អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ប្រាយុទ្ធ សុំទោសអតីតនាយករដ្ឋមន្ត្រី យីងឡាក់ រឿងបញ្ជូនប៉ូលិសទៅតាមដានលោកស្រី លោក ប្រាយុទ្ធ និងលោកស្រី យីងឡាក់ ពេលចុះមើលស្ថានភាពទឹកជំនន់រួមគ្នា កាលលោកស្រី យីងឡាក់ គ្រប់គ្រងរដ្ឋាភិបាល
×
មេដឹកនាំរបបសឹកថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានសុំទោសអតីតនាយករដ្ឋមន្ត្រីដែលលោកធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជុំវិញវត្តមានមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលតាមដានសកម្មភាពលោកស្រី ពេលលោកស្រីធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារថ្មីៗនេះ។ លោក ប្រាយុទ្ធ បញ្ជាក់ថា វត្តមានមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលទាំងនោះ គឺដើម្បីធានាសុវត្ថិភាពរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៤ ខែមករា បានសុំទោសអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាសាធារណៈ ក្រោយពេលលោកស្រីកើតទុក្ខមិនសុខចិត្ត ដោយសារមានប៉ូលិសស្លៀកពាក់ស៊ីវិលតាមដានលោកស្រី។ លោកនិយាយថា ប៉ូលិសទាំងនោះ គ្រាន់តែទទួលបញ្ជាទៅការពារសុវត្ថិភាពអតីតប្រមុខរដ្ឋាភិបាលរូបនេះ ខ្លាចក្រែងមានហេតុការណ៍អាក្រក់ណាមួយកើតឡើងចំពោះលោកស្រី។
ថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី១ ប្រចាំឆ្នាំ២០១៧ មេដឹកនាំរបបយោធារូបនេះ ក៏បានអង្វរអតីតនាយករដ្ឋមន្ត្រី «មិនបាច់យំយែកអ្វីទេ»ព្រោះវាជាចាំបាច់ដែលត្រូវមានមន្ត្រីសន្តិសុខ ទៅកាន់ការពារលោកស្រី។ លោកសង្កត់ធ្ងន់ថា លោកដាក់បញ្ជាឲ្យប៉ូលិសទៅតាមលោកស្រី យីងឡាក់ ព្រោះបើមានរឿងកើតឡើង លោកស្រី ច្បាស់ជាបន្ទោសរដ្ឋាភិបាលដែលមិនបានយកចិត្តទុកលើលោកស្រីមិនខានឡើយ។
«ប៉ុន្តែត្រូវតែមានមន្ត្រីសន្តិសុខទៅការពារ។ ខ្ញុំក៏ប្រាប់ពួកគេ មិនឲ្យថតរូបច្រើនឡើយ។ អ៊ីចឹងខ្ញុំចង់សុំទោសលោកស្រី យីងឡាក់ ចំពោះរឿងនេះ។»នេះជាការបញ្ជាក់បន្ថែមរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ដែលដឹកនាំរដ្ឋប្រហារមិនបង្ហូរឈាមទម្លាក់លោកស្រី យីងឡាក់ ពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៤ និងត្រូវបានចេញផ្សាយដោយកាសែតថៃបាងកកប៉ុស្តិ៍។
ពាក្យសុំទោសរបស់មេដឹកនាំរបបសឹកថៃ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី យីងឡាក់ បង្ហោះសារមិនពេញចិត្តតាមហ្វេសប៊ុក ព្រោះមានប៉ូលិសស្លៀកពាក់ស៊ីវិលតាមដានលោកស្រី។ ហេតុការណ៍នេះកើតឡើង អំឡុងពេលលោកស្រី កំពុងធ្វើដំណើរកម្សាន្តឆ្នាំថ្មីជាកូនប្រុសនៅថ្ងៃទី២ ខែមករា ក្នុងស្រុក Pai នៃខេត្ត Mae Hong Son ។
លោកស្រី យីងឡាក់ បានសរសេរលើទំព័រហ្វេសប៊ុកលោកស្រីថា៖ «ខ្ញុំមិនដែលគិតថា ខ្ញុំត្រូវបានតាមដានដោយប៉ូលីសស្លៀកពាក់ស៊ីវិល និងអាជ្ញាធរ ដែលចេះតែចូលឆែកឆេរហាង និងកន្លែងដែលខ្ញុំទៅដល់ឡើយ។» លោកស្រីបន្តថា ធនធានមនុស្សរបស់រដ្ឋាភិបាល គួរតែចំណាយពេលមើលការខុសត្រូវប្រជាជន មិនមែនតាមដានលោកស្រីនោះទេ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
យីងឡាក់ ស៊ីណាវ៉ាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com