សមាជិកសភា​បក្ស​សាធារណរដ្ឋ​ត្រៀម​ផ្តាច់ជំនួយ UN ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល​

អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សមាជិកសភា​បក្ស​សាធារណរដ្ឋ​ត្រៀម​ផ្តាច់ជំនួយ UN ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល​
07, Jan 2017 , 10:47 am         5299
រូបភាព
 
​សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​វិធានការ​មួយ​ដែល​ថ្កោលទោស​អង្គការសហប្រជាជាតិ​ដែល​ហ៊ាន​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​សកម្មភាព​អ៊ីស្រាអែល​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​កន្លងមក​។ ហើយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​ជំរុញ​ឲ្យ​សភា​ផ្តាច់ជំនួយ​ផ្តល់​ឲ្យ​អង្គការ​សហ​ប្រជា​តិ ដែល​វា​ជា​សកម្មភាព​ធ្វើឡើង​ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល​។​

​វិធានការ​ពិសេស​មួយ​ត្រូវបាន​សមាជិកសភា​ជាន់​ទាប​របស់​អាមេរិក​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៥​មករា ដើម្បី​ឆ្លើយ​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ដែល​ថ្កោលទោស​អ៊ីស្រាអែល​របស់​អង្គការសហប្រជាជាតិ​នោះ​។ 
 
​វិធានការ​នេះ​ត្រូវបាន​អនុម័ត​ឡើង​ក្រោម​សំឡេង ៣៤២ ទល់នឹង ៨០ តែ​វា​មិនមាន​អនុភាព​គតិយុត្តិ​អ្វី​ឡើយ​។ ក្រោយ​ការបោះឆ្នោត​នៅ​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក៏​នឹង​បោះឆ្នោត​អនុម័ត​វិធានការ​នេះ​ដូចគ្នា​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរួបរួម​គ្នា​រវាង​សមាជិក​ភា​ទាំងពីរ​បក្ស​ក្នុង​ការគាំទ្រ​អ៊ីស្រាអែល​ប្រឆាំង​សហគមន៍​អន្តរជាតិ​។​
 
​បើតាម​សារព័ត៌មាន Politico វិធាន​ការដែល​ត្រូវបាន​សភា​អនុម័ត​នោះបាន​បញ្ជាក់ថា​៖« រដ្ឋបាល​អាមេរិក​គួរតែ​ប្រើ​សិទ្ធិ​ជំទាស់​ទាត់ចោល​រាល់​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​នាពេល​អនាគត​បើ​ដំណោះស្រាយ​នោះ​មាន​ដាក់​លក្ខខណ្ឌ ឬ​តំណាង​ឲ្យ​ភាគ​ម្ខាង ឬ​ប្រឆាំង​អ៊ីស្រាអែល​»​។  
 
​បន្ថែម​ពីនេះ ដើម្បី​បំពេញចិត្ត​អ៊ីស្រាអែល វិធាន​ការដែល​សភា​អាមេរិក​បានអនុម័ត​ខាងលើ​ក៏​ទាមទារ​ឲ្យ​បញ្ឈប់​ឬ​ព្យួរ​រាល់​ការអនុវត្ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ដែល​ខ្លួន​បានអនុម័ត​កន្លងមក​ដែរ​។​
​ក្រៅពី​ថ្កោលទោស​អង្គការសហប្រជាជាតិ​ដែល​ហ៊ាន​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល  ការអនុម័ត​វិធានការ​នេះ​ក៏​បង្ហាញ​ពី​ការបន្ទោស​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មិន​ព្រម​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​នេះ​។​សមាជិក​បក្ស​សាធារណរដ្ឋ​ជាច្រើន​នាក់​បាន​ចេញមុខ​បន្ទោ​សលោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ៊ីស្រាអែល​ដោយ​មិន​ផ្តល់​ការការពារ​ផ្នែក​ការទូត​។ 
 
