វិបត្តិជនភៀសខ្លួន, ការធ្លាក់ចុះសេដ្ឋកិច្ច, ផលប៉ះពាល់នៃសកលភាវូបនីយកម្ម ជាកម្លាំងចលករសំខាន់ នាំឲ្យមានការកើនឡើងក្រុមចលនានយោបាយស្ដាំនិយមនៅប្រទេសជាច្រើនរបស់អឺរ៉ុប។ ក្រុមស្ដាំនិយមខ្លះ ប្រឡូកក្នុងនយោបាយរាប់សិបឆ្នាំមកហើយ តែពេលវេលាមិនសូវអំណោយផល និងខ្លះទៀតទើបបង្កើតថ្មី ជាពិសេសក្រោយវិបត្តិសេដ្ឋកិច្ច ដ្បិតរដ្ឋាភិបាលប្រទសអឺរ៉ុបខ្លះ នៅមិនទាន់អាចស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លូននៅឡើយ។ ការកើនឡើងខ្លាំងនៃក្រុមស្ដាំនិយមនេះ ធ្វើឲ្យគេព្រួយបារម្ភចំពោះការួបរួមគ្នារបស់សហភាពអឺរ៉ុប ដែលកំពុងប្រេះស្រាំស្រាប់ហើយ។
រយៈពេលចុងក្រោយនេះ ក្រុមអ្នកនយោបាយមានគំនិតស្ដាំនិយម បានកើនឡើងយ៉ាងខ្លាំងនៅបណ្ដាប្រទេសសមាជិកអឺរ៉ុប។ ពួកគេបានឆក់ឱកាសនៃវិបត្តិនយោបាយក្នុងស្រុក លំហូរជនភៀសខ្លួនពីមជ្ឈិមបូព៌ា និងការគំរាមកំហែងលើសន្តិសុខ សម្រាប់ទាក់ទាញប្រជាប្រិយភាពក្នុងចំណោមប្រជាជនដែលមិនពេញចិត្តនឹងវិធានការរបស់រដ្ឋាភិបាលនៃរដ្ឋសមាជិកសហភាពអឺរ៉ុប។ ការចាកចេញរបស់អង់គ្លេស រឹតតែធ្វើឲ្យក្រុមអ្នកស្ដាំនិយមមានទឹកមាត់លេបបន្ថែមទៀត។
បើនិយាយពីអ្នកនយោបាយស្ដាំនិយមនៅអឺរ៉ុបវិញនោះ គេប្រហែលស្គាល់ច្បាស់លោកស្រី Marine Le Pen នៃរណសិរ្សជាតិបារាំង, លោក Geert Wilder នៃគណបក្សសម្រាប់សេរីភាពរបស់ហូឡង់ និងគណបក្សសេរីភាពរបស់អូទ្រីសមិនខាន។ ក្រុមអ្នកនយោបាយស្ដាំនិយមទាំងនេះ មានគំនិតជាតិនិយម, ប្រកាន់សេដ្ឋកិច្ចគាំពារ និងមាននិន្នាការប្រឆាំងតួនាទីរបស់អឺរ៉ុប ដែលពួកគេអះអាងថា ធ្វើឲ្យបាត់បង់អធិបតេយ្យភាពប្រទេសខ្លួន។
ការលេចឡើងយ៉ាងឆាប់រហ័សនៃក្រុមអ្នកនយោបាយស្ដាំនិយម ពេលខ្លះស្ដាំនិយមជ្រុលនោះ កំពុងបង្កជាការគំរាមដល់សហភាពអឺរ៉ុប។ ក្រុមបក្សនយោបាយស្ដាំនិយមជាច្រើន ចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនអឺរ៉ុប បើទោះជាពួកគេមានគោលនយោបាយចម្រូងចម្រាសខ្លះក៏ដោយចុះ។ អ្វីដែលជាគំរាមកំហែងខ្លាំង គឺត្រង់ចំណុចដែលក្រុមអ្នកស្ដាំនិយមទាំងនោះ មានជំហរចាកចេញពីអឺរ៉ុប នៅពេលពួកគេកាន់អំណាច។
មកដល់ចំណុចនេះ គេប្រហែលចាំពីការសន្យារបស់អ្នកនយោបាយនៅបារាំង លោកស្រី Marine Le Pen ។ មេដឹកនាំក្រុមស្ដាំនិយមរូបនេះសន្យាថា លោកស្រី នឹងធ្វើប្រជាមតិស្ដីពីសមាជិកភាពរបស់បារាំងនៅក្នុងសហភាពអឺរ៉ុប ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតីបារាំង ក្នុងការបោះឆ្នោតទូទៅឆ្នាំ២០១៧ ។ រណសិរ្សជាតិរបស់លោកស្រី គឺជាបក្សជាតិនិយម ដែលមានគោលនយោបាយប្រឆាំងជនភៀសខ្លួន និងប្រឆាំងអឺរ៉ុប។
១. ការងើបឡើងក្រុមស្ដាំនិយម ជាបញ្ហាប្រឈមរបស់អឺរ៉ុប
