អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ីប្រហែលកំពុងរកច្រកចេញពីជម្លោះប្រដាប់អាវុធស៊ីរី?
× នាវាដឹកយន្តហោះចម្បាំងរុស្ស៊ី Admiral Kuznetsov និងក្រុមនាវាចម្បាំងផ្សេងទៀតដែលបំពេញបេសកម្មនៅស៊ីរីបានចាកចេញពីតំបន់ម៉េឌីទែរ៉ាណេដើម្បីត្រឡប់មករុស្ស៊ីវិញ។ វាបញ្ជាក់ថា រុស្ស៊ីកំពុងព្យាយាមកាត់បន្ថយវត្តមានកងទ័ពរបស់ខ្លួននៅស៊ីរី និងអាចត្រៀមដកខ្លួនចេញពីសង្គ្រាមដ៏រ៉ាំរ៉ៃនេះផងក៏មិនដឹង។
កងទ័ពជើងទឹករុស្ស៊ីបានសម្រេចបញ្ចូននាវាដឹកយន្តហោះវ័យជរារបស់ខ្លួន Admiral Kuznetsov និងនាវាចម្បាំងផ្សេងទៀតពីតំបន់មេឌីទែរ៉ាណេទៅរុស្ស៊ីវិញ។ ការដកសព្វាវុធនេះកើតឡើងស្របពេលដែលរដ្ឋាភិបាលក្រុងមូស្គូសម្រេចកាត់បន្ថយវត្តមានទ័ពនៅស៊ីរី ក្រោយពេលដែលខ្លួនជួយរំដោះទីក្រុង Aleppo បានទាំងស្រុងកាលពីចុងឆ្នាំ ២០១៦កន្លងទៅនេះ។
មេបញ្ជាការកងទ័ពរុស្ស៊ីដែលឈរជើងនៅស៊ីរីលោក Andrey Kartapolov បានអះអាងថា ក្រុមនាវាច្បាំងនិងនាវាដឹកយន្តហោះដែលត្រូវចាកចេញពីតំបន់ម៉េឌីទែរ៉ាណេនេះបានបញ្ជប់ប្រតិបត្តិការដោយជោគជ័យហើយ។
តាមពិតទៅ នាវាដឹកយន្តហោះ Admiral Kuznetsov និងក្រុមនាវាចម្បាំងដែលអមដំណើរជាមួយគ្នានោះបានទៅឈរជើងនៅជិតប្រទេសស៊ីរីកាលពីពាក់កណ្តាលខែតុលាកន្លងទៅ ហើយនាវាទាំងនេះបានចូលរួមបំពេញបេសកម្មយ៉ាងសកម្មបំផុតដើម្បីជួយជ្រោមជ្រែងកងទ័ពរដ្ឋាភិបាលស៊ីរីប្រឆាំងក្រុមឧទ្ទាមថែមទៀតផង។
យោងតាមទីភ្នាក់ងារព័ត៌មាន TASS ការដកកងទ័ពរុស្ស៊ីមួយចំនួននេះធ្វើឡើងតាមបទបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយការសម្រេចចិត្តនេះក៏ធ្វើឡើងក្រោយពេលដែលរុស្ស៊ីនិងអ៊ីរ៉ង់ រួមជាមួយតួកគីសម្រេចបានបទឈប់បាញ់មួយនៅក្នុងជម្លោះស៊ីរី។ លោក ពូទីន បានអះអាងថា បទឈប់បាញ់ថ្មីនេះមានតម្លៃខ្លាំងនិងអាចផ្តល់ឱកាសឲ្យភាគីឈានទៅបញ្ចប់ជម្លោះដែលកើតឡើងរយៈពេល ៦ឆ្នាំ។ អាចថា ការប្រើប្រាស់កម្លាំងកន្លងមកបានត្រួសត្រាយផ្លូវខ្លះៗរួចទៅហើយសម្រាប់ការឈានទៅចរចា ហើយវាក៏ដល់ពេលដែលគេត្រូវត្រឡប់មកប្រើប្រាស់ផ្លូវការទូតនិងនយោបាយវិញម្តងដើម្បីដោះស្រាយរឿងនៅសេសសល់។
តាមរយៈការបង្កើតបទឈប់បាញ់នេះ គេរំពឹងថា ក្រុមឧទ្ទាម និង រដ្ឋាភិបាលស៊ីរីដោយមានការចូលរួមពីភាគីពាក់ព័ន្ធនឹងចាប់ផ្តើមដំណើរការចរចាជាថ្មីទៀតនិងឈានទៅបង្កើតដំ ណោះស្រាយនយោបាយ។ កាលពីថ្មីៗនេះ ប្រមុខការទូតអាមេរិកលោក ចន ឃែរី ក៏សង្ឃឹមថាដំណោះការចរចានឹងអាចចាប់ផ្តើមឡើងវិញ ហើយលោកមានសុទិដ្ឋិនិយមចំពោះកិច្ចចរចាសន្តិភាពដែលនឹងត្រូវរៀបចំឡើងដោយរុស្ស៊ីនៅក្រុង Astana ប្រទេសកាហ្សាក់ស្ថានចុងខែមករានេះ។
យ៉ាងណាក៏ដោយចុះ ការដកកងទ័ពដោយផ្នែកនេះជាទម្លាប់និងជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។ មហាអំណាចមួយនេះមិនអាចឈរជើងនៅជម្លោះបរទេសដែលរ៉ាំរ៉ៃយូរអង្វែងឡើយព្រោះវាអាចពាក់ព័ន្ធការចំណាយ និង ផ្លូវឈានទៅបញ្ចប់សង្គ្រាម។ រុស្ស៊ីមិនដែលមានលទ្ធភាពខ្ពស់ក្នុងការលូកលាន់ក្នុងជម្លោះបរទេសបានយូរអង្វែងដូចសហរដ្ឋអាមេរិកឡើយ ហើយរុស្ស៊ីខ្លួនឯងក៏កំពុងត្រដាបត្រដួសដោយសារប្រេងធ្លាក់ថ្លៃនិងរងទណ្ឌកម្មរបស់លោកខាងលិចរយៈពេលប៉ុន្មានឆ្នាំមកនេះផង។ ហើយម្យ៉ាងវិញទៀត រុស្ស៊ីតែងតែគិតគូពីអនាគតនៃជម្លោះ ហើយមហាអំណាចមួយនេះប្រុងប្រយ័ត្នបំផុតនៅពេលអន្តរាគមន៍នៅបរទេស។ រុស្ស៊ីខ្លាចផុងខ្លួននៅក្នុងជម្លោះ ដកខ្លួនមិនរួចនិងខាតប្រយោជន៍ឥតអំពើ៕
© រក្សាសិទ្ធិដោយ thmeythmey.com