​ពាក់ព័ន្ធ​នេះ ប្រធានសភា​មកពី​បក្ស​សាធារណរដ្ឋ​លោក Paul Ryan បានប្រកាសថា លោក​ភ្ងា​ក់​ផ្អើ​ក​ខ្លាំង​ដែល​រដ្ឋបាល​លោក អូ​បា​ម៉ា អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​អនុម័ត​ដំណោះស្រាយ​បាន​ស្រួលៗ​បែបនេះ ហើយ​លោក​រិះគន់​លោក អូ​បា​ម៉ា មិន​សំចៃមាត់​សោះ​។ លោក​សង្កត់ធ្ងន់ថា​៖ «​កុំ​ល្ងង់​ពេក​។ ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​មិន​ទាក់ទង​អ្វី​នឹង​ការសង់​លំនៅដ្ឋាន​ឡើយ ហើយក៏​មិនមែន​ពាក់ព័ន្ធ​ការបង្កើត​សន្តិភាព​អ្វី​ដែរ​។ វា​ទាក់ទង​នឹង​រឿង​មួយ​គឺ​ប្រឆាំង​សិទ្ធិក​កើតជា​រដ្ឋ​ជ្វី​ហ្វ​របស់​អ៊ីស្រាអែល​»​។​
 
​យ៉ាងណាក៏ដោយ​រឿង​ដែល​សំខាន់បំផុត​នោះ បណ្តា​ក្រុម​សមាជិកសភា​បក្ស​សាធារណរដ្ឋ​កំពុង​រៀប​ចំ​ច្បាប់​មួយ​ដែល​អាច​កាត់បន្ថយ​ជំនួយ​ឬ​កាត់ផ្តាច់​ជំនួយ​ដែល​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ ដើម្បី​ជាការ​ព្រមាន​។ សំណើរ​ធំៗ​ពីរ​ដែល​រៀបចំឡើង​ដោយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​នឹងត្រូវ​ដាក់​ឲ្យ​សភា​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ សំណើរ​ទីមួយ​គឺ​ជំរុញ​ឲ្យ​អាមេរិក​កាត់បន្ថយ​ជំនួយ​ដែល​ផ្តល់​ឲ្យ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក ខណៈដែល​សំណើរ​មួយទៀត​មាន​គោលដៅ​ជំរុញ​ឲ្យ​សភា​អាមេរិក​ទាំងពីរ​ថ្នាក់​សម្រេច​ថា​តើ​គួរ​បន្ត​ផ្តល់​ឬ​គួរ​ផ្តាច់ជំនួយ​ដែល​ទ្រទ្រង់​អង្គការ​សហ​ប្រជា​តិ​នោះ​។ សភា​អាមេរិក​មាន​ពេលវេលា​ពីរ​ឆ្នាំ​ដើម្បី​សម្រេច​។ 
 
​ដោយឡែក ការអនុម័ត​វិធានការ​នៅ​សភា​អាមេរិក និង​គោលបំណង​ផ្តាច់​លុយ​ជំនួយ​សម្រាប់​អង្គការសហប្រជាជាតិ​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពី​ផ្លូវ​ដើរ​ដ៏​លំបាក​មួយ​ក្នុង​ទំនាក់ទំនង​រវាង​អង្គការសហប្រជាជាតិ​និង​សហរដ្ឋអាមេរិក​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ប្រធានាធិបតី​ថ្មី ដូ​ណា​ល់ ត្រាំ ។ ដូ​ណា​ល់ ត្រាំ ប្រឆាំង​ដាច់ខាត​ការអនុម័ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​ក្រុមប្រឹក្សាសន្តិសុខ ហើយ​លោក​បានស្នើ​ឲ្យ​រដ្ឋបាល​អូ​បា​ម៉ា ជំទាស់​ដំណោះស្រាយ​នេះដែរ​។​
 
​លើសពីនេះ អនាគត​ប្រធានាធិបតី​រូបនេះ​បាន​សន្យា​ផ្លាស់ប្តូរ​អង្គការសហប្រជាជាតិ​បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​។ ហើយ​លោក​នឹង​ទទួលស្គាល់​ការកាន់កាប់​ភាគ​ខាងកើត​នៃ​ទឹកដី​ទីក្រុង​ហ្ស៊េ​រ៉ុយ​សា​ឡិ​ម​ជា​របស់​អ៊ីស្រាអែល​ស្របច្បាប់​ថែមទៀត​៕
 
Tag:
 អ៊ីស្រាអែល​
  ដូ​ណា​ល់ ត្រាំ​
  បា​រ៉ា​ក់ អូ​បា​ម៉ា
 UN
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next