អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ត្រាំ ចង់​លុប Obamacare តែ​អូ​បា​ម៉ា ប្រាប់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​ជួយ​ការពារ​
05, Jan 2017 , 3:54 pm        
រូបភាព
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ដោយផ្ទាល់​ទៅកាន់​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ ឲ្យ​ជួយ​ការពារ​ច្បាប់​សុខាភិបាល Obamacare ដែល​កំពុង​រង​ការ​គំរាម​លុបចោល​ពី​សំណាក់​ក្រុម​សាធារណរដ្ឋ​។ ក្រុម​សាធារណរដ្ឋ ដែល​មិន​ពេញ​ចិត្តនឹង​ច្បាប់​នេះ​តាំងពីដើម​មក​នោះ ប្រកាស​ហើយ​ថា នឹង​លុបចោល​ច្បាប់​នេះ ដ្បិត​ពួកគេ​មាន​សំឡេង​ភាគច្រើន​នៅ​សភា​ទាំងពីរ​ជាន់​រួចទៅហើយ​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ ទំនងជា​មិន​បោះបង់​កេរដំណែល​របស់លោក អូ​បា​ម៉ា ឡើយ​។​



​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៤ ខែធ្នូ បានធ្វើ​ដំណើរ​ដោយ​កម្រ​មួយ​ទៅកាន់​វិមាន Capitol នៃ​សភា​អាមេរិក​។ លោក បាន​ជួប​ជាមួយ​បណ្ដា​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ និង​បាន​ទទូច​ពួកគេ​ឲ្យ​ជួយ​រារាំង​ក្រុម​អ្នក​សាធារណរដ្ឋ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ពី​ការលុបចោល​ច្បាប់​សុខាភិបាល Obamacare ។ លោក អូ​បា​ម៉ា ដែល​នឹងត្រូវ​ចាកចេញ​នៅ​១៥​ថ្ងៃ​ខាងមុខ កំពុង​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​ប្រយុទ្ធ​ក្នុង​សមរភូមិ​ការពារ​មរតក​របស់​លោក​។

​បើតាម​សារព័ត៌មាន BBC សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ Elijah Cummings បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី​ចប់​អាណត្តិ បាន​ប្រាប់​ឲ្យ​សមាជិកសភា​ទាំងពីរ​នៃ​បក្ស​ប្រជាធិបតេយ្យ ជួយ​ការពារ​សមិទ្ធ​ផលរប​ស់លោក​។ យ៉ាងណាក្ដី សមាជិក​បក្ស​ប្រជាធិបតេយ្យ ទំនងជា​ពិបាក​ក្នុង​ការពារ​ច្បាប់ Obamacare នេះ ដ្បិត​ពួកគេ​មិនមាន​សំឡេង​ភាគច្រើន​ឡើយ​ទាំង​នៅ​រដ្ឋសភា និង​នៅ​ព្រឹទ្ធសភា​។​

​ការប្រឈមមុខ​រវាង​បក្ស​ទាំងពីរ​ជុំវិញ​ច្បាប់​ខាងលើ លេច​រូបរាង​កាន់តែខ្លាំង​ដល់​កម្រិត​កំពូល​នៅ​ថ្ងៃទី​៤ ខែមករា ខណៈដំណើរ​របស់លោក អូ​បា​ម៉ា ទៅកាន់ Capitol ក៏​ជួន​នឹង​ដំណើរ​របស់​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Mike Pence ដែរ​។ ដូចគ្នា​នឹង​លោក​អូ​បា​ម៉ា លោក Pence ទៅកាន់​វិមាន Capitol ដើម្បី​សមាជិកសភា​ទាំងពីរ​ជាន់​នៃ​បក្ស​សាធារណរដ្ឋ ឲ្យ​ប្រុងប្រៀប​ចាត់វិធានការ​លុបចោល​ច្បាប់ Obamacare តែម្ដង​។​

​ថ្លែង​បន្ទាប់ពី​ជំនួប​ជាមួយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​រួចមក លោក Pence បាន​ប្រាប់​អ្នកកាសែត​ថា រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការលុបចោល Obamacare ជា​អាទិភាព​ទីមួយ ហើយ​លោក នឹង​រក​គោលការណ៍​ថ្មី​ដើម្បី​ជំនួស​ច្បាប់​របស់​ប្រធានាធិបតី​ចប់​អាណត្តិ អូ​បា​ម៉ា​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ទេ​ថា រដ្ឋបាល​ថ្មី​របស់លោក ត្រាំ ឬក៏​ក្រុម​សាធារណរដ្ឋ យក​អ្វី​ជំនួស Obamacare ដែល​កំពុង​ជួយ​ប្រជាជន​រាប់​នាក់​នោះដែរ​។​

​ប្រធានរដ្ឋសភា​មកពី​បក្ស​សាធារណរដ្ឋ Paul Ryan ក៏​និយាយ​ដែរ​ថា​៖« យើង​នឹង​ជំនួស​វា​ដោយ​អ្វី​ថ្មី និង​ប្រសើរ​ជាង​នេះ ហើយ​ក្នុងពេល​អន្តរកាល​នេះ គេ​ត្រូវ​ធានាថា ប្រជាជន​ទាំងអស់​នឹងមិន​រង​ផលប៉ះពាល់​អ្វី​ទេ​»​។​

 តាមពិតទៅ​នៅ​ថ្ងៃទី​៤ ដដែល​នោះ ព្រឹទ្ធសភា​អាមេរិក ដែល​គ្រប់​ដណ្ដប់​ដោយ​ក្រុម​សាធារណរដ្ឋ បានចាប់ផ្ដើម​ជំហាន​ទី​១ របស់ខ្លួន​ដោយ​បោះឆ្នោត​ដោយ​សំឡេង​៥១ ទល់នឹង​៤៨ បើកផ្លូវ​ឲ្យ​មានការ​ដេញដោល​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​សំដៅ​កាត់ផ្ដាច់​ធនធាន​នៃ​ច្បាប់ Obamacare តែម្ដង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ObamaCare
© រក្សាសិទ្ធិដោយ thmeythmey.com