ជាតិ
​ធ្វើតេស្ត​ទឹកនោម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក​សារធាតុ​ញៀន​
07, Jan 2017 , 6:59 pm        
រូបភាព
ដោយ:
 
 
​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹងធ្វើ​តេស្ត​ទឹកនោម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បី​ស្វែងរក​សារធាតុ​ញៀន ប្រសិនបើ​មានការ​សង្ស័យ​។


 
​ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដាក់​គោលដៅ​ប្រឆាំង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា ក្រៅពី​សិស្សសាលា​ដែលជា​គោលដៅ​ចម្បង ដើម្បី​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​នោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏​ជា​មុខសញ្ញា ដែល​ក្រុមការងារ​របស់លោក ត្រូវធ្វើ​តេស្ត​ទុក​នោម​រក​សារធាតុ​ញៀន​ដែរ នៅក្នុង​ករណី​ចាំបាច់​។ «​ពីព្រោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​មួយចំនួន ក៏បាន​រកឃើញថា ជាប់​ពាក់ព័ន្ធ​និង​សេព​គ្រឿងញៀន​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹមយ៉ាន  ដែល​ត្រូវបាន​ស្រង់​សម្តី​មក​ចុះផ្សាយ​ដោយ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ នៅពេលដែល​លោក​ចូលរួម​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ៥ ខែមករា​។​
 
​ជាមួយគ្នានេះ នៅក្នុង​ពិធី​ដដែល​នោះ លោក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ដឹងថា កូន​ឬ សមាជិកគ្រួសារ​របស់​ខ្លួន សេព​គ្រឿងញៀន​ហើយ ត្រូវ​ប្រញាប់​យកមក​ដា​ក់​មណ្ឌល​កែប្រែ​អប់រំ ។ លោក​ប្រាប់​ប្រជាពលរដ្ឋ​យ៉ាងនេះ​ថា​៖«​កុំ​ចាំ​នៅពេល​អ្នក​សេព​គ្រឿងញៀន​រហូត​បែក​ថ្នាំ បម្រុង​ធ្វើ​សកម្មភាព​កាប់សម្លាប់ ឬ​ប្រើ​អំពើហិង្សា​មកលើ​ក្រុមគ្រួសារ​ទើប​ប្តឹង​សមត្ថកិច្ច​ទៅ​ចាប់​ឃាត់ខ្លួន​នោះ​»​។​
 
​សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបង្ហាញ​របាយការណ៍​ថា បទល្មើស​ព្រហ្មទណ្ឌ​ប្រមាណ​៦០​ភាគរយ ដែល​កើត​ឡើ​នៅ​ទូទាំងប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំមុន ផ្តើមចេញ​នៃ​ការប្រព្រឹត្ត​បទល្មើស​ដែល​សេព​គ្រឿងញៀន​។  
 
​អំឡុង ឆ្នាំ​២០១៦ កន្លងទៅ សមត្ថកិច្ច​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​ចំនួន ៤,១៩១ ករណី ក្នុងនោះ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ជាង​១​ពាន់​ករណី​។ ចាប់ខ្លួន​ជនសង្ស័យ​សរុប​៩,៨០២ នាក់ ក្នុងនោះ​អ្នកប្រើប្រាស់​មាន​គ្រឿងញៀន ៣,៦១១​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១៧៥​គីឡូក្រាម​។ បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តួលេខ​នៃ​ការ​សម្រង់​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​ចំនួន​១៨,៥៥៤​នាក់ កើនឡើង​៤,២៤២​នាក់ ស្មើនឹង​២៩,៦៣​ភាគរយ ធៀប​នឹង​ពេលមុន​៕

Tag:
 កែ គឹមយ៉ាន​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com