ជាតិ
បទវិភាគ
បើ​ចង់​ឲ្យ​ជាតិ​រីកចម្រើន កូន​ខ្មែរ​ត្រូវ «​និយម​ខ្មែរ​» កុំ «​និយម​បរទេស​»​ខ្លាំងពេក​!
05, Jan 2017 , 4:12 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ដើមឡើយ ជាតិខ្មែរ គឺជា​ពូជសាសន៍​មួយ​ដែល​ពូកែ​អស្ចារ្យ​។ ខ្មែរ​ជំនាន់​ដើម​អាចធ្វើ​អ្វី​បាន ដែល​ពូជសាសន៍​ដទៃ​មិនអាច​ធ្វើបាន​។ ជាក់ស្តែង ដូចជា ការកសាង​ប្រាសាទ​នានា កេរដំណែល​សម្បត្តិ​វប្បធម៌ និង​កេរដំណែល​ស្នាដៃ​ដទៃៗ​ទៀត​។ ជាតិខ្មែរ​ធ្លាប់​ត្រូវបាន​គេ​គោរព និង​ធ្វើតាម ឬ​យកតម្រាប់​តាម​។ តែ​បច្ចុប្បន្ននេះ ខ្មែរ​ខ្លួនឯង​ហាក់បីដូចជា​បាត់បង់​នូវ​មោទនភាព​ជាតិ​ខ្លួនឯង​។ តើ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​?



​កាលពី​ដើមឡើយ ជាតិខ្មែរ​រុងរឿង​ស្ទើរ​គ្រប់​វិស័យ​៖ សេដ្ឋកិច្ច វប្បធម៌ នយោបាយ​…​។ តែដោយសារ​សង្គ្រាមស៊ីវិល ឬ​សង្គ្រាម​ជាមួយ​បរទេស ជាតិខ្មែរ​បាត់បង់​អានុភាព​របស់ខ្លួន​បន្តិច​ម្តងៗ​។ បាត់បង់​ឥទ្ធិពល​រហូតដល់​ខ្មែរ​ខ្លួនឯង​មួយចំនួន​បាត់បង់​ជំនឿ​លើ​ខ្លួនឯង ហើយ​លែង​ឲ្យ​តម្លៃ​លើ​អ្វីដែល​ខ្លួន​មាន​។ ស្រប​ពេលដែល​ខ្មែរ​ខ្លួនឯង​បាត់បង់​ជំនឿ​លើ​ខ្លួនឯង ពួកគេ​ក៏​មើលឃើញ​តម្លៃ​បរទេស​កាន់តែ​សំខាន់​ឡើងៗ​។ អ្នក​ដែល​ឲ្យ​តម្លៃ​បរទេស ត្រូវបាន​គេ​ហៅថា អ្នក​បរទេស​និយម ឬ​អ្នក​និយម​បរទេស​។

​ដោយ​មិន​និយាយ​ពី​អតីតកាល​យូរលង់ គ្រាន់តែ​ទាញ​ចំណាប់អារម្មណ៍​ចាប់​តាំងពីដើម​ទសវត្សរ៍​៩០​មកទល់នឹង​ពេលនេះ គេ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មាន​អារម្មណ៍​ឲ្យ​តម្លៃ​លើ​អ្វី​ដែលជា​លក្ខណៈ​បរទេស ច្រើនជាង​ឲ្យ​តម្លៃ​លើ​អ្វី​ដែលជា​របស់​ខ្មែរ​។ ផលិតផល​ខ្មែរ​ដែល​ដាក់ឈ្មោះ​ជា​ភាសាបរទេស​អាច​លក់ដាច់​ជាង​ផលិតផល​ដាក់ឈ្មោះ​ខ្មែរ​។ ហាង​ដែល​ដាក់ឈ្មោះ​ជា​ភាសាបរទេស​អាច​ទាញ​អតិថិជន​បាន​ច្រើនជាង​ហាង​ដាក់ឈ្មោះ​ខ្មែរ​។