តាមពិតទៅ មិនមែនមានតែលោកស្រី Le Pen ម្នាក់ទេ ដែលចង់ធ្វើប្រជាមតិចាកចេញពីអឺរ៉ុបឡើយ អ្នកនយោបាយស្ដាំនិយមភាគច្រើននៅអឺរ៉ុប សុទ្ធតែចាត់ទុកការប្រជាមតិលើសមាជិកភាពរបស់ខ្លួននៅអឺរ៉ុប ជារឿងអាទិភាព ពេលកាន់អំណាច។ ដោយសារតែគោលនយោបាយបែបនេះហើយ ទើបគេបារម្ភជុំវិញការរួបរួមរបស់សហភាពអឺរ៉ុបដែលមានអាយុច្រើនជាងកន្លះសតវត្សរ៍មកហើយនោះ។ ចង់មិនចង់នោះ មេដឹកនាំអឺរ៉ុប ត្រូវរកដំណោះស្រាយទប់ទល់នឹងការកើនឡើងក្រុមស្ដាំនិយមនេះ។
ការចាកចេញរបស់អង់គ្លេស អាចនិយាយបានថាជាជោគជ័យដំបូងគេ របស់ក្រុមស្ដាំនិយមនៅអឺរ៉ុប។ មនុស្សមិនតិចទេ ដែលភ្ញាក់ផ្អើលនឹងការចាកចេញនេះ។ ក្រុមគាំទ្រការចាកចេញ បានយកវិបត្តិជនភៀសខ្លួន បញ្ហាជនអន្តោប្រវេសន៍ និងការវាយប្រហារភេរវកម្ម ជាចំណុសស្នូលនៃយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់ខ្លួន។ ជោគជ័យនេះ ក្លាយជាជំហានថ្មីមួយរបស់ក្រុមអ្នកនយោបាយស្ដាំនិយម ខណៈពួកគេសង្ឃឹមទទួលការបោះឆ្នោតតាមប្រទេសប្រទេសរបស់ពួកគេ។
ចុងក្រោយនេះ បក្សនយោបាយស្ដាំនិយមជាច្រើន ទទួលបានសំឡេងជាច្រើនក្នុងស្ថាប័ននីតិបញ្ញត្តិ បើទោះជាមិនទាន់អាចគ្រប់គ្រងរដ្ឋាភិបាលក្ដី។ យ៉ាងណា នេះជាជំហានវិជ្ជមានសម្រាប់ពួកគេ ក្នុងការសាបព្រោះនយោបាយរបស់ក្រុមខ្លួន។ លើសពីនេះ ទោះជាមិនទាន់អំណាចក្នុងដៃនោះ ក្រុមនយោបាយស្ដាំនិយម ក៏ចាប់ផ្ដើមកិច្ចការរបស់ខ្លួន តាមរយៈការប្រមូលសំឡេងប្រជាជនដើម្បីធ្វើប្រជាមតិដែរ។
២. ជ័យជម្នះរបស់ ដូណាល់ ត្រាំ ជាសារលើកទឹកចិត្តសម្រាប់អ្នកនយោបាយស្ដាំនិយមនៅអឺរ៉ុប
ក្រុមអ្នកនយោបាយស្ដាំនិយមនៅតំបន់អឺរ៉ុប សប្បាយចិត្តមិនតិចឡើយចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ។ នៅពេលដឹងលទ្ធផលបោះឆ្នោតភ្លាម បណ្ដាមេដឹកនាំក្រុមស្ដាំនិយមអឺរ៉ុប បានចេញមកសាទរជ័យជម្នះរបស់លោក ត្រាំ ដោយពួកគេគិតថា ជ័យជម្នះនេះ ជាការហុចឱកាសសម្រាប់ពួកគេក្នុងការបោះឆ្នោតខាងមុខ និងឆ្លៀតយកជ័យជម្នះនេះ សម្រាប់ធ្វើជាភស្តុតាងនៃនយោបាយរបស់ពួកគេផងដែរ។
ក្នុងឆ្នាំ២០១៧ សមាជិកសំខាន់បីរបស់សហភាពអឺរ៉ុប គឺបារាំង អាល្លឺម៉ង់ និងហូឡង់ នឹងរៀបចំការបោះឆ្នោតទូទៅសម្រាប់ជ្រើសរើសមេដឹកនាំថ្មី ចំពេលដែលអឺរ៉ុបប្រឈមុខបញ្ហាជាច្រើន។ វិបត្តិជនភៀសខ្លួនដែលរកដំណោះស្រាយមិនទាន់ឃើញ ការវាយប្រហារភេរវកម្មជាញឹកញាប់ និងការធ្លាក់ចុះសេដ្ឋកិច្ចជាដើម គឺជាចំណុចខ្សោយរបស់រដ្ឋាភិបាលបច្ចុប្បន្ន និងត្រូវបានក្រុមស្ដាំនិយមយកមកប្រើប្រាស់ដើម្បីទាញប្រជាប្រិយភាព។
គោលនយោបាយរបស់លោក ត្រាំ និងក្រុមស្ដាំនិយមនៅអឺរ៉ុប គឺស្រដៀងគ្នាខ្លាំង ជាពិសេសលើការប្រកាន់នយោបាយគាំពារនិយម ប្រឆាំងរបបសេដ្ឋកិច្ចសេរីនិយម ហើយលោក ត្រាំ ក៏មិនសូវជាពេញចិត្តស្ថានភាពដឹកនាំនៅក្នុងអឺរ៉ុបសព្វថ្ងៃនេះដែរ។ ចុងក្រោយ អ្នកនយោបាយស្ដាំនិយមទាំងនោះ សង្ឃឹមទទួលបានការគាំទ្រពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក ក្នុងករណីពួកគេមានលទ្ធភាពឈ្នះឆ្នោត និងមិនអាចរកស៊ីជាមួយសមាជិកអឺរ៉ុបបានទៀតនោះ៕