អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​កាត់​ឲ្យ​ចិន​ចាញ់ក្តី មិន​ស្ថិតក្នុង​របៀបវារៈ​កិច្ចប្រជុំ​អាស៊ាន​នៅ​ហ្វីលីពីន​ទេ
06, Jan 2017 , 11:27 am        
រូបភាព
រូបភាពប្រមុខដឹកនាំអាស៊ាន និងចិនក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាវ
រូបភាពប្រមុខដឹកនាំអាស៊ាន និងចិនក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឡាវ
ដោយ: ថ្មីៗ
 
​ប្រធាន​វិលជុំ​អាស៊ាន​ហ្វីលីពីន នឹងដាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជជែក​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចុងឆ្នាំ​នេះ​។ ក៏ប៉ុន្តែ​វិសាលភាព​នៃ​ការជជែក​ពី​បញ្ហា​នេះ ផ្តោត​តែ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(CoC) សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) និង​គោលការណ៍​មួយចំនួន​ផ្សេងទៀត​ដែលជា​ដំណោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ តែ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង នឹងមិន​ដាក់​ក្នុង​របៀបវារៈ​រួម​នោះទេ​។

 
​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo នៅ​ថ្ងៃទី​៥ មករា នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ បាន​អះអាងថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មាននៅ​ក្នុង​របៀបវារៈ​របស់​អាស៊ាន ហើយ អាស៊ាន នឹង​បន្ត​ធ្វើការ​ជាមួយនឹង​គ្នា​នៅក្នុង​ឆ្នាំនេះ​ដោយ​ផ្តោត​សំខាន់​លើ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​មិនទាន់​បញ្ចប់​នៅឡើយ​នោះ និង​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង និង​គោលការណ៍​នៃ​ក្រម​ប្រតិបត្តិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​ហ្វីលីពីន inquirer.net​។ 
 
​លោក​អនុរដ្ឋមន្ត្រី បាន​បន្តទៀតថា ក្នុងចំណោម​គោលដៅ​ចម្បង​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ហ្វីលីពីន និង​អាស៊ាន ជាមួយនឹង​ចិន​ឆ្នាំនេះ គឺ​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​ក្របខណ្ឌ​សម្រាប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រីការទូត​ជាន់ខ្ពស់​ហ្វីលីពីន ដែល​អះអាង​ទៀតថា សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​ក្រុងឡាអេ មិនមាន​នៅក្នុង​របៀប​វារៈ​អាស៊ាន​នោះទេ​។​
 
​លោក ពន្យល់ថា សាលក្រម​សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ​រួចទៅហើយ​។ ជាងនេះទៅទៀត​នោះ លោក យល់ឃើញថា បើ​ដាក់​សាល​ក្រុម​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​របៀបវារៈ នោះ​បរិយាកាស​នៃ​កិច្ចប្រជុំ នឹង​មិនល្អ​នោះទេ​។ 
 
​សូម​ជម្រាប​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ផលប្រយោជន៍​អធិបតេយ្យ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ រៀងរាល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន មិនដែល​រំលង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ នោះ ក៏​ព្រោះ​បញ្ហា​នេះ មានរឿង​ចម្រូងចម្រាស​ច្រើន ដែល​មិនទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​។ ចិន ដែល​កំពុង​បង្កើន​វត្តមាន​យោធា​នៅក្នុង​តំបន់​ជម្លោះ​នោះ បានទាមទារ​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងស្រុង ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​ទាមទារ​ដោយ​អាងច្បាប់​។ 
 
​នៅ​ថ្ងៃទី​១២ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍​ក្រុងឡាអេ បានចេញ​សាលក្រម​តាម​បណ្តឹង​របស់​ហ្វីលីពីន ដោយ​សម្រេច​ឲ្យ​ហ្វីលីពីន ឈ្នះក្តី​លើ​ចិន​។ តុលាការ បាន​បកស្រាយ​ថា សំអាង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​នោះទេ​។ ជាងនេះទៅទៀត​នោះ តុលាការ ក៏បាន​ចាត់ទុក​សកម្ម​ភាព​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទាំង​ការបង្កើត​កោះ​សិប្បនិម្មិត​សុទ្ធសឹងតែ​ខុសច្បាប់​ទៀត​។ យ៉ាងណាក៏ដោយ ចិន ប្រកាស​យ៉ាង​ដាច់ខាត​ថា មិន​ទ​ទូល​ស្គាល់ សាលក្រម​នោះទេ​។ សម្រាប់​ចិន សាលក្រម​នោះ ប្រៀបប្រដូច​នឹង​ក្រដាស​សម្រាម​យ៉ាង​ដូច្នេះ​ឯង​៕ 

Tag:
 ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com