ជាតិ
នយោបាយជាតិ
ឯ.ឧ កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដល់ផ្នូរ និងសន្យារកយុត្តិធម៌ រូបពីហ្វេសប៊ុកឯកឧត្តម កឹម សុខា
× ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធដល់ផ្នូរលោកបណ្ឌិត កែម ឡី ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ស្ថិតនៅក្នុងសម្លៀកបំពាក់ខោខ្មៅ អាវខ្មៅ ឯកឧត្តម កឹម សុខា បានលុតជង្គង់លើកដំបូង នៅមុខផ្នូររបស់លោកបណ្ឌិត កែម ឡី ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធបញ្ញវន្ត ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ។ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម សុខា បានបួងសួង និងសន្យាស្វែងរកយុត្តិធម៌ជូនលោក កែម ឡី ដូច្នេះថា៖« សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅដល់ស្ថានសុគតិភព ហើយយើងខ្ញុំនៅតែបន្ដស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិត ទោះបីពេលនេះមិនទាន់មានពន្លឺក៏ដោយ ក៏យើងខ្ញុំសង្ឃឹមថា ថ្ងៃក្រោយលោកបណ្ឌិតនឹងទទួលបានយុត្ដិធម៌ពិត»។
ដោយសារលោកបណ្ឌិត កែម ឡី ជាមនុស្សស្និទ្ធនឹងខ្លួននោះ ប្រធានស្តីទីបក្សប្រឆាំងដែលទើបតែរួចពីទោស និងឈប់ឃុំខ្លួនឯងនៅស្នាក់ការបក្ស កាលពីដើមខែធ្នូ រូបនេះ បានរម្លឹកពីគំនិតរបស់លោក កែម ឡី ដែលធ្លាប់ផ្តល់ជូនឯកឧត្តមពីគោលនយោបាយវិមជ្ឈការ។ «ខ្ញុំនៅចងចាំជានិច្ចនូវអ្វីដែលយើងធ្លាប់បានពិភាក្សាគ្នាកន្លងមក អំពីបញ្ហាប្រទេសជាតិ បញ្ហាសង្គម និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសចុងក្រោយនេះ យើងបានជួបគ្នា និងប្រើពេលយ៉ាងយូរ ពិភាក្សាគ្នាលើគោលនយោបាយវិមជ្ឈការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ »។ ឯកឧត្តម កឹម សុខា រម្លឹកបែបនេះហើយ ក៏បន្តសរសេរគំនិតលោក កែម ឡី យ៉ាងនេះទៀតថា៖«លោកបណ្ឌិត បានផ្ដល់យោបល់មកខ្ញុំថា ដើម្បីវិមជ្ឈការអំណាចជូនដល់ប្រជាពលរដ្ឋ គឺយើងត្រូវធ្វើ វិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្ស និងវិមជ្ឈការសេវាសាធារណៈ»។
© រក្សាសិទ្ធិដោយ thmeythmey.com