អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ សុំទោស​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ រឿង​បញ្ជូន​ប៉ូលិស​ទៅតាម​ដាន​លោកស្រី​
05, Jan 2017 , 10:58 am        
រូបភាព
លោក ប្រាយុទ្ធ និងលោក​ស្រី យីងឡាក់ ពេលចុះមើល​ស្ថានភាពទឹកជំនន់រួមគ្នា កាលលោក​ស្រី យីងឡាក់ គ្រប់គ្រងរដ្ឋាភិបាល
លោក ប្រាយុទ្ធ និងលោក​ស្រី យីងឡាក់ ពេលចុះមើល​ស្ថានភាពទឹកជំនន់រួមគ្នា កាលលោក​ស្រី យីងឡាក់ គ្រប់គ្រងរដ្ឋាភិបាល
 
 
​មេដឹកនាំ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សុំទោស​អតីត​នាយករដ្ឋមន្ត្រី​ដែល​លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជុំវិញ​វត្តមាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​សកម្មភាព​លោកស្រី ពេល​លោកស្រី​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ថ្មីៗ​នេះ​។ លោក ប្រា​យុទ្ធ បញ្ជាក់ថា វត្តមាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ទាំងនោះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ប៉ុណ្ណោះ​។

 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៤ ខែមករា បាន​សុំទោស​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជា​សាធារណៈ ក្រោយពេល​លោកស្រី​កើតទុក្ខ​មិន​សុខចិត្ត ដោយសារ​មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​លោកស្រី​។ លោក​និយាយថា ប៉ូលិស​ទាំងនោះ គ្រាន់តែ​ទទួលបញ្ជា​ទៅ​ការពារ​សុវត្ថិភាព​អតីត​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ខ្លាចក្រែង​មាន​ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​ចំពោះ​លោកស្រី​។​
 
​ថ្លែង​នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី​១ ប្រចាំឆ្នាំ​២០១៧ មេដឹកនាំ​របប​យោធា​រូបនេះ ក៏បាន​អង្វរ​អតីត​នាយករដ្ឋមន្ត្រី «​មិនបាច់​យំយែក​អ្វី​ទេ​»​ព្រោះ​វា​ជា​ចាំបាច់​ដែល​ត្រូវមាន​មន្ត្រី​សន្តិសុខ ទៅកាន់​ការពារ​លោកស្រី​។ លោក​សង្កត់ធ្ងន់ថា លោក​ដាក់​បញ្ជា​ឲ្យ​ប៉ូលិស​ទៅតាម​លោកស្រី យី​ង​ឡាក់ ព្រោះ​បើ​មានរឿង​កើតឡើង លោកស្រី ច្បាស់​ជា​បន្ទោស​រដ្ឋាភិបាល​ដែល​មិនបាន​យកចិត្ត​ទុក​លើ​លោកស្រី​មិនខានឡើយ​។  
 
«​ប៉ុន្តែ​ត្រូវតែមាន​មន្ត្រី​សន្តិសុខ​ទៅ​ការពារ​។ ខ្ញុំ​ក៏​ប្រាប់​ពួកគេ មិន​ឲ្យ​ថតរូប​ច្រើន​ឡើយ​។ អ៊ីចឹង​ខ្ញុំ​ចង់​សុំទោស​លោកស្រី យី​ង​ឡាក់ ចំពោះ​រឿងនេះ​។​»​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ដែល​ដឹកនាំ​រដ្ឋប្រហារ​មិន​បង្ហូរឈាម​ទម្លាក់​លោកស្រី យី​ង​ឡាក់ ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៤ និង​ត្រូវបាន​ចេញផ្សាយ​ដោយ​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​។​
 
​ពាក្យ​សុំទោស​របស់​មេដឹកនាំ​របប​សឹក​ថៃ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី យី​ង​ឡាក់ បង្ហោះ​សារ​មិន​ពេញចិត្ត​តាម​ហ្វេ​ស​ប៊ុ​ក ព្រោះ​មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​លោកស្រី​។ ហេតុការណ៍​នេះ​កើតឡើង អំឡុងពេល​លោកស្រី កំពុងធ្វើដំណើរ​កម្សាន្តឆ្នាំ​ថ្មី​ជា​កូនប្រុស​នៅ​ថ្ងៃទី​២ ខែមករា ក្នុងស្រុក Pai នៃ​ខេត្ត Mae Hong Son ។​
 
​លោកស្រី យី​ង​ឡាក់ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោកស្រី​ថា​៖ «​ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​ត្រូវបាន​តាមដាន​ដោយ​ប៉ូលីស​ស្លៀកពាក់​ស៊ីវិល និង​អាជ្ញាធរ ដែល​ចេះតែ​ចូល​ឆែកឆេរ​ហាង និង​កន្លែង​ដែល​ខ្ញុំ​ទៅដល់​ឡើយ​។​» លោកស្រី​បន្តថា ធនធានមនុស្ស​របស់​រដ្ឋាភិបាល គួរតែ​ចំណាយពេល​មើល​ការខុសត្រូវ​ប្រជាជន មិនមែន​តាមដាន​លោកស្រី​នោះទេ​៕ 
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​
© រក្សាសិទ្ធិដោយ thmeythmey.com