អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​សោកស្ដាយ ក្រោយ​ជប៉ុន​ហៅ​ទូត​ចូល​ស្រុក​ជុំវិញ​រូបសំណាក​ស្ត្រី​បម្រើ​ផ្លូវភេទ​
06, Jan 2017 , 3:06 pm         5780
រូបភាព
​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ស្ងប់ស្ងាត់​អស់​មួយរយៈ​មក​នោះ បាន​កម្រើក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ប្រជាជន​កូរ៉េខាងត្បូង​បានដាក់​តាំង​រូបសំណាក​តំណាង​ស្ត្រី​បម្រើ​ផ្លូវភេទ​នៅមុខ​ស្ថាន​កុងស៊ុល​ជប៉ុន​។ បញ្ហា​នេះ​ហាក់​កើន​កម្ដៅ​ខ្លាំង​ដល់​ថ្នាក់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ប្រចាំ​ក្រុង​សេ​អ៊ូ​ល ជាការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​កូរ៉េខាងត្បូង​ផងដែរ​។​


​កូរ៉េខាងត្បូង បានបង្ហាញ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ជប៉ុន ដែល​បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ត្រឡប់​ចូល​ស្រុក​វិញ ដើម្បី​ជាការ​តវ៉ា​នឹង​ដាក់តាំង​រូបសំណាក​ស្ត្រី​បម្រើ​ផ្លូវភេទ​នៅមុខ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង​។ ក្រុង​សេ​អ៊ូ​ល ក៏​ទទូច​ឲ្យ​ក្រុង​តូ​ក្យូ កុំ​យក​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី ដែល​ហាក់​មានការ​រីកចម្រើន​នា​រយៈពេល​ចុងក្រោយ​នេះ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​៦ ខែមករា អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​និយាយថា​៖ «​យើង​សោកស្ដាយ​ណាស់​ចំពោះ​ទង្វើ​របស់​ជប៉ុន ជុំវិញ​រូបសំណាក​ស្ត្រី​បម្រើ​ផ្លូវភេទ​នេះ​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រទេស​ទាំងពីរ គួរតែ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ពឹងផ្អែក​លើ​ការពិត និង​មិនត្រូវ​ខ្វល់ខ្វាយ​ពី​បញ្ហា​ប្រឈម​អ្វី​ឡើយ​។​»

​បើតាម​សារព័ត៌មាន The Japan Times រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​កោះហៅ​លោក Yasumasa Nagamine អគ្គរដ្ឋទូត​ប្រចាំ​កូរ៉េខាងត្បូង ជាការ​តវ៉ា​របស់ខ្លួន​ប្រឆាំងនឹង​រូបសំណាក​ស្ត្រី​បម្រើ​ផ្លូវភេទ ដែល​ត្រូវ​បានដាក់​ខាងមុខ​ស្ថាន​កុងស៊ុល​ជប៉ុន​ក្នុង​ក្រុង​ប៊ូសាន​កាលពី​ចុងឆ្នាំ​មុន ដោយ​សកម្មជន​ស៊ីវិល​មួយក្រុម​។ មិន​ត្រឹមតែ​ប្រកាស​កោះហៅ​មន្ត្រី​ទូត​ទេ ជប៉ុន​ក៏បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការចរចា​ស្ដីពី​ការផ្លាស់ប្ដូរ​រូបិយវត្ថុ​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​។​

​តាមពិត​ទៅមុន​ចាត់វិធានការ​បែបនេះ ជប៉ុន ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​យក​រូបសំណាក​នេះ​ចេញ​ពីមុខ​ស្ថាន​កុងស៊ុល​របស់ខ្លួន​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ហាក់​មិន​អើពើ​នឹង​សំណើ​នេះឡើយ​។ នេះ គឺ​រូបសំណាក​តំណាង​ស្ត្រី​បម្រើ​ផ្លូវភេទ​កូ​រ៉​ខាងត្បូង​ទី​២ ដែល​ដាក់តាំង​ខាងមុខ​ទីតាំង​តំណាង​ជប៉ុន​នៅ​បរទេស​។ រូបសំណាក​ទី​១ ដែលមាន​រូបរាង​ស្រដៀង​គ្នា​នេះដែរ ត្រូវ​បានដាក់​ខាងមុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្រុង​សេ​អ៊ូ​ល​តែម្ដង​។​

​បញ្ហា​ស្ត្រី​កូរ៉េខាងត្បូង ដែល​ត្រូវ​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​បម្រើ​ផ្លូវភេទ​នោះ បាន​ធូរស្រាល​មួយកម្រិត បន្ទាប់ពី​ជប៉ុន​សុខចិត្ត​ផ្ដល់​សំណង​ទឹកប្រាក់​សម្រាប់​ស្ត្រី​ទាំងនោះ​។ យ៉ាងណាក្ដី បញ្ហា​មួយ​នេះ​ក្លាយជា​របួស​ក្នុង​ចិត្ត​ជនជាតិ​កូរ៉េខាងត្បូង និង​ក្លាយជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ក្បែរ​ខាង​ទាំងពីរ​នេះ​៕

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  ស្ត្រី​បម្រើ​ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1112next