ជាតិ
សេដ្ឋកិច្ច
ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០១៦ កើនឡើងតែ 0,៧ភាគរយប៉ុណ្ណោះ
× ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០១៦ កើនឡើងតិចតួចបំផុត គឺមានកំណើនត្រឹម ០,៧ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ។ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) អះអាងថា ការនាំចេញអង្កររបស់កម្ពុជាជួបបញ្ហាកង្វះភាពប្រកួតប្រជែងនៅលើទីផ្សារក្រៅប្រទេស។
របាយការណ៍នាំចេញអង្ករបង្ហាញថា នៅក្នុងឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៥៤,២ម៉ឺនតោន កើនឡើង ០,៧ភាគរយ ធៀបនឹង ៥៣,៨ម៉ឺនតោននៅក្នុងឆ្នាំ២០១៥ ។ តួលេខនេះធ្វើឲ្យផែនការនាំចេញអង្ករចំនួន ១លានតោន របស់រដ្ឋាភិបាល ដែលបរាជ័យកាលពីឆ្នាំ២០១៥ កាន់តែឆ្ងាយ បើទោះបីរដ្ឋាភិបាលប្ដេជ្ញាថានឹងសម្រេចឲ្យបានក្ដី។
លោក ហ៊ុន ឡាក់ អនុប្រធាន CRF ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា កង្វះភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ដែលនាំឲ្យប៉ះពាល់ដល់កំណើននាំចេញអង្កររបស់កម្ពុជា។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖«កម្ពុជាទទួលសម្ពាធពីតម្លៃអង្ករនៅទីផ្សារអន្តរជាតិដែលធ្លាក់ចុះ ដែលយើងពិបាកបញ្ចុះថ្លៃដើមផលិត ទៅប្រជែងជាមួយប្រទេសគេ ដូច្នេះអ្នកបញ្ជាទិញងាកចេញមួយចំនួន»។ ទោះយ៉ាងណា លោក ហ៊ុន ឡាក់ បានសាទរការដែលកម្ពុជានៅអាចរក្សាទំហំនាំចេញអង្កររបស់ខ្លួនបាន ខណៈមានការទម្លាក់ថ្លៃអង្ករពីទីផ្សារខាងក្រៅ ពិសេសប្រទេសថៃ ។
បញ្ហាប្រកួតប្រជែងទីផ្សារនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំកន្លងមក បានប៉ះពាល់ដល់តម្លៃស្រូវរបស់កសិករ។ លោក ហ៊ុន ឡាក់ ឲ្យដឹងយ៉ាងដូចនេះថា៖«ដោយសារឥទ្ធិពលខាងក្រៅ តម្លៃស្រូវក៏មិនអាចលក់បានថ្លៃតាមការរំពឹងរបស់កសិករនោះទេ បើលក់តម្លៃខ្ពស់ គឺលក់អត់ចេញ»។
រដ្ឋាភិបាល កាលពីចុងខែកញ្ញាឆ្នាំ២០១៦ បានបញ្ចេញកញ្ចប់ថវិកាពិសេស ២៧លានដុល្លារ ដើម្បីជួយសង្គ្រោះថ្លៃស្រូវរបស់កសិករ ដែលបានកំពុងធ្លាក់ចុះខ្លាំង។ ប៉ុន្តែមកទល់សព្វថ្ងៃ មានរោងម៉ាស៊ីនកិនស្រូវតិចតួចប៉ុណ្ណោះមករកកម្ចីនៃកញ្ចប់ថវិកានេះ។ លោក ហ៊ុន ឡាក់ លើកឡើងថា ការទម្លាក់ថវិការបស់រដ្ឋាភិបាល គឺមិនសមស្របនឹងពេលវេលានៃតម្រូវការរបស់រោងម៉ាស៊ីនកិនស្រូវ។ លោកអះអាងដូច្នេះថា៖«ទុនជាទូទៅខ្វះមែន តែជួនកាលការទម្លាក់ទុនមកចំពេលដែលទីផ្សារបញ្ជាទិញ និងថ្លៃអង្ករប្រទេសជិតខាងធ្លាក់ចុះ ក៏ទុនមិនអាចជួយទៅលើការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនដែរ»។លោកបន្តទៀតថា៖« ប៉ុន្តែទោះយ៉ាងណាក៏ដោយគឺ រដ្ឋត្រូវទម្លាក់ទុនហើយ ដើម្បីជួយឲ្យរោងម៉ាស៊ីនកិនស្រូវមានទុនប្រមូលស្រូវពីកសិករចូលឃ្លាំង ដើម្បីកុំឲ្យតម្លៃស្រូវធ្លាក់ចុះខ្លាំងពេក»។
បើតាមអនុប្រធាន CRF រូបនេះ ទីផ្សារនាំចេញអង្ករនៅក្នុងឆ្នាំ២០១៧ នឹងមានភាពប្រសើរឡើង ខណៈកម្ពុជាទទួលកូតាថ្មីពីប្រទេសិនចំនួន ២០ម៉ឺនតោន និងកំពុងចរចាទីផ្សារថ្មីៗ ដូចជា ប្រទេសភីលីពីន ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម។
លោក ហ៊ុន ឡាក់ បានស្នើឲ្យភាគីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករស្វែងរកផែនការរយៈពេលវែង ដើម្បីជម្នះបញ្ហាប្រឈមក្នុងវិស័យមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com