អន្តរជាតិ
នយោបាយអន្តរជាតិ
សាលក្រមសមុទ្រចិនខាងត្បូងដែលកាត់ឲ្យចិនចាញ់ក្តី មិនស្ថិតក្នុងរបៀបវារៈកិច្ចប្រជុំអាស៊ាននៅហ្វីលីពីនទេ រូបភាពប្រមុខដឹកនាំអាស៊ាន និងចិនក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាវ
×
ប្រធានវិលជុំអាស៊ានហ្វីលីពីន នឹងដាក់បញ្ហាសមុទ្រចិនខាងត្បូងដើម្បីជជែកនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ានចុងឆ្នាំនេះ។ ក៏ប៉ុន្តែវិសាលភាពនៃការជជែកពីបញ្ហានេះ ផ្តោតតែលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង(CoC) សេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DoC) និងគោលការណ៍មួយចំនួនផ្សេងទៀតដែលជាដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ តែសាលក្រមសមុទ្រចិនខាងត្បូង នឹងមិនដាក់ក្នុងរបៀបវារៈរួមនោះទេ។
អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅថ្ងៃទី៥ មករា នាឱកាសសង្ខេបព័ត៌មានប្រចាំថ្ងៃ បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង មាននៅក្នុងរបៀបវារៈរបស់អាស៊ាន ហើយ អាស៊ាន នឹងបន្តធ្វើការជាមួយនឹងគ្នានៅក្នុងឆ្នាំនេះដោយផ្តោតសំខាន់លើ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមិនទាន់បញ្ចប់នៅឡើយនោះ និងសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងគោលការណ៍នៃក្រមប្រតិបត្តិ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកហ្វីលីពីន inquirer.net។
លោកអនុរដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងចំណោមគោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការរបស់ហ្វីលីពីន និងអាស៊ាន ជាមួយនឹងចិនឆ្នាំនេះ គឺព្យាយាមសម្រេចឲ្យបាននូវក្របខណ្ឌសម្រាប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅចុងឆ្នាំនេះ។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ ដែលបានដកស្រង់សម្តីរបស់មន្ត្រីការទូតជាន់ខ្ពស់ហ្វីលីពីន ដែលអះអាងទៀតថា សាលក្រមសមុទ្រចិនខាងត្បូងរបស់តុលាការមជ្ឈត្តកម្មក្រុងឡាអេ មិនមាននៅក្នុងរបៀបវារៈអាស៊ាននោះទេ។
លោក ពន្យល់ថា សាលក្រមសមុទ្រចិនខាងត្បូង បានក្លាយជាផ្នែកមួយនៃច្បាប់អន្តរជាតិរួចទៅហើយ។ ជាងនេះទៅទៀតនោះ លោក យល់ឃើញថា បើដាក់សាលក្រុមសមុទ្រចិនខាងត្បូងក្នុងរបៀបវារៈ នោះបរិយាកាសនៃកិច្ចប្រជុំ នឹងមិនល្អនោះទេ។
សូមជម្រាបផងដែរ បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះផលប្រយោជន៍អធិបតេយ្យ ដែលមានរដ្ឋពាក់ព័ន្ធដូចជារដ្ឋអាស៊ាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ រៀងរាល់កិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន មិនដែលរំលងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ នោះ ក៏ព្រោះបញ្ហានេះ មានរឿងចម្រូងចម្រាសច្រើន ដែលមិនទាន់ដោះស្រាយឲ្យបានចប់សព្វគ្រប់។ ចិន ដែលកំពុងបង្កើនវត្តមានយោធានៅក្នុងតំបន់ជម្លោះនោះ បានទាមទារតំបន់ជម្លោះស្ទើរតែទាំងស្រុង ដោយយោងតាមកត្តាប្រវត្តិសាស្ត្រ ខណៈរដ្ឋអាស៊ានទាមទារដោយអាងច្បាប់។
នៅថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ កន្លងទៅ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្រុងឡាអេ បានចេញសាលក្រមតាមបណ្តឹងរបស់ហ្វីលីពីន ដោយសម្រេចឲ្យហ្វីលីពីន ឈ្នះក្តីលើចិន។ តុលាការ បានបកស្រាយថា សំអាងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋានផ្នែកច្បាប់នោះទេ។ ជាងនេះទៅទៀតនោះ តុលាការ ក៏បានចាត់ទុកសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទាំងការបង្កើតកោះសិប្បនិម្មិតសុទ្ធសឹងតែខុសច្បាប់ទៀត។ យ៉ាងណាក៏ដោយ ចិន ប្រកាសយ៉ាងដាច់ខាតថា មិនទទូលស្គាល់ សាលក្រមនោះទេ។ សម្រាប់ចិន សាលក្រមនោះ ប្រៀបប្រដូចនឹងក្រដាសសម្រាមយ៉ាងដូច្នេះឯង៕
Tag:
ហ្វីលីពីន
សមុទ្រចិនខាងត្បូង
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com