អន្តរជាតិ
នយោបាយអន្តរជាតិ
ទោះ ត្រាំ ជំទាស់ រដ្ឋបាលអូបាម៉ានៅតែផ្ទេរឧក្រិដ្ឋជនពីគុកGuantanamoទៅអារ៉ាប៊ីសាអូឌីត
×
រដ្ឋាភិបាលអាមេរិកសម្រេចថានឹងផ្ទេរអ្នកទោស៤ នាក់ពីគុកយោធា Guantanamoទៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២៤ម៉ោង។ វាជាការប្រឹងប្រែងចុងក្រោយរបស់លោក បារ៉ាក់ អូបាម៉ា ក្នុងការបន្ថយចំនួនឧក្រិដ្ឋជនដែលជាប់ឃុំឃាំងនៅគុក Guantanamo ទោះបីជាលោកមិនអាចបិទគុកនេះបានតាមសន្យា និងទោះមានការជំទាស់ពីប្រធានាធិបតីទើបជាប់ឆ្នោតក៏ដោយ។
មានសំឡេង
ឧក្រិដ្ឋជនចំនួន ៤នាក់ដែលជាប់ឃុំឃាំងនៅគុកយោធាអាមេរិក Guantanamo នឹងត្រូវផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងនៅថ្ងៃ ៦មករាឆ្នាំ ២០១៧។ គេដឹងច្បាស់ថា ការបញ្ជូនអ្នកទោសពីគុកអាមេរិកនៅគុយបា ទៅកាន់ប្រទេសផ្សេងទៀតជាចំណាត់ការចុងក្រោយរបស់លោក បារ៉ាក់ អូបាម៉ា ក្នុងការកាត់បន្ថយចំនួនអ្នកទោសនៅមន្ទីរឃុំឃាំងនេះ ថ្វីបើលោកមិនអាចបិទវាបានជោគជ័យក៏ដោយ។
យោងតាមទីភ្នាក់ងារ Reuters ការសម្រេចផ្ទេរអ្នកទោសឧក្រិដ្ឋធ្ងន់ធ្ងរ៤នាក់ នេះជាការចាប់ផ្តើមដំបូងបំផុតមួយរបស់រដ្ឋបាលលោក អូបាម៉ា ស្របពេលដែលរដ្ឋបាលនេះមានគោលបំណងផ្ទេរអ្នកទោសសរុប ១៩នាក់ទៀតឯណោះពីគុកគុយបាទៅបរទេស ឲ្យបានមុនថ្ងៃប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង។ ប្រទេសដែលនឹងទទួលអ្នកទោសអាមេរិកទាំងនោះមានដូចជា អ៊ីតាលី, អូម៉ង់ និងអាមេរិកអារ៉ាប់រួម។
បើសិនជាគម្រោងរបស់លោក អូបាម៉ា ជោគជ័យ អ្នកទោសសរុបនៅមន្ទីរឃុំឃាំងនៅសល់ត្រឹមតែ ៤០នាក់ប៉ុណ្ណោះ ដែលនេះជាចំនួនអ្នកទោសទាបបំផុតនៅសល់នៅមន្ទីរឃុំឃាំងនេះ។ ថ្វីបើចំនួនអ្នកទោសនៅតិចក៏ដោយ គេនៅតែចាំបានថា លោក អូបាម៉ា បានសន្យាបិទគុកនេះឲ្យបានក្នុងអាណត្តិលោកដែរ។ ដូច្នេះហើយលោកនឹងចាកចេញពីតំណែងដោយមិនអាចមានលទ្ធភាពបិទមន្ទីរឃុំឃាំងនេះតាមការសន្យារបស់លោកនោះឡើយ។
កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតី ជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបង្ហាញជំហរជំទាស់រដ្ឋបាលលោក អូបាម៉ា ដោយលោកចង់រក្សាទុកចំនួនអ្នកទោសដដែលនៅគុកយោធាអាមេរិក Guantanamo។ លោកក៏ចង់រក្សាទុកគុកនេះសម្រាប់ឃុំឃាំងបណ្តាឧក្រិដ្ឋជនជាពិសេសក្រុមភេរវជនតែម្តង។
រដ្ឋបាលលោក អូបាម៉ា បានផ្តល់ដំណឹងដល់សភាកាលពីខែមុនពីចេតនារបស់ខ្លួនក្នុងការផ្ទេរអ្នកទោសទៅបរទេសនេះ។ ហើយក្នុងចំណោមអ្នកទោសដែលត្រូវផ្ទេរនោះមាន២៣ នាក់ហើយគេកំណត់ថា ពួកគេទាំងអស់ជាអ្នកទោសដែលអាចផ្ទេរទៅមន្ទីឃុំឃាំងនៅបរទេសបានដោយសុវត្ថិភាព។
តាមពិតទៅ មន្ទីរឃុំឃាំងនេះមានអ្នកទោស ២៤២ នាក់ពេលលោក បារ៉ាក់ អូបាម៉ា ឡើងកាន់តំណែងឆ្នាំ ២០០៩ ដែលវាជាមរតករបស់រដ្ឋបាលលោក George W. Bush ។ ហើយក្រោយមកលោកបានព្យាយាមកាត់បន្ថយចំនួនអ្នកទោសដោយបន្តផ្ទេរអ្នកទោសទៅបរទេស ហើយលោកមានគោលដៅចម្បងបិទគុកយោធាអាមេរិកលើដីគុយបានេះតែម្តង។ ជំនាន់លោក George W. Bush មន្ទីរឃុំឃាំងនេះត្រូវបានគេចាត់ទុកជាឋាននរកមួយសម្រាប់អ្នកទោសព្រោះអ្នកទោសដែលជាជនសង្ស័យភេរវជនទាំងនោះរងទារុណកម្មព្រៃផ្សៃជាច្រើនដែលអនុវត្តដោយទាហានអាមេរិក៕
Tag:
ដូណាល់ ត្រាំ
បារ៉ាក់ អូបាម៉ា
Guantanamo
© រក្សាសិទ្ធិដោយ thmeythmey.com