​សាលារៀន​ដែល​ដាក់ឈ្មោះ​ជា​ភាសាបរទេស​អាចមាន​សិស្ស​ចូលរៀន​ច្រើនជាង​សាលារៀន​ដែល​ដាក់ឈ្មោះ​ខ្មែរ​។ ខ្មែរ​មួយចំនួន​គិតថា ជនបរទេស​ពូកែ​ជាង​ជនជាតិខ្មែរ បើទោះបីជា​ខ្មែរ និង​បរទេស​នោះ មាន​កម្រិត​សញ្ញាបត្រប្រហែល​គ្នា និង​រៀន​ពូកែ​ដូចគ្នា​ក៏ដោយ​។ ការគិត​របស់​បរទេស​ត្រូវបាន​ខ្មែរ​មួយចំនួន គិតថា ល្អ​ជាង​ការគិត​របស់​ខ្មែរ​។ ស្នាដៃ​បរទេស​ត្រូវបាន ខ្មែរ​មួយចំនួន​ឲ្យ​តម្លៃ​ថា អស្ចារ្យ​ជាង​ស្នាដៃ​ខ្មែរ​គ្នាឯង​។ ស្នាដៃ​ខ្មែរ​គ្នាឯង ជារួម មិនសូវ​ត្រូវបាន​ខ្មែរ​គ្នាឯង​ឲ្យ​តម្លៃ​ទេ​។

​គំនិត​បរទេស​និយម​មិនមែន​ស្ថិត​នៅតែ​ទីសាធារណៈ​ទេ​។ តែ​គំនិត​បរទេស​និយម​បាន​ជ្រៀតចូល​ក្នុងសង្គម​គ្រួសារ​ខ្មែរ​ថែម​ទៀតផង​។ អាណាព្យាបាល​ខ្មែរ​មួយចំនួន​បានសម្រេច​ចិត្ត​ដាក់ឈ្មោះ​កូនចៅ​ដោយ​យកតាម​ឈ្មោះ​បរទេស​ទៀតផង​។ ឈ្មោះ​ខ្មែរ​ដែលមាន​តម្លៃ​មហិមា ត្រូវបាន​គេ​បំភ្លេចចោល​។ គ្រួសារ​ខ្លះ​និយាយ​ភាសាបរទេស​ជំនួស​ភាសា​ខ្មែរ​នៅក្នុង​សង្គម​គ្រួសារ​។ ខ្មែរ​ខ្លះ​ឲ្យ​តម្លៃ​ទំនិញ​បរទេស​ជាង​ទំនិញ​ខ្មែរ​។ ពួកគេ​ទៅ​ទទួល​ការព្យាបាល​នៅ​គ្លីនិក​បរទេស​ជំនួស​ឲ្យ​មន្ទី​ពេទ្យ​ខ្មែរ​។ ពួកគេ​សរសើរ​ម្ហូបរ​ទេស​ថា ឆ្ងាញ់​ជាង​ម្ហូប​ខ្មែរ​។ និយាយ​ជារួម សម្រាប់​អ្នក​បរទេស​និយម «​ជំនឿ​លើ​អ្វី​ដែលជា​របស់​ខ្មែរ គឺ​ត្រូវបាន​បាត់បង់​»​។

​តាមពិត គេ​មិនអាច​ស្តីបន្ទោស​អ្នក​បរទេស​និយម​បានឡើយ ក្នុងខណៈ​ពេលដែល​អ្វីៗ​ជា​របស់​ខ្មែរ​នៅ​អន់​ពេក​នោះ​។ ភាពទន់ខ្សោយ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួនឯង​បាត់បង់​ជំនឿ​។ នេះ គឺជា​រឿង​សត្យានុម័ត​ដែល​គ្មាន​នរណាម្នាក់​អាច​ប្រកែក​បានឡើយ​។ ប៉ុន្តែ តើ​ថា ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ឲ្យ​តម្លៃ​លើ​អ្វី​ដែលជា​របស់​បរទេស​គ្មាន​ទីបញ្ចប់​ឬ​?

​ជា​លក្ខណៈ​ធម្មជាតិ អ្វីៗ​ត្រូវតែមាន​ទីបញ្ចប់រ​ប​ស់វា​។ ក្នុង​បរិបទ​ខាងលើនេះ ខ្មែរ​អាច​ងាក​មក​ឲ្យ​តម្លៃ​លើ​អ្វី​ដែលជា​របស់​ខ្មែរ​វិញ​បាន​។ ទី​១ អ្នកផ្តល់​សេវា​ជា​របស់​ខ្មែរ​ត្រូវ​បង្កើន​គុណភាព​។ ទី​២ អ្នកផ្តល់​សេវា​ជនជាតិខ្មែរ​ត្រូវ​បញ្ចូល​ទស្សនទាន​អ្វី​ដែលជា​របស់​ខ្មែរ​។ ទី​៣ អ្នកផ្តល់​សេវា ឬ​អ្នក​ផលិត ផលិតផល​ខ្មែរ​ត្រូវ​បញ្ឈប់​ការ​ឲ្យ​តម្លៃ​ដោយ​ដាក់ឈ្មោះ​ផលិតផល​ជា​ភាសាបរទេស និយាយ​បែប​ផ្សេង​មានន័យថា ត្រូវ​លើកតម្កើង​ឈ្មោះ​ខ្មែរ​នៅលើ​ផលិតផល​របស់​ខ្មែរ​។ ទី​៤ អ្នកប្រើប្រាស់ ឬ​អតិថិជន ត្រូវ​ឈប់​ផ្តល់​តម្លៃ​ទៅលើ​ឈ្មោះ​បរទេស ឬអ្វី​ដែលជា​រូបភាព​បរទេស និង​ទី​៥ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​លះបង់​អារម្មណ៍​ដែលថា អ្វីៗ​ដែលជា​របស់​ខ្មែរ​អន់ ហើយ​របស់របរ​បរ​ទេស​សុទ្ធតែ​ល្អ​។ ត្រូវ​ឈប់​គិតថា គំនិត​បរទេស​សុទ្ធតែ​ល្អ ហើយ​គំនិត​ខ្មែរ​គ្នាឯង​អន់​។ ខ្មែរ​ក៏មាន​អ្នក​ពូកែ​ដូច ឬ​ពូកែ​ជាង​បរទេស​ដែរ​។ ខ្មែរ ក៏​អាចដឹកនាំ​បរទេស​បានដែរ​។

​សរុបសេចក្តី​មក ដើម្បី​ឲ្យ​ខ្មែរ​មាន​មោទនភាព កូន​ខ្មែរ​ត្រូវ​នាំគ្នា​គិត នាំគ្នា​ធ្វើ​។ កូន​ខ្មែរ​ត្រូវ​នាំគ្នា​គិត នាំគ្នា​ផលិត​។  គិត និង​ផលិត​រួចហើយ កូន​ខ្មែរ​ត្រូវ​លើកកម្ពស់ និង​ឲ្យ​តម្លៃ​អ្វី​ដែលជា​របស់​ខ្មែរ​។​កូន​ខ្មែរ​ត្រូវមាន​គំនិត​ជាតិ​«​និយម​ខ្មែរ​» ហើយ​ត្រូវ​បោះបង់​គំនិត​«​បរទេស​និយម​» ឬ​«​និយម​បរទេស​»​។ គេ​អាច​និយម​បរទេស​តែ​ត្រង់ចំណុច​ណា ដែល​ខ្មែរ​នៅ​ខ្វះចន្លោះ ពោល គឺ​មិនត្រូវ​អត្តនោម័តិ​និយម​ថា​«​អ្វីៗ​ជា​បរទេស​សុទ្ធតែ​ល្អ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com