អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ប្រហែល​កំពុង​រក​ច្រក​ចេញពី​ជម្លោះ​ប្រដាប់អាវុធ​ស៊ី​រី​?
07, Jan 2017 , 7:39 pm        
រូបភាព
​នាវា​ដឹក​យន្តហោះ​ចម្បាំង​រុស្ស៊ី Admiral Kuznetsov និង​ក្រុម​នាវាចម្បាំង​ផ្សេងទៀត​ដែល​បំពេញ​បេសកម្ម​នៅ​ស៊ី​រី​បាន​ចាក​ចេញពី​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ​ដើម្បី​ត្រឡប់មក​រុស្ស៊ី​វិញ​។ វា​បញ្ជាក់ថា រុស្ស៊ី​កំពុង​ព្យាយាម​កាត់បន្ថយ​វត្តមាន​កងទ័ព​របស់​ខ្លួន​នៅ​ស៊ី​រី និង​អាច​ត្រៀម​ដកខ្លួន​ចេញពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​ផង​ក៏​មិនដឹង​។


​កងទ័ពជើងទឹក​រុស្ស៊ី​បានសម្រេច​ប​ញ្ចូ​ន​នាវា​ដឹក​យន្តហោះ​វ័យ​ជរា​របស់ខ្លួន Admiral Kuznetsov និង​នាវាចម្បាំង​ផ្សេងទៀត​ពី​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​រុស្ស៊ី​វិញ​។ ការដក​សព្វាវុធ​នេះ​កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រេច​កាត់បន្ថយ​វត្តមាន​ទ័ព​នៅ​ស៊ី​រី ក្រោយ​ពេលដែល​ខ្លួន​ជួយ​រំដោះ​ទីក្រុង Aleppo បាន​ទាំងស្រុង​កាលពី​ចុងឆ្នាំ ២០១៦​កន្លងទៅនេះ​។​
 
​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​ដែល​ឈរជើង​នៅ​ស៊ី​រី​លោក Andrey Kartapolov បាន​អះអាងថា ក្រុម​នាវា​ច្បាំង​និង​នាវា​ដឹក​យន្តហោះ​ដែល​ត្រូវ​ចាក​ចេញពី​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ​នេះ​បាន​បញ្ជ​ប់​ប្រតិបត្តិការ​ដោយ​ជោគជ័យ​ហើយ​។​
 
​តាមពិតទៅ នាវា​ដឹក​យន្តហោះ  Admiral Kuznetsov និង​ក្រុម​នាវាចម្បាំង​ដែល​អមដំណើរ​ជាមួយគ្នា​នោះបាន​ទៅ​ឈរជើង​នៅ​ជិត​ប្រទេស​ស៊ី​រី​កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅ ហើយ​នាវា​ទាំងនេះ​បាន​ចូលរួម​បំពេញ​បេសកម្ម​យ៉ាងសកម្ម​បំផុត​ដើម្បី​ជួយ​ជ្រោមជ្រែង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ប្រឆាំង​ក្រុម​ឧទ្ទាម​ថែម​ទៀតផង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន TASS ការដក​កងទ័ព​រុស្ស៊ី​មួយចំនួន​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​ការសម្រេចចិត្ត​នេះ​ក៏​ធ្វើឡើង​ក្រោយ​ពេលដែល​រុស្ស៊ី​និង​អ៊ីរ៉ង់ រួមជាមួយ​តួ​ក​គី​សម្រេចបាន​បទ​ឈប់​បាញ់​មួយ​នៅក្នុង​ជម្លោះ​ស៊ី​រី​។ លោក ពូ​ទីន បាន​អះអាងថា បទ​ឈប់​បាញ់​ថ្មី​នេះ​មានតម្លៃ​ខ្លាំង​និង​អាច​ផ្តល់ឱកាស​ឲ្យ​ភាគី​ឈានទៅ​បញ្ចប់​ជម្លោះ​ដែល​កើតឡើង​រយៈពេល ៦​ឆ្នាំ​។ អាច​ថា ការប្រើប្រាស់​កម្លាំង​កន្ល​ង​មក​បាន​ត្រួស​ត្រាយផ្លូវ​ខ្លះៗ​រួចទៅហើយ​សម្រាប់​ការឈាន​ទៅ​ចរចា ហើយ​វា​ក៏​ដល់​ពេលដែល​គេ​ត្រូវ​ត្រឡប់មក​ប្រើប្រាស់​ផ្លូវ​ការទូត​និង​នយោបាយ​វិញ​ម្តង​ដើម្បី​ដោះស្រាយ​រឿង​នៅ​សេសសល់​។​
 
​តាមរយៈ​ការបង្កើត​បទ​ឈប់​បាញ់​នេះ  គេ​រំពឹងថា ក្រុម​ឧទ្ទាម និង រដ្ឋាភិបាល​ស៊ី​រី​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ដំណើរ​ការចរចា​ជាថ្មីទៀត​និង​ឈានទៅ​បង្កើត​ដំ ណោះ​ស្រាយ​នយោបាយ​។ កាលពី​ថ្មីៗ​នេះ ប្រមុខ​ការទូត​អាមេរិក​លោក ច​ន ឃែ​រី ក៏​សង្ឃឹមថា​ដំណោះ​ការចរចា​នឹង​អាច​ចាប់ផ្តើម​ឡើងវិញ ហើយ​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​កិច្ចចរចា​សន្តិភាព​ដែល​នឹងត្រូវ​រៀបចំឡើង​ដោយ​រុស្ស៊ី​នៅ​ក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន​ចុងខែ​មករា​នេះ​។​
 
 យ៉ាងណា​ក៏ដោយចុះ ការដក​កងទ័ព​ដោយ​ផ្នែក​នេះ​ជា​ទម្លាប់​និង​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​។ មហាអំណាច​មួយ​នេះ​មិនអាច​ឈរជើង​នៅ​ជម្លោះ​បរទេស​ដែល​រ៉ាំរ៉ៃ​យូរអង្វែង​ឡើយ​ព្រោះ​វា​អាចពាក់ព័ន្ធ​ការចំណាយ និង ផ្លូវ​ឈានទៅ​បញ្ចប់សង្គ្រាម​។ រុស្ស៊ី​មិនដែល​មានលទ្ធភាព​ខ្ពស់​ក្នុងការ​លូកលាន់​ក្នុង​ជម្លោះ​បរទេស​បានយូរ​អង្វែង​ដូច​សហរដ្ឋ​អា​មេ​រិ​កឡើ​យ ហើយ​រុស្ស៊ី​ខ្លួនឯង​ក៏​កំពុង​ត្រដាបត្រដួស​ដោយសារ​ប្រេង​ធ្លាក់​ថ្លៃ​និង​រង​ទណ្ឌកម្ម​របស់លោក​ខាងលិច​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ផង​។ ហើយ​ម្យ៉ាងវិញទៀត រុស្ស៊ី​តែងតែ​គិតគូ​ពី​អនាគត​នៃ​ជម្លោះ ហើយ​មហាអំណាច​មួយ​នេះ​ប្រុងប្រយ័ត្ន​បំផុត​នៅពេល​អន្តរាគមន៍​នៅ​បរទេស​។ រុស្ស៊ី​ខ្លាច​ផុងខ្លួន​នៅក្នុង​ជម្លោះ ដកខ្លួន​មិន​រួច​និង​ខាត​ប្រយោជន៍​ឥតអំពើ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com