ជាតិ
ធ្វើតេស្តទឹកនោម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រកសារធាតុញៀន
×
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើតេស្តទឹកនោម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីស្វែងរកសារធាតុញៀន ប្រសិនបើមានការសង្ស័យ។
ឆ្នាំ ២០១៧ ជាឆ្នាំដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់គោលដៅប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា។ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្រៅពីសិស្សសាលាដែលជាគោលដៅចម្បង ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀននោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ជាមុខសញ្ញា ដែលក្រុមការងាររបស់លោក ត្រូវធ្វើតេស្តទុកនោមរកសារធាតុញៀនដែរ នៅក្នុងករណីចាំបាច់។ «ពីព្រោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមួយចំនួន ក៏បានរកឃើញថា ជាប់ពាក់ព័ន្ធនិងសេពគ្រឿងញៀនផងដែរ»។ នេះជាការបញ្ជាក់របស់លោក គឹមយ៉ាន ដែលត្រូវបានស្រង់សម្តីមកចុះផ្សាយដោយគេហទំព័រអគ្គស្នងការនគរបាលជាតិ នៅពេលដែលលោកចូលរួមក្នុងពិធីបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ របស់រដ្ឋបាល ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៥ ខែមករា។
ជាមួយគ្នានេះ នៅក្នុងពិធីដដែលនោះ លោកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលដឹងថា កូនឬ សមាជិកគ្រួសាររបស់ខ្លួន សេពគ្រឿងញៀនហើយ ត្រូវប្រញាប់យកមកដាក់មណ្ឌលកែប្រែអប់រំ ។ លោកប្រាប់ប្រជាពលរដ្ឋយ៉ាងនេះថា៖«កុំចាំនៅពេលអ្នកសេពគ្រឿងញៀនរហូតបែកថ្នាំ បម្រុងធ្វើសកម្មភាពកាប់សម្លាប់ ឬប្រើអំពើហិង្សាមកលើក្រុមគ្រួសារទើបប្តឹងសមត្ថកិច្ចទៅចាប់ឃាត់ខ្លួននោះ»។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញរបាយការណ៍ថា បទល្មើសព្រហ្មទណ្ឌប្រមាណ៦០ភាគរយ ដែលកើតឡើនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំមុន ផ្តើមចេញនៃការប្រព្រឹត្តបទល្មើសដែលសេពគ្រឿងញៀន។
អំឡុង ឆ្នាំ២០១៦ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៤,១៩១ ករណី ក្នុងនោះបទល្មើសប្រើប្រាស់គ្រឿងញៀនជាង១ពាន់ករណី។ ចាប់ខ្លួនជនសង្ស័យសរុប៩,៨០២ នាក់ ក្នុងនោះអ្នកប្រើប្រាស់មានគ្រឿងញៀន ៣,៦១១នាក់ និងរឹបអូសគ្រឿងញៀនជាង១៧៥គីឡូក្រាម។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តួលេខនៃការសម្រង់អ្នកប្រើប្រាស់គ្រឿងញៀន មានចំនួន១៨,៥៥៤នាក់ កើនឡើង៤,២៤២នាក់ ស្មើនឹង២៩,៦៣ភាគរយ ធៀបនឹងពេលមុន៕
Tag:
កែ គឹមយ៉ាន
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com