ជាតិ
នយោបាយជាតិ
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចនិងបក្សប្រឆាំងអាចជួបគ្នាក្នុងសប្តាហ៍ក្រោយ
× កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចនឹងធ្វើឡើងនៅថ្ងៃណាមួយក្រោយថ្ងៃទី១១ នៃខែមករា។ ជំនួបនេះ ទំនងពិភាក្សាពីការដោះលែងមន្ត្រីគ.ជ.ប មន្ត្រីអង្គការសង្គមស៊ីវិល។
សម្តេច ស ខេង ប្រធានក្រុមមតិភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភា បានឆ្លើយតបទៅកាន់ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាថា ជំនួបពិភាក្សារវាងបក្សទាំង២ អាចធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីមានការស្នើពីឯកឧត្តម កឹម សុខា ដែលស្នើឲ្យកំណត់ពេលជួបប្រជុំជាមួយគ្នា នៅថ្ងៃណាមួយ ក្នុងខែមករានេះ ដើម្បីដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋខ្មែរដោយសន្តិវិធី។
នៅក្នុងលិខិតរបស់រដ្ឋសភា ចុះថ្ងៃទី៥ ខែមករា សម្តេច ស ខេង បានបញ្ជាក់ដូច្នេះ៖«ខ្ញុំក៏សុំការយោគយល់ពីឯកឧត្តម ចំពោះការខកខានមិនជួបប្រជុំជាមួយគ្នា ក្នុងរយៈពេលកន្លងមក ដោយកម្មវិធីការងាររបស់ខ្ញុំមមាញឹកខ្លាំង តែខ្ញុំសង្ឃឹមថាជំនួបពិភាក្សារវាងបក្សទាំង២ អាចធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា»។
លិខិតនេះជាការឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តម កឹម សុខា ដែលបានសរសេរនៅក្នុងថ្ងៃដដែលនោះថា៖ «ថ្នាក់ដឹកនាំតំណាងនៃគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការជួបប្រជុំរវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរ ដើម្បីពិភាក្សាការងារមួយចំនួនក្នុងពេលណាមួយក្នុងខែមករា នៃឆ្នាំថ្មីនេះ»។
យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិមិនបញ្ជាក់ថា ជំនួបពិភាក្សានេះនឹងផ្តោតលើបញ្ហាអ្វីខ្លះនោះទេ។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៦ ខែមករាថា មានកិច្ចការជាច្រើនដែលយើងនឹងជជែក ប៉ុន្តែរង់ចាំមើលមានការកំណត់ពេលជួបប្រជុំជាក់លាក់សិន។ លោក អេង ឆៃអ៊ាង បញ្ជាក់ដូច្នេះ៖«មិនទាន់កំណត់ទេ! យើងចាំមើលមានកំណត់ពេលវេលាជាក់លាក់សិន។ យើងនឹងប្រជុំគ្នាកំណត់ពីរបៀបវារៈជជែកគ្នា»។
បើទោះជាគណបក្សសង្គ្រោះជាតិ មិនបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំក៏ដោយ ប៉ុន្តែជំនួបទំនងជាផ្តោតលើការដោះលែង មន្ត្រីគ.ជ.ប មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសមាជិកគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ។ បញ្ហានេះ ក៏ធ្លាប់បានលើកឡើងក្នុងជំនួបរវាងសម្តេច ស ខេង និង ឯកឧត្តម កឹម សុខា ម្តងហើយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅពេលដែលប្រធានស្តីទីបក្សសង្គ្រោះជាតិរូបនេះ ចូលប្រជុំក្នុងរដ្ឋសភាលើកដំបូង ក្រោយការលើកលែងទោសពីព្រះមហាក្សត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com