោគ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ ៦ នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ក្រុងព្រះសីហនុ​។​

​សម្ដេច ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការសហការ​គ្នា​រវាង លោក Zhang Li និង​លោក គិត ម៉េង ដោយ​សម្ដេច​ថ្លែង​បញ្ជាក់ថា ភាគី​កម្ពុ​ជាមាន​ដី ហើយ​ភាគី​ចិន​មាន​ថវិកា​សម្រាប់​វិនិយោគ​សាងសង់​។ ប្រមុខ​រដ្ឋាភិបាល​អះអាង​ទៀតថា ការវិនិយោគ​នេះ គឺ​ទន្ទឹមគ្នា​នឹង​កម្ពុជា​កំពុងមាន​តម្រូវការ​សណ្ឋាគារ​លំដាប់​កំពូលៗ ព្រោះថា​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។ ហើយ​ការបណ្ដាក់ទុន​នេះ គឺ​ស្រប​នឹង​គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ និង​គោលនយោបាយ​វិថី​សូត្រ​សមុទ្រ​របស់​ចិន​៕



Tag:
 សណ្ឋាគារ​ផ្កាយ​៦
  ហ៊ុន សែន​
  គិត ម៉េង​
© រក្សាសិទ្ធិដោយ thmeythmey